
នាវាទេសចរណ៍ ឈ្មោះ CRYSTAL SYMPHONY ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីថ្ងៃទី ១៨ ខែកុម្ភៈ។ រូបថត PSA
រយៈពេលជិត ២ ខែ ដើមឆ្នាំ ២០២៤ កម្ពុជាទទួលបានទេសចរចំនួន ៨ ៤១៩ នាក់ ដែលធ្វើដំណើរកម្សាន្តតាមនាវាខ្នាតយក្ស ចំនួន ១០ លើក ខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សង្ឃឹមថា តាមរយៈកម្មវិធីពិសេសជំរុញការវិនិយោគ ខេត្តព្រះសីហនុ ឆ្នាំ២០២៤ នឹងអាចទាក់ទាញវិនិយោគិន និងអ្នកទេសចរ កាន់តែច្រើនថែមទៀត។
នាវាដឹកអ្នកទេសចរកម្សាន្តទាំង ១០ លើកនោះរួមមាន នាវា SEABOURN ENCORE ចំនួន ៤ លើក,WESTERDAM , RIVIERA, AIDA BELLA, SEVEN SEAS EXPLORER, CRYSTAL SYMPHONY និងនាវា LE JAQQUES CARTER ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី ២៤ ខែកុម្ភៈនេះថា៖ «អរគុណដល់សុខសន្តិភាពរបស់កម្ពុជា ដែលផ្ដល់នូវបរិស្ថាន និងអារម្មណ៍សុវត្ថិភាពដល់អ្នកទេសចរ អាចធ្វើការកម្សាន្តលម្ហែ និងសិក្សាអំពីកម្ពុជា ប្រកបដោយអនុស្សាវរីយ៍ល្អៗ មិនអាចបំភ្លេចបាន ពិសេស តាមរយៈបដិសណ្ឋារកិច្ចដ៏ល្អរបស់កម្ពុជា ព្រមទាំងរដ្ឋបាលខេត្តព្រះសីហនុ និងអាជ្ញាធរពាក់ព័ន្ធ ដែលបន្តទាក់ទាញអ្នកទេសចរអន្តរជាតិជាបន្តបន្ទាប់ តាមរយៈសក្តានុពលសម្បូរបែបឥតគណនារបស់កម្ពុជា និយាយជារួម និងខេត្តព្រះសីហនុ និយាយដាច់ដោយឡែក»។

លោកសង្ឃឹមដែរថា តាមរយៈកម្មវិធីពិសេសជំរុញការវិនិយោគ ខេត្តព្រះសីហនុ ឆ្នាំ ២០២៤ នឹងអាចទាក់ទាញវិនិយោគិន និងអ្នកទេសចរ កាន់តែច្រើនថែមទៀត ដោយរដ្ឋាភិបាល បន្តការយកចិត្តទុកដាក់ខ្ពស់ ក្នុងការរៀបចំខេត្តព្រះសីហនុ ឱ្យក្លាយជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង និងជាច្រករបៀងសេដ្ឋកិច្ច និងទេសចរណ៍ ដែលជាតំបន់យុទ្ធសាស្ត្រសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា។
ពាក់ព័ន្ធកំណើនភ្ញៀវទេសចរតាមនាវានេះ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ស្នើឱ្យអាជីវករចូលរួមផ្ដល់សេវាកម្មឱ្យបានល្អ និងតម្លៃសមរម្យ ក៏ដូចជាថែរក្សាអនាម័យ បរិស្ថាន ដើម្បីឱ្យភ្ញៀវទេសចរមកកម្សាន្ដប្រកបដោយភាពរីករាយ នឹងត្រឡប់មកលេងកម្សាន្ដនៅកម្ពុជាពេលក្រោយទៀត៕