បន្ទាយមានជ័យៈ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានលើកឡើងថាលោកនិងក្រុមការងារ CDC កំពុងស្វែងរកដំណោះស្រាយទាក់ទងនឹងបញ្ហាការនាំចេញទំនិញនៅច្រកអន្តរជាតិស្ទឹងបត់មានភាពយឺតយ៉ាវ និងការស្នើដោយវិនិយោគិននៅតំបន់សេដ្ឋកិច្ចពិសេសក្រុងប៉ោយប៉ែត។
ដំណើរទស្សនកិច្ចនេះត្រូវបានរៀបចំឡើងស្របតាមស្មារតីនៃអង្គប្រជុំលើកទី២៧ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ រវាងកម្ពុជា-ជប៉ុន ដើម្បីឱ្យភាគីជប៉ុនតាមរយៈ JICA អាចទទួលបាននូវវឌ្ឍនភាពច្បាស់លាស់ជាក់ស្ដែង នៃគម្រោងសាងសង់ច្រកទ្វារអន្តរជាតិស្ទឹងបត់-បានណងអៀន។
នៅក្នុងពេលផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ក្នុងអំឡុងពេលចុះទៅពិនិត្យគម្រោងសាងសង់ច្រកទ្វារអន្តរជាតិស្ទឹងបត់-បានណងអៀន និងវឌ្ឍនភាពនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ក្នុងខេត្តបន្ទាយមានជ័យ កាលថ្ងៃទី២៤ ខែកុម្ភៈ លោក ស៊ុន ចាន់ថុល បានលើកឡើងថា គិតត្រឹមខែសីហា ឆ្នាំ២០២៣កន្លងទៅ ភាគីកម្ពុជាបានបញ្ចប់រួចរាល់ ១០០ ភាគរយ លើការសាងសង់ច្រកទ្វារអន្តរជាតិស្ទឹងបត់-បានណងអៀន ដែលជាច្រកខាងភាគីកម្ពុជា ព្រមទាំងបានអនុញ្ញាតឱ្យយានយន្តអាចដឹកទំនិញឆ្លងកាត់ច្រកទ្វារអន្តរជាតិនេះបាន។
លោកបានបន្តថា ប៉ុន្តែយ៉ាងណាមិញ ច្រកទ្វារអន្តរជាតិនេះនៅពុំទាន់អាចដាក់ឱ្យប្រើប្រាស់ជាផ្លូវការបាននៅឡើយទេ ដោយហេតុថាត្រូវរង់ចាំភាគីថៃបញ្ចប់នីតិវិធីផ្ទៃក្នុង និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅច្រកទ្វាររបស់ខ្លួន។
លោកបានបញ្ជាក់ថា៖«រៀងរាល់៦ខែម្តងយើងតែប្រជុំជាមួយភាគីជប៉ុន ហើយជប៉ុនតែងលើកឡើងនូវការលំបាក ការយឺតយ៉ាវនាំទំនិញចេញចូលនៅច្រកអន្តរជាតិប៉ោយប៉ែត និងច្រកបាវិត ទើបយើងចុះមកពិនិត្យនៅច្រកស្ទឹងបត់ ដើម្បីរៀបចំបែងចែកឱ្យដាច់
រវាងច្រកស្ទឹងបត់ និងច្រកប៉ោយប៉ែត ដែលច្រកស្ទឹងបត់សម្រាប់ទំនិញ ហើយច្រកប៉ោយប៉ែតសម្រាប់មនុស្ស»។
លោក ស៊ុន ចាន់ថុល បានបន្តថា ៖ «ប៉ុន្តែនៅច្រកស្ទឹងបត់នេះ នៅមានការរអាក់រអួលពីខាងថៃមកវិញ ដោយសារគេធ្វើអគារមិនទាន់ហើយ។ដូច្នេះខាងជប៉ុន ស្នើឱ្យសម្របសម្រួល»។
ដោយឡែកនៅច្រកបាវិត លោកក៏បានលើកឡើងឱ្យដឹងដែរថា ក្រុមការងាររបស់ក្រសួងសាធារណការបានសហការជាមួយដៃគូពាក់ព័ន្ធ ក្នុងការកែតម្រូវច្រក នីតិវិធីគយ និងបែបបទឯកសារនានា ដោយបានចំណាយទឹកប្រាក់ប្រមាណ១០លានដុល្លារ ដើម្បីដោះស្រាយបញ្ហានេះ ខណៈដែលខាងច្រកស្ទឹងបត់នៅមានការខ្វះខាតតែដាក់ម៉ាស៊ីនស្កេនទេ ប្រសិនបើខាងថៃរៀបចំរួចរាល់ គ្រប់យ៉ាងអាចដំណើរការដោយរលូន ដែលនេះជាជំហានទី១។
លោក ស៊ុន ចាន់ថុល បានបន្ថែមទៀតថា ក្រសួងសាធារណការ កំពុងពិភាក្សាគ្នាជាមួយខាងភាគីថៃ ក្នុងការសិក្សាលើជំហានទី២ ដែលកម្ពុជាចង់ឱ្យមានការពង្រីកកន្លែងដាក់កុងតឺន័រធំៗ និងតភ្ជាប់ផ្លូវរថភ្លើង ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់ទំនិញឆ្លងកាត់ទៅវិញទៅមក។
លោកស៊ិន ចន្ធី ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជាបានប្រាប់ថា ច្រកទ្វារព្រំដែនស្ទឹងបត់នេះ គឺជាច្រកសំខាន់ណាស់សម្រាប់វិស័យដឹកជញ្ជូន ហើយវាជារឿងដ៏ប្រសើរ ដែលរាជរដ្ឋាភិបាល ខិតខំជំរុញការងារដំណើរការដឹកជញ្ជូនតាមច្រកនេះឱ្យមានភាពរលូន ខណៈដែលកន្លងទៅខាងភាគីថៃមិនទាន់បានសម្របសម្រួលឱ្យមានភាពល្អប្រសើរនៅឡើយទេ។
លោកបានបន្ថែមថា វាការរៀបចំយ៉ាងប្រសើរពីសំណាក់អាជ្ញាធរប្រទេសទាំង២ដែលអាចកាត់បន្ថយការកកស្ទះ សម្រាប់ការចរាចររថយន្តដឹកទំនិញធំៗ ដោយសារមានការបែងចែកច្រកចេញចូលទំនិញ និងច្រកអ្នកដំណើរផ្សេងពីគ្នាចំណេញពេលវេលា។
លោកបានបញ្ជាក់ថា៖«ច្រកខាងយើង រួចរាល់អស់ហើយ នៅខ្វះតែឧបករណ៍ស្កេនបន្តិចទេ ហើយខ្ញុំជឿជាក់ថា ខាងគយនឹងរៀបចំដាក់ឆាប់ៗនេះហើយ នៅឡើយតែខាងថៃ មិនបានរួចរាល់នៅឡើយ។ នៅពេលច្រកស្ទឹងបត់នេះ រួចរាល់១០០ភាគរយ ទាំងខាងយើង និងខាងថៃ វានឹងធ្វើឱ្យសកម្មភាពដឹកជញ្ជូននឹងលឿនរហ័សជាងមុន ចំណេញពេលវេលា និងជំរុញឱ្យការដោះដូរទំនិញរវាងកម្ពុជានិងថៃ កាន់តែមានកំណើន»។
ដោយឡែក ចំពោះបញ្ហាដែលលើកឡើងដោយ វិនិយោគិននានា ជាពិសេសវិនិយោគិនជប៉ុន នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងប៉ោយប៉ែតវិញ លោក ស៊ុន ចាន់ថុល បានថ្លែងប្រាប់ថា មានបញ្ហាធំៗ៣ ដែលអ្នកវិនិយោគជួបប្រទះ រួមមាន បញ្ហា ទឹក ភ្លើង និងល្បែងអនឡាញ។
លោកថា៖«នៅតំបន់សេដ្ឋកិច្ចពិសេសនេះ ខាងវិនិយោគិន បានស្នើឱ្យជួយដោះស្រាយ រឿងបញ្ហាទឹក ដែលជាទឹកមិនស្អាត នាំឱ្យប្រើប្រាស់លាងសម្អាតសម្ភារមិនបានស្អាត, ភ្លើងដាច់ញឹកញាប់ នាំឱ្យជាប់គាំងដល់ខ្សែច្រវាក់ផលិតកម្ម ។ដោយឡែបញ្ហាល្បែងផ្សងសំណាងតាមអនឡាញ ជាបញ្ហាថ្មីដែលខ្ញុំទើបតែឮពីអ្នកវិនិយោគយើងលើបញ្ហានេះ ដោយគាត់លើកឡើងថា កម្មករនិយោជិតខ្លះញៀននឹងល្បែងផ្សងសំណាងតាមអនឡាញខ្លាំងនាំឱ្យការបំពេញកិច្ចការងារមិនសូវមានប្រសិទ្ធភាព»។
ចំពោះបញ្ហានេះ លោកបានអះអាងថា លោកនឹងយកទៅពិភាក្សាជាមួយភាគីពាក់ព័ន្ធ ដើម្បីជំរុញការដោះស្រាយបញ្ហាទឹកនិងភ្លើងនេះ ខណៈដែលបញ្ហាល្បែងផ្សងសំណាង ប្រមុខរាជរដ្ឋាភិបាល បានចេញបញ្ជារួចហើយក្នុងការទប់ស្កាត់ និងបញ្ឈប់ការផ្តល់អាជ្ញាប័ណ្ណដល់ល្បែងអនឡាញទាំងអស់នៅនោះ។
សូមជម្រាបថា នៅក្នុងដំណើរទស្សនកិច្ចនេះដែរ លោក ស៊ុន ចាន់ថុល ក៏បានលើកឡើងពីការៀបចំតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ថៃ,ការៀបចំតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន ដើម្បីទាក់ទាញការវិនិយោគបន្ថែមទៀត រួមទាំងការសម្រេចបង្កើតរោងចក្រទី២នៅពោធិ៍សាត់ ក្នុងទុនវិនិយោគ៦៥០លានដុល្លាររបស់ក្រុមហ៊ុនមីនីបៀរផងដែរ៕