ភ្នំពេញៈ រដ្ឋាភិបាល និងផ្នែកឯកជនកម្ពុជាបានប្តេជ្ញានឹងប្រើប្រាស់សំឡេងតែមួយ ដើម្បីពង្រីកទីផ្សារនាំចេញ និងទាក់ទាញវិនិយោគិនអូស្ត្រាលីឱ្យចូលមកបណ្តាក់ទុនផ្ទាល់នៅកម្ពុជាកាន់តែច្រើន ខណៈការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំង ២ ក្នុងឆ្នាំ ២០២៣ កន្លងមកមានទឹកប្រាក់ប្រមាណជាង ៥០០ លានដុល្លារ។
សភាពាណិជ្ជកម្មកម្ពុជា (CCC) នាចុងខែវិច្ឆិកា ឆ្នាំ ២០២៣ ធ្លាប់ប្រកាសថា CCC នឹងសហការជាមួយសភាពាណិជ្ជកម្មរដ្ឋវិចតូរៀ ដើម្បីរៀបចំវេទិកាធុរកិច្ចកម្ពុជា-អូស្ត្រាលី នៅក្នុងខែមីនា ឆ្នាំ ២០២៤ នៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មបន្ថែមទៀតរវាងកម្ពុជា និងអូស្ត្រាលី។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ឱ្យដឹងថា លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) នៅក្នុងកម្មវិធីតម្រង់ទិសស្តីពីបេសកកម្មកសិធុរកិច្ច និងវិនិយោគទៅកាន់ប្រទេសអូស្ត្រាលី ដែលរៀបចំឡើងក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៣ ខែកុម្ភៈ បានអះអាងថា ផ្នែកឯកជនកម្ពុជានឹងរួមគ្នាច្រៀងចម្រៀងតែមួយជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធសំដៅទាក់ទាញដៃគូវិនិយោគិនពីប្រទេសអូស្ត្រាលីមកបណ្តាក់ទុនលើទឹកដីកម្ពុជា ក៏ដូចជាជំរុញការនាំចេញទៅកាន់ប្រទេសអូស្ត្រាលី នូវផលិតផលពាក់កណ្តាលសម្រេច និងផលិតផលកែច្នៃឱ្យបានកាន់តែច្រើន។
លោក សុផល បានថ្លែងថា៖ «គណៈប្រតិភូកម្ពុជាដែលនឹងត្រូវទៅទឹកដីនៃទីក្រុងមែលប៊ន ពីថ្ងៃទី ៥-៧ ខែមីនា ឆ្នាំ ២០២៤ ខាងមុខនឹងរួមគ្នាច្រៀងចម្រៀងតែមួយជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធដែលជាសេនាធិការនៃរាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពជាក់ស្តែងនិយមរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីសំដៅទាក់ទាញដៃគូវិនិយោគិនពីប្រទេសអូស្ត្រាលី មកបណ្តាក់ទុនវិនិយោគលើទឹកដីកម្ពុជា ក៏ដូចជាជំរុញការនាំចេញទៅប្រទេសអូស្ត្រាលីនូវផលិតផលពាក់កណ្តាលសម្រេច និងផលិតផលកែច្នៃរបស់កម្ពុជា ជាពិសេសនៅលើវិស័យកសិចំណីអាហារ»។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង ពេលថ្មីៗនេះបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ការផ្លាស់ប្តូរទំនិញរវាងប្រទេសកម្ពុជា-អូស្ត្រាលី គឺមានភាពល្អប្រសើរគួរឱ្យកត់សម្គាល់ ដោយទំនិញសក្តានុពលដែលកម្ពុជានាំទៅអូស្ត្រាលី រួមមាន ផលិតផលវាយនភណ្ឌ កង់ និងកសិកម្ម ចំណែកទំនិញដែលកម្ពុជានាំចូលមកវិញ គឺផលិតផលអេឡិចត្រូនិក ឱសថ និងយានយន្ត ជាដើម។
លោកបន្តថា ក្រៅពីទំនាក់ទំនងលើការនាំចេញ-នាំចូលទំនិញ បច្ចុប្បន្នក៏មានវិនិយោគិនអូស្ត្រាលីមួយចំនួនកំពុងវិនិយោគនៅកម្ពុជាដែរដូចជា វិស័យកសិកម្ម និងធនធានរ៉ែ ជាដើម។
លោកបន្តថា ដើម្បីជំរុញទំហំពាណិជ្ជកម្ម នឹងទាក់ទាញវិនិយោគិនអូស្ត្រាលីឱ្យមកវិនិយោគនៅកម្ពុជាកាន់តែច្រើន កាលពីពាក់កណ្តាលឆ្នាំ ២០២៣ សភាពាណិជ្ជកម្មកម្ពុជាក៏បានបើកការិយាល័យតំណាងរបស់ខ្លួននៅទីក្រុងមែលប៊ន និងទីក្រុងស៊ីដនី។ ការិយាល័យតំណាងមានតួនាទីក្នុងការផ្សព្វផ្សាយ និងពន្យល់វិនិយោគិនអូស្ត្រាលីឱ្យមកបញ្ជាទិញទំនិញកម្ពុជា ឬចូលមកបើកអាជីវកម្មផ្ទាល់។
លោកបញ្ជាក់ថា៖ «បន្ទាប់ពីបង្កើតការិយាល័យតំណាងនៅប្រទេសអូស្ត្រាលី វានឹងជួយឱ្យទំនាក់ទំនងកាន់តែល្អរវាងការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ជាមួយសភាពាណិជ្ជកម្មអូស្ត្រាលី។ ការរៀបចំវេទិកានេះ គឺជាការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ ឱ្យកាន់តែស្អិតល្មួត»។
លោកបន្ថែមថា ដោយសារកម្ពុជា និងអូស្ត្រាលី ជាសមាជិកកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលមានប្រទេសសមាជិកចំនួន ១៥ ដូច្នេះចរន្តការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង ២ នឹងមានសម្ទុះបន្ថែមទៀតពេលកំណើនសេដ្ឋកិច្ចពិភពលោកល្អឡើងវិញ។
យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងអូស្ត្រាលី ក្នុងឆ្នាំ ២០២៣ មានចំនួនសរុប ៥០២,០៦ លានដុលា្លរ ធ្លាក់ចុះ ៤,១២ ភាគរយធៀបនឹងឆ្នាំ ២០២២ ក្នុងនោះទំនិញកម្ពុជានាំទៅអូស្ត្រាលី ៣៧១ លានដុល្លារ ធ្លាក់ចុះ ២,១ ភាគរយ និងអូស្ត្រាលីនាំចូល ៣៣១ លានដុល្លារ ធ្លាក់ចុះ ៩,៤ ភាគរយ៕