ក្រសួងពាណិជ្ជកម្ម សហការ​ជាមួយ​រដ្ឋបាល​ខេត្តសៀមរាប បានរៀបចំ​ការតាំងពិព័រណ៍​ផលិតផល​ខ្មែរ និង​បន្លែ​ផ្លែឈើ លើក​ទី​១៧ និង​យុទ្ធនាការ​លើកកម្ពស់​ត​ម្បា​ញ និង​ការប្រើប្រាស់​ផលិតផល​សូត្រ​កម្ពុជា បាន​ប្រព្រឹត្តទៅ​យ៉ាង​ឱឡារិក​នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប ក្នុង​រយៈពេល​ ៤​ ថ្ងៃ​នា​ខេត្តសៀមរាប ដើម្បី​ជំរុញ​ការប្រើប្រាស់ និង​គាំទ្រ​ផលិតផល​នៅក្នុង​ស្រុក ។​
 
​ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ព្រឹត្តិការណ៍​ពិព័រណ៍​ផលិតផល​ខ្មែរ​នេះ ត្រូវបាន​សម្ពោធ​បើក​ជា​ផ្លូវការ កាលពី​ថ្ងៃទី ​២២ ខែកុម្ភៈ ឆ្នាំ​ ២០២៤ ដោយ​ធ្វើឡើង​រយៈពេល ៤​ ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី ​២២-២៥ ខែកុម្ភៈ ឆ្នាំ​ ២០២៤​។

ថ្លែង​ក្នុង​ពិធី​នោះដែរ លោក ម៉ៅ ថូ​រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​លើកឡើងថា យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ពាណិជ្ជកម្ម​របស់​ក្រសួងពាណិជ្ជកម្ម ខណៈ​ផលិតផល​របស់​ខ្មែរ​មាន​វត្តមាន​នៅលើ​ទីផ្សារ​កាន់តែច្រើន ទាំង​ទីផ្សារ​ក្នុងស្រុក ហាង​លក់ទំនិញ​ក្នុង​អាកាសយានដ្ឋាន និង​ទីផ្សារ​នៅ​បរទេស និង​មានការ​រីកចម្រើន​ទៅមុខ​ទាំង​គុណភាព សុវត្ថិភាព សោភ័ណភាព​និង​អនាម័យ ដែល​អាច​ទុកចិត្តបាន​សម្រាប់​អ្នកប្រើប្រាស់​ទូទៅ​។

លោក​បាន​បញ្ជាក់ថា​៖ «​យុទ្ធនាការ ប្រើប្រាស់​សូត្រ​កម្ពុជា គឺជា​សំឡេង​ជួង​ដាស់​ស្មារតី​ប្រជាជន​កម្ពុជា​ឱ្យ​ងាក​មក​ចូលរួម​គាំទ្រ និង​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក​ជំនួស​ទំនិញ​នាំចូល​ពី​បរទេស​ជា​ជំហានៗ ពិសេស​សូត្រ​របស់​ខ្មែរ​។ តាមរយៈ​ការរៀបចំ​យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ​ចំនួន​៨​រដូវ​កាល​កន្លងមកនេះ បាន​ជួយ​ពង្រឹង​ខ្សែ​ច្រវាក់​ផលិតកម្ម​ក្នុងស្រុក​ជា​បណ្តើរៗ ហើយ​ផលិតករ​កម្ពុជា ក៏មាន​ចំណេះដឹង ចំណេះធ្វើ និង​ទទួលបាន​បទពិសោធន៍​ល្អៗ​ជាច្រើន សម្រាប់​ពង្រឹង និង​ពង្រីក​ផលិតកម្ម អភិវឌ្ឍន៍​ផលិតផល និង​សេវា​របស់ខ្លួន​បម្រើឱ្យ​ទីផ្សារ​»​។

លោក​បាន​បន្ថែមថា វិស័យ​ពាណិជ្ជកម្ម បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច និង​សង្គម ហើយ​ការអភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម នៅតែ​ជា​ចំណុច​អាទិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា នៅក្នុង​អភិក្រម​សេដ្ឋកិច្ច​ទីផ្សារសេរី ស្របតាម​យុទ្ធសាស្ត្រ បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

«​ទាក់ទង​នឹង​ផលិតផល​សូត្រ រាជរដ្ឋាភិបាល​កម្ពុជា បានកំណត់​យក​វិស័យ​សូត្រ​ជា​វិស័យ​សំខាន់​មួយ​ក្នុងចំណោម​ផលិតផល​សំខាន់​ចំនួន​ទាំង ​១០ សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​កម្ពុជា ដោយ​សង្កត់ធ្ងន់​លើ​ការអភិរក្ស​ប្រពៃណី​វប្បធម៌​ខ្មែរ កាត់បន្ថយ​ភាពក្រីក្រ​នៅ​មូលដ្ឋាន ព្រមទាំង​ការលើកកម្ពស់​វិស័យ​សូត្រ​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ​ផងដែរ​»​។ នេះ​បើតាម លោក ម៉ៅ ថូ​រ៉ា បន្ថែម​។

សូមជម្រាបថា ការរៀបចំ​ពិព័រណ៍​ផលិតផល​ខ្មែរ ឆ្នាំ ​២០២៤ ​នេះ បាន​ទាក់ទាញ​អាជីវករ ផលិតករ អ្នកផ្គត់ផ្គង់ អ្នក​កែច្នៃ ម្ចាស់​កសិដ្ឋាន អង្គការ សមាគម​អាជីវកម្ម និង​សហគមន៍​ផលិត​បន្លែ​ផ្លែឈើ​ខ្មែរ​ក្នុង​ខេត្តសៀមរាប និង​មកពី​រាជធានី​-​ខេត្ត ចំនួន​ ១៦ បាន​នាំយក​ផលិតផល កសិផល មក​ចូលរួម​ដាក់តាំង​បង្ហាញ និង​ស្វែងរក​ដៃគូ​ពាណិជ្ជកម្ម​នាឱកាស​នេះ​។​ចំពោះ​ផលិតផល​ដែល​បាន​ដាក់តាំង​បង្ហាញ រួមមាន បន្លែ​ផ្លែឈើ​ស្រស់ ដំណាប់ ផ្លែឈើ​ក្រៀម គ្រាប់​ធញ្ញជាតិ​ចម្រុះ អង្ករ ស្វាយចន្ទី ម្រេច ដំឡូង​មី ម្ហូបអាហារ​កែច្នៃ វត្ថុ​អនុស្សាវរីយ៍ និង​ផលិតផល​ធ្វើ​ពី​សូត្រ​ជាដើម ដែលមាន​ក្រុមហ៊ុន​/​សហគ្រាស​ចូលរួម​ចំនួន​ជាង​ ១១៣ និង​មាន​ស្តង់​ពិព័រណ៍​សរុប​ចំនួន ១២៥​ ស្តង់​៕​