ក្រុមហ៊ុន China Metro Group បានបង្ហាញឆន្ទៈក្នុងការជំរុញឱ្យប្រព័ន្ធដឹកជញ្ជូនដោយរថភ្លើងធុនស្រាល (LRT) នៅកម្ពុជាលេចរូបរាងឡើងឆាប់ៗ ដើម្បីរួមចំណែកក្នុងការកាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍ និងផ្តល់នូវជម្រើសបន្ថែមក្នុងការធ្វើដំណើរជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរផងដែរ។
ការបង្ហាញឆន្ទៈបែបនេះ ធ្វើឡើងតាមរយៈជំនួបរវាងលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក លី ខ័រ (Mr. Li Kuo) អគ្គនាយកក្រុមហ៊ុន China Metro Group នៃប្រទេសចិន ព្រមទាំងសហការី បានចូលជួបពិភាក្សាការងារពីគម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាល កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។
បើតាមក្រសួងសាធារណការ បានឱ្យដឹងតាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួនថា ក្នុងជំនួបនេះ ភាគីខាងអគ្គនាយកក្រុមហ៊ុន បានបញ្ជាក់ជូនរដ្ឋមន្ត្រីក្រសួងសាធារណការ អំពីវឌ្ឍនភាពនៃការសិក្សារបស់ក្រុមហ៊ុនលើគម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាលចំនួនពីរខ្សែគឺ ទី១ គម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប-អង្គរ ទៅកាន់ក្រុងសៀមរាប និងទី២ គម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ មកកាន់រាជធានីភ្នំពេញ។
ជាការឆ្លើយតប លោក ប៉េង ពោធិ៍នា បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន ដែលបានបង្ហាញការប្ដេជ្ញាចិត្តខ្ពស់ក្នុងការសិក្សាគម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាលទាំងពីរខ្សែខាងលើនេះ ដោយសង្ឃឹមថាភាគីក្រុមហ៊ុន នឹងជំរុញឱ្យគម្រោងទាំងពីរនេះ អាចលេចរូបរាងក្នុងពេលឆាប់ៗខាងមុខនេះ។
លោកបានថ្លែងបន្ថែមថា៖ «ក្រសួងរំពឹងថា គម្រោងទាំងពីរនេះ នឹងរួមចំណែកក្នុងការកាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍ និងផ្តល់នូវជម្រើសបន្ថែមក្នុងការធ្វើដំណើរ ជូនដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាភ្ញៀវទេសចរផងដែរ»។
លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ឱ្យដឹងដែរថា ក្នុងជំនួបពិភាក្សានេះ គឺក្រុមហ៊ុន China Metro គ្រាន់តែបានបង្ហាញអំពីវឌ្ឍនភាពនៃការសិក្សាលើគម្រោងទាំងពីរនេះទៅកាន់ថ្នាក់ដឹកនាំក្រសួងប៉ុណ្ណោះ។ ដូច្នេះហើយបច្ចុប្បន្ននេះ លោកថា គម្រោងទាំងពីរស្ថិតក្នុងដំណាក់កាលដែលក្រុមហ៊ុនកំពុងសិក្សានៅឡើយ ដែលមិនទាន់អាចដឹងចំនួនថវិកាប៉ុន្មាន ដើម្បីចំណាយក្នុងការសាងសង់ ក៏ដូចជាមិនទាន់ដឹងថា គម្រោងទាំងពីរនេះ នឹងត្រូវចាប់ផ្ដើមសាងសង់នៅពេលណាកំណត់នៅឡើយ។
លោកថ្លែងបញ្ជាក់ថា៖ «ការសាងសង់ផ្លូវរថភ្លើងធុនស្រាលនេះ គឺដើម្បីបម្រើឱ្យបងប្អូនប្រជាពលរដ្ឋជាអ្នកធ្វើដំណើរក្នុងទីក្រុង ក៏ដូចជាតំបន់ទីប្រជុំជន ឬភ្ជាប់ទៅព្រលានយន្តហោះជាដើម។ ហើយគោលបំណងធំនៃគម្រោងនេះ គឺសម្រាប់បម្រើលើការងារដឹកជញ្ជូនអ្នកដំណើរ»។
លោកបានលើកឡើងថា នៅក្រៅប្រទេសជាក់ស្តែងការធ្វើដំណើរតាមរថភ្លើងធុនស្រាល បានធ្វើឱ្យអ្នកដំណើរ ចំណេញពេលវេលា និងទទួលបានសុខសុវត្ថិភាព ផាសុកភាព ជាពិសេសគឺរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ខណៈការធ្វើដំណើរតាមរថយន្តក្នុងទីក្រុងវិញ គឺវាបានធ្វើឱ្យអ្នកដំណើរចំណាយពេលវេលាច្រើន និងមានការកកស្ទះចរាចរណ៍ជាដើម៕