ភ្នំពេញៈ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានស្នើឱ្យអាជ្ញាធរខេត្តកំពត និងកែប ត្រូវតែខិតខំពង្រឹងការគ្រប់គ្រងនិងអភិរក្សដីស្រែអំបិលឱ្យមាននិរន្តរភាព និងជំរុញការផលិតអំបិលដែលជាទំនិញយុទ្ធសាស្ត្រមួយសម្រាប់បម្រើឱ្យការប្រើប្រាស់ប្រចាំថ្ងៃ។
ថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី ២១ ខែកុម្ភៈ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា ការគ្រប់គ្រង និងអភិរក្សដីស្រែអំបិល គឺជាការងារចាំបាច់ដែលត្រូវតែយកចិត្តទុកដាក់ ខណៈរដ្ឋាភិបាលបានចាត់ទុកអំបិលគឺជាទំនិញយុទ្ធសាស្ត្រសម្រាប់ប្រទេស។ ជាមួយគ្នានេះអាជ្ញាធរក៏ត្រូវមានវិធានការដោះស្រាយចំពោះដីស្រែអំបិលណាដែលមិនសក្តានុពលផងដែរ។
លោកបានថ្លែងថា៖ «ត្រូវបន្តការយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងការគ្រប់គ្រង និងការអភិរក្សដីស្រែអំបិលដែលជាកេរដំណែលពីដូនតា និងជំរុញការផលិតអំបិលដែលរដ្ឋាភិបាលចាត់ទុកជាទំនិញយុទ្ធសាស្ត្រឱ្យដើរព្រមគ្នានឹងវិធានការដោះស្រាយបញ្ហាដីស្រែអំបិលដែលមិនមានសក្តានុពល»។
ខេត្តកំពត និងកែប គឺជាទីតាំងផលិតអំបិលក្នុងប្រទេសកម្ពុជា ដោយក្នុងឆ្នាំ ២០២៣ ផ្ទៃដីធ្វើស្រែអំបិលក្នុងខេត្តទាំង ២ មានប្រហាក់ប្រហែលឆ្នាំ ២០២២ គឺទំហំ ៤ ៧៤៨ ហិកតា។ សម្រាប់ខេត្តកំពត ផលអំបិលប្រមូលបានក្នុងឆ្នាំ ២០២៣ គឺមានជិត ៨ ម៉ឺនតោន និងខេត្តកែប បានប្រមាណ ៣ ០០០ តោន។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ធ្លាប់បានឱ្យដឹងថា ក្នុង ១ ឆ្នាំៗកម្ពុជាត្រូវការអំបិលចន្លោះពី ៧-១០ ម៉ឺនតោន ដើម្បីបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុក។
ប្រធានសមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្ត្រទំនិញអំបិលកំពត កែប លោក ប៊ុន ណារិន បាននិយាយថា ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី គឺពិតជាមានអត្ថន័យធំធេងសម្រាប់អ្នកផលិតអំបិល ព្រោះវាជាការលើកទឹកចិត្តឱ្យកសិករខិតខំពង្រឹង និងពង្រីកការផលិតរបស់ខ្លួនឱ្យកាន់តែច្រើន។ លោកបន្តថា ដោយសារអំបិលជាផលិតផលដែលមានតម្រូវការប្រើប្រាស់ប្រចាំថ្ងៃដូច្នេះការមានឯករាជភាពខ្លួនឯងគឺមានសារៈសំខាន់ណាស់ ដើម្បីជួយឱ្យកម្ពុជាចៀសផុតពីការពឹងផ្អែកលើការនាំចូលពីក្រៅប្រទេស។
លោកប្រាប់ទៀតថា នៅពេលប្រទេសមួយមិនមានឯករាជភាពលើមុខទំនិញជាផលិតផលចំណីអាហារ គឺតែងតែជួបបញ្ហាខ្លាំងនៅពេលចរន្តនយោបាយ និងសេដ្ឋកិច្ចមានវិបត្តិ។ ជាក់ស្តែងសង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន គឺបង្កើតឧបសគ្គជាច្រើនសម្រាប់ប្រទេសមួយចំនួនដែលពឹងផ្អែកទៅលើការនាំចូលពីប្រទេសរុស្ស៊ី និងអ៊ុយក្រែន។
លោកថ្លែងថា៖ «នៅក្នុងនាមសមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្ត្រទំនិញអំបិលកំពត កែប យើងពិតជារីករាយ និងចង់បានការជួយគាំទ្រទាំងផ្នែកស្មារតី និងបច្ចេកទេសពីអាជ្ញាធរ និងផ្នែកពាក់ព័ន្ធដើម្បីជំរុញការផលិតអំបិលធម្មជាតិដែលមានគុណភាពសម្រាប់បំពេញតម្រូវការប្រើប្រាស់ក្នុងស្រុក និងនាំចេញទៅទីផ្សារអន្តរជាតិ»។
លោកប្រាប់ទៀតថា ការរក្សា និងអភិរក្សមុខរបរ និងដីស្រែអំបិល គឺជាការល្អ ព្រោះតាមការស្រាវជ្រាវតាមសិលាចារឹកកន្លងមក គេរកឃើញថា ដូនតាខ្មែរចេះផលិតអំបិលតាំងពីមុនសតវត្សរ៍ទី៧ មកម្ល៉េះ ដោយក្នុងឯកសារប្រវត្តិសាស្ត្រមួយចំនួនបានសរសេររៀបរាប់ពីការយកពន្ធអំបិល ការផ្លាស់ប្តូរអំបិលជាមួយទំនិញ ឬអាវុធយុទ្ធភណ្ឌជាមួយប្រទេសផ្សេងៗទៀតផង។
បើតាមលោក ណារិន ការប្រមូលផលអំបិលក្នុងឆ្នាំ ២០២៤ នេះនឹងមានបរិមាណខ្ពស់ជាងឆ្នាំ ២០២៣ ដោយគិតត្រឹមថ្ងៃទី ១៥ ខែកុម្ភៈ ទិន្នផលអំបិលដែលខេត្តកំពត និងកែបផលិតបានមានជាង ២,១ ម៉ឺនតោន។
លោកអះអាងថា៖ «ប្រសិនបើអាកាសធាតុក្នុងឆ្នាំ ២០២៤ នេះមានកម្រិតកម្តៅខ្ពស់ដូចការព្យាកររបស់ក្រសួងជំនាញ ខ្ញុំគិតថាផលអំបិលដែលកម្ពុជាប្រមូលបាននឹងមានលើសពី ១០ ម៉ឺនតោន»។
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ហែម វណ្ណឌី ក្នុងវេទិកាពិភាក្សា «អាទិភាពការងាររបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» កាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៤ បានលើកឡើងថា ផលិតកម្មអំបិលក្នុងស្រុកបានដើរតួនាទីសំខាន់ក្នុងការបង្កើតការងារសម្រាប់ប្រជាកសិករ និងជាគ្រឿងផ្សំក្នុងចំណីអាហារផងដែរ។ រដ្ឋាភិបាលតែងលើកទឹកចិត្តឱ្យប្រជាកសិករផលិតអំបិលឱ្យបានច្រើន ព្រមទាំងបានដាក់ចេញនូវវិធានការគាំទ្រជាច្រើនដើម្បីអភិវឌ្ឍផលិតកម្មអំបិល។
ឆ្នាំ ២០១៤, ២០១៥ និងឆ្នាំ ២០១៦ គឺជាពេលដែលកម្ពុជាប្រមូលផលអំបិលបានច្រើនដោយក្នុង ១ ឆ្នាំៗជាង ១០ ម៉ឺនតោន។ ទោះយ៉ាងណា ក្នុងឆ្នាំ ២០២២ កម្ពុជាបាននាំចូលអំបិលធម្មជាតិពីប្រទេសឥណ្ឌាប្រមាណជិត ២ ម៉ឺនតោនដើម្បីបំពេញតម្រូវការនៅក្នុងស្រុក ខណៈកត្តាអាកាសធាតុធ្វើឱ្យទិន្នផលប្រមូលបាននៅក្នុងឆ្នាំ ២០២២ ស្ថិតក្នុងរង្វង់ ៤ ម៉ឺនតោន។ ក្នុងឆ្នាំ ២០១៩ កម្ពុជាក៏បាននាំចូលអំបិលប្រមាណ ១ ម៉ឺនតោនផងដែរ៕