ភ្នំពេញៈ ក្រុមវិនិយោគិនជាសមាជិកនៃ AREAA Global ដែលមានមូលដ្ឋាននៅអាមេរិក បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការអភិវឌ្ឍដ៏ឆាប់រហ័ស និងកាលានុវត្តភាពនៃការបណ្តាក់ទុននៅប្រទេសកម្ពុជា ព្រមទាំងបានសន្យាជួយផ្សព្វផ្សាយពីភាពវិជ្ជមានទាំងនេះទៅកាន់សមាជិករបស់ខ្លួនដែលមានចំនួនជិត ២ ម៉ឺននាក់នៅទូទាំងពិភពលោក។
ចំណាប់អារម្មណ៍ទាំងនេះត្រូវបានធ្វើឡើងក្នុងកម្មវិធី «ស្វែងយល់ពីកម្ពុជា» (UpClose Cambodia) កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៤ ដោយមានការចូលរួមពីលោកស្រី ស៊ ធីតា នាយិកាប្រតិបត្តិនៃ AREAA Global Cambodia, លោក Allen Chiang ប្រធាន AREAA Global, និងលោកស្រី Carmen Chong នាយិកាប្រតិបត្តិ AREAA Global ព្រមទាំងវិនិយោគិនជាតិ និងអន្តរជាតិប្រមាណជាង ៤០ នាក់។
កម្មវិធី «ស្វែងយល់ពីកម្ពុជា» ត្រូវបានក្រុមអ្នកជំនាញកម្ពុជាលើកបង្ហាញដល់ក្រុមវិនិយោគិនបរទេស ដោយមានប្រធានបទសំខាន់ៗជាច្រើនដូចជា ស្ថានភាពទូទៅប្រទេសកម្ពុជា ច្បាប់វិនិយោគ ច្បាប់ពន្ធដារ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការប្រើប្រាស់រូបិយប័ណ្ណអន្តរជាតិសម្រាប់ការទូទាត់ ជាដើម។
AREAA Global ជាស្ថាប័នមួយដែលជាបណ្តុំនៃក្រុមវិនិយោគិនជាង ១,៨ ម៉ឺននាក់លើពិភពលោក ដោយមានជាង ៥១ ជាតិសាសន៍ និងប្រើប្រាស់ភាសាចំនួន ២៦។ កម្ពុជាក្លាយជាផ្នែកមួយរបស់ AREAA Global ក្នុងឆ្នាំ ២០២៤ បន្ទាប់ពីការខិតខំជាង ៥ ឆ្នាំ។
នាយិកាប្រតិបត្តិ AREAA Global លោកស្រី Carmen Chong បានលើកឡើងក្នុងកម្មវិធី UpClose Cambodia ថា នេះជាលើកទី១ ហើយដែលលោកស្រីធ្វើដំណើរមកប្រទេសកម្ពុជា ដោយដំណើរទស្សនកិច្ចនេះមានគោលបំណងពិនិត្យមើលស្ថានភាពទូទៅ និងឱកាសវិនិយោគនៅកម្ពុជា។ តាមរយៈដំណើរទស្សនកិច្ចនេះ លោកស្រី និងថ្នាក់ដឹកនាំ AREAA Global បានសង្កេតឃើញពីឱកាស និងសក្តានុពលជាច្រើនដែលកម្ពុជាមានសម្រាប់ផ្តល់ទំនុកចិត្តទៅដល់វិនិយោគបរទេស ពិសេសសមាជិក AREAA Global ឱ្យចូលមកសិក្សា និងចាប់យកឱកាសវិនិយោគនៅកម្ពុជា។
លោកស្រីថ្លែងថា៖ «អ្វីដែលយើងបានមកឃើញផ្ទាល់នៅពេលនេះ គឺខុសគ្នាច្រើនទៅនឹងព័ត៌មានអវិជ្ជមានជាច្រើនដែលយើងឮនាពេលកន្លងមក ដោយស្ថានភាពនយោបាយ និងសេដ្ឋកិច្ចប្រទេសកម្ពុជាគឺមានភាពល្អប្រសើរលើសពីការគិត។ យើងនឹងជួយផ្សព្វផ្សាយ ហើយសង្ឃឹមថា មានវិនិយោគិនបរទេសកាន់តែច្រើនចូលមកបណ្តាក់ទុនផ្ទាល់នៅកម្ពុជា»។
ប្រធាន AREAA Global លោក Allen Chiang បាននិយាយថា ជាមួយនឹងបទពិសោធន៍ធ្វើដំណើរទៅពិនិត្យមើលស្ថានភាពភាពវិនិយោគនៅប្រទេសជាច្រើនលើពិភពលោក គឺលោកអាចចាត់ទុកកម្ពុជាជាប្រទេសមានភាពអំណោយផលច្រើនសម្រាប់ការធ្វើពាណិជ្ជកម្ម និងទីផ្សារអចលនទ្រព្យ។ លោកបានឱ្យដឹងទៀតថា បេសកកម្មរបស់ AREAA Global គឺមិនត្រឹមតែផ្នែកពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកមនុស្សធម៌ទៅដល់ប្រជាជនក្រីក្រតាមសហគមន៍ដែរ។
លោកអះអាងថា៖ «តាមរយៈដំណើរទស្សនកិច្ចមកកម្ពុជាលើកនេះយើងនឹងជួយធ្វើការផ្សព្វផ្សាយទៅដល់សមាជិក AREAA Global ហើយសង្ឃឹមថានឹងមានដំណើរទស្សនកិច្ចថ្មីៗបន្ថែមទៀតរបស់សមាជិក AREAA Global មកមើលឱកាសវិនិយោគនៅកម្ពុជា»។
ក្នុងនាមម្ចាស់ផ្ទះ លោកស្រី ស៊ ធីតា បានសម្តែងការស្វាគមន៍ និងអរគុណចំពោះថ្នាក់ដឹកនាំ AREAA Global ដែលបានធ្វើដំណើរមកកម្ពុជា និងសន្យាជួយផ្សព្វផ្សាយឱកាសវិនិយោគកម្ពុជាទៅដល់សមាជិករបស់ខ្លួន។
លោកស្រីបន្តថា នេះជាមោទនភាពមួយដែលកម្ពុជាទទួលបាន ខណៈមានប្រទេសជាច្រើនបានព្យាយាមទាក់ទងថ្នាក់ដឹកនាំ AREAA Global ឱ្យទៅប្រទេសពួកគេដើម្បីជួយផ្សព្វផ្សាយដូចដែលកម្ពុជាបានធ្វើពេលនេះ។ ការសម្រេចបានសមិទ្ធផលនាពេលនេះ ក៏ដោយសារមានការជួយគាំទ្រពីរដ្ឋាភិបាលកម្ពុជាផងដែរ។
លោកស្រីថ្លែងថា៖ «ក្នុងនាមប្រជាជនកម្ពុជា យើងបានខិតខំយ៉ាងច្រើនដើម្បីពន្យល់ណែនាំពួកគាត់ពីសក្តានុពលដែលកម្ពុជាមាន ហើយសង្ឃឹមថា ព័ត៌មានដែលពួកយើងផ្តល់ឱ្យពួកគាត់គឺមានភាពគ្រប់ជ្រុងជ្រោយ»។
បើតាមលោកស្រី ស៊ ធីតា នៅពេលខាងមុខ AREAA Global Cambodia នឹងខិតខំរៀបចំនូវកម្មវិធី «ស្វែងយល់ពីកម្ពុជា» ឱ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីទាក់ទាញវិនិយោគិនបរទេសឱ្យចូលមកវិនិយោគ និងបញ្ជាទិញទំនិញពីកម្ពុជាឱ្យបានកាន់តែច្រើន។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឱ្យដឹងថា ក្នុងឆ្នាំ ២០២៣ ពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាមានទឹកប្រាក់សរុប ៤៦,៨៣ ពាន់លានដុល្លារ ធ្លាក់ចុះ ១,៩ ភាគរយ បើធៀបឆ្នាំ ២០២២ ដោយក្នុងនោះទំនិញកម្ពុជានាំចេញមានចំនួន ២២,៦៥ ពាន់លានដុល្លារ កើនឡើង ១,៨ ភាគរយ និងទំនិញនាំចូលមានទឹកប្រាក់ ២៤,១៨ ពាន់លានដុល្លារ ធ្លាក់ចុះ ៥ ភាគរយ។
ផ្អែកតាមទិន្នន័យខាងលើ គឺជញ្ជីងពាណិជ្ជកម្មកម្ពុជា ឆ្នាំ ២០២៣ មានឱនភាពប្រមាណ ១,៥៤ ពាន់លានដុល្លារ ដោយល្អប្រសើរជាងឆ្នាំ ២០២២ ដែលមានឱនភាពរហូតដល់ ៣,២១ ពាន់លានដុល្លារ៕