អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងដាក់ឱ្យអនុវត្ត គម្រោងសំខាន់ៗចំនួន ៣ នាខែមីនា ឆ្នាំ ២០២៤ ខាងមុខនេះ ដើម្បីជំរុញបន្ថែមលើការប្រើប្រាស់ប្រព័ន្ធឌីជីថល ដែលនឹងសម្រួលលើនីតិវិធីពាណិជ្ជកម្ម និងការបញ្ចេញទំនិញពីគយ។
នៅក្នុងកិច្ចប្រជុំលើកទី៨ នៃគណៈកម្មការដឹកនាំគម្រោងធ្វើទំនើបកម្មប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ កាលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ លោក សែ សុឃន អគ្គនាយករងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា មានវិធានការក្នុងការជំរុញការអនុវត្តនីតិវិធីគយ ក្នុងទម្រង់អេឡិចត្រូនិក និង នីតិវិធីបំពេញបែបបទគយមុនពេលទំនិញមកដល់ ដែលនឹងរួមចំណែកក្នុងការធ្វើទំនើបកម្មប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយនិងការធ្វើសាមញ្ញកម្មនីតិវិធីគយ ដែលគ្រោងនឹងដាក់ឱ្យអនុវត្តនៅខែមីនា ឆ្នាំ ២០២៤ ខាងមុខនេះ។
លោកបានបញ្ជាក់ថា៖ «គម្រោងទាំង៣នោះរួមមានទី១ គម្រោងឌីជីថលនីយកម្មលើពាណិជ្ជកម្មតាមផ្លូវសមុទ្រ (DGMT), ទី២ គម្រោង ឌីជីថលនីយកម្មសម្រាប់កញ្ចប់បញ្ញើរហ័ស (DGT), និងទី៣ មុខងារប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ ដើម្បីធ្វើឌីជីថលនីយកម្មការបំពេញបែបបទបញ្ចេញទំនិញពីគយ»។
លោកបានបន្ថែមថា ការដាក់ឱ្យដំណើរការសាកល្បងមុខងារតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយជាមួយប្រព័ន្ធ UPU-CDS របស់ប្រៃសណីយ៍កម្ពុជា កាលពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងមក ទទួលបានលទ្ធផលល្អប្រសើរ ដោយ (អគរ) នឹងជំរុញលើការងារនេះបន្ថែមទៀត។
នាឱកាសនោះដែរ តំណាងដៃគូអភិវឌ្ឍន៍ ដែលមកពីទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ) និងអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្មនិងការអភិវឌ្ឍ (UNCTAD) រួមទាំងអ្នកជំនាញការ បានកត់សម្គាល់ឃើញថា គម្រោងមានវឌ្ឍនភាពល្អប្រសើរ ប៉ុន្តែក៏នៅមានបញ្ហាប្រឈម និងការងារសេសសល់មួយចំនួន ដែលតម្រូវឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមដោះស្រាយនិងអនុវត្តឱ្យបានទាន់ពេលវេលាកំណត់។
លោក សែ សុឃន បានលើកឡើងដែរថា លទ្ធផលនេះ បានមកពីកិច្ចសហការល្អ និងការខិតខំប្រឹងប្រែងរបស់អ្នកជំនាញការ និងក្រុមការងារ, ជាពិសេស GIZ / ARISE Plus, និង UNCTAD ដែលបានជួយគាំទ្រទាំងផ្នែកប្រឹក្សាយោបល់លើនីតិវិធី និង ផ្នែកបច្ចេកទេស ដើម្បីឱ្យគម្រោងទាំងនេះអាចលេចចេញជារូបរាងបាន ព្រមទាំងបានលើកទឹកចិត្តឱ្យក្រុមការងារពាក់ព័ន្ធបន្តធ្វើការជាមួយគ្នាទៀត ដើម្បីសម្រេចលទ្ធផលតាមការរំពឹងទុក។
យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) ចំណូលផ្នែកពន្ធគយ ក្នុងឆ្នាំ ២០២៣ កន្លងទៅ ប្រមូលបានប្រមាណ ៩ ២៦៧,៤៨ ប៊ីលានរៀល ឬស្មើនឹង ២ ២៨៨ លានដុល្លារ ថយចុះប្រមាណ ១៥,៧ ភាគរយ ធៀបនឹងចំណូលក្នុងឆ្នាំ ២០២២។ ចំណូលដែលប្រមូលបានក្នុងឆ្នាំ ២០២៣ ប្រមាណ ២ ២៨៨,២៧ លានដុល្លារនេះ គឺសម្រេចបាន ៨២,៤ ភាគរយ នៃផែនការដែលកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣៕