ភ្នំពេញៈ ការធ្វើធុរកិច្ច និងការដោះដូរទំនិញរវាងកម្ពុជា-ឥណ្ឌា នឹងកាន់តែមានកំណើនថែម ១ កម្រិតទៀត បន្ទាប់ពីក្រុមប្រឹក្សាធុរកិច្ចរួមឥណ្ឌា-កម្ពុជា [The India-Cambodia Joint Business Council (ICJBC)] ត្រូវបានបង្កើតជាផ្លូវការនាពេលថ្មីៗនេះ។
ICJBC ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅរដ្ឋធានីញូវដេលី នៃប្រទេសឥណ្ឌា កាលពីថ្ងៃទី ២៣ ខែកុម្ភៈ ដែលនេះជាគំនិតផ្តួចផ្តើមឡើងរវាងសមាគមឧកញ៉ាកម្ពុជា (COA) ជាមួយសហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា (FICCI) ក្នុងគោលដៅជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសឥណ្ឌា-កម្ពុជា តាមរយៈកិច្ចពិភាក្សា និងកិច្ចសហប្រតិបត្តិការរវាងផ្នែកឯកជននៃប្រទេសទាំង ២។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរួមពីស្ថាប័ននេះ។
សម្រាប់ក្រុមប្រឹក្សាធុរកិច្ចរួមគ្នានេះមាននាយកដ្ឋានជំរុញឧស្សាហកម្ម និងពាណិជ្ជកម្មផ្ទៃក្នុងប្រទេស (DPI-IT) ជាលេខាធិការដ្ឋានសម្រាប់ភាគីឥណ្ឌា ចំណែកសមាគមឧកញ៉ាកម្ពុជា (COA) នឹងបំពេញតួនាទីជាលេខាធិការដ្ឋានសម្រាប់ភាគីកម្ពុជា។
សេចក្តីថ្លែងការណ៍រួមបានលើកឡើងថា៖ «ក្រុមប្រឹក្សាធុរកិច្ចរួមឥណ្ឌា-កម្ពុជា (ICJBC) មានគោលបំណងបង្កើតយន្តការពិគ្រោះយោបល់ទ្វេភាគី ដើម្បីឱ្យបណ្តាធុរជនមានសក្តានុពលនៃប្រទេសទាំង ២ អាចជជែកពិភាក្សា ព្រមទាំងស្នើដំណោះស្រាយផ្សេងៗដើម្បីបង្កើនសកម្មភាពពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការលើវិស័យនានារួមទាំងការលើកកម្ពស់ និងការសម្របសម្រួលពាណិជ្ជកម្ម ក៏ដូចជាការផ្គូផ្គងដៃគូក្នុងវិស័យឧស្សាហកម្ម នវានុវត្តន៍ និងសហគ្រិនភាព ព្រមទាំងកិច្ចសម្របសម្រួលលើបន្លាស់ប្តូរបច្ចេកវិទ្យារវាងភាគីទាំង ២»។
សម្រាប់វិស័យអាទិភាពសំខាន់ៗរួមមាន កសិកម្ម, ផលិតកម្មកែច្នៃម្ហូបអាហារ, សុខាភិបាល, ឱសថ, សំណង់ និងហេដ្ឋារចនាសម្ព័ន្ធ, ព័ត៌មានវិទ្យា, វិស័យអប់រំ, ទេសចរណ៍, ឧស្សាហកម្មយានយន្ត និងវិស័យពាក់ព័ន្ធ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន។
លោក លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជាបានលើកឡើងថា ការដាក់ឱ្យដំណើរការក្រុមប្រឹក្សាធុរកិច្ចរួមនេះ នឹងជួយលើកកម្ពស់ការធ្វើធុរកិច្ច និងការដោះដូរទំនិញប្រទេសទាំង២ ជាពិសេសដើម្បីចាប់យកឱកាសវិនិយោគនានានៅកម្ពុជា។
លោកថ្លែងថា៖ «ពិធីសម្ពោធជាផ្លូវការក្រុមប្រឹក្សាធុរកិច្ចរួមឥណ្ឌា-កម្ពុជានេះ គឺជាបោះជំហានទៅកាន់ទំព័រថ្មី នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំង ២។ នេះជាវេទិកាដែលនឹងអនុញ្ញាតឱ្យយើងកំណត់បាននូវបញ្ហាប្រឈម និងការប្រកួតប្រជែងនានា ដើម្បីបង្កើតកាលានុវត្តភាពថ្មីៗសម្រាប់បំពេញផលប្រយោជន៍សេដ្ឋកិច្ចជាតិទៅវិញទៅមក»។
អគ្គលេខាធិការ OCA លោក ហ៊ុន ឡាក់ បានឱ្យដឹងថា ក្រុមប្រឹក្សាធុរកិច្ចរួមឥណ្ឌា-កម្ពុជា បានបោះជំហានយ៉ាងលឿន ហើយភាពជោគជ័យនៃកិច្ចប្រជុំក៏ដូចជាពិធីសម្ពោធនេះបានផ្តល់សុទិដ្ឋិនិយមជាច្រើន។
លោកថ្លែងថា៖ «ខ្ញុំមានទំនុកចិត្តថាក្រុមប្រឹក្សានេះនឹងក្លាយជាយន្តការមួយប្រកបដោយអានុភាព ដើម្បីបម្រើដល់វិស័យសេដ្ឋកិច្ចជាតិ តាមរយៈការជំរុញពាណិជ្ជកម្ម ការវិនិយោគ និងការសម្រេចបានសមិទ្ធផលជាបន្តបន្ទាប់ប្រកបដោយអត្ថប្រយោជន៍សម្រាប់ប្រទេសទាំង ២»។
លោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅប្រទេសកម្ពុជា បាននិយាយថា ICJBC នឹងដើរតួនាទីសំខាន់ក្នុងការពង្រឹងទំនាក់ទំនងវិស័យ សេដ្ឋកិច្ចរវាងប្រទេសទាំង ២ ស្របពេលទំនាក់ទំនងការទូតរវាងកម្ពុជា-ឥណ្ឌាកំពុងមានភាពល្អប្រសើរឡើងៗ។
លោកស្រីថ្លែងថា៖ «ខ្ញុំពិតជាមានក្តីសោមនស្សរីករាយក្រៃលែងដែលបានឃើញការបង្កើតជាផ្លូវការក្រុមប្រឹក្សាធុរកិច្ចរួមឥណ្ឌា-កម្ពុជា (ICJBC) ដែលនឹងផ្តល់ឱកាសទៅដល់ផ្នែកឯកជនប្រទេសទាំង ២ បានចូលរួមពេញសិទ្ធិ និងជាផ្លូវការកម្រិតខ្ពស់បំផុតមួយ ព្រោះការចូលរួមជាមួយគ្នាទៅវិញ-ទៅមករវាងផ្នែកឯកជនដែលមានការគាំទ្រពេញទំហឹងពីរដ្ឋាភិបាលបែបនេះប្រាកដជានឹងជំរុញសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគរវាងឥណ្ឌា និងកម្ពុជាកាន់តែខ្លាំងថែមទៀត ព្រមទាំងពង្រឹងភាពជាដៃគូទ្វេភាគីកាន់តែរឹងមាំទ្វេដង។»
ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ឥណ្ឌាបានកើនឡើងជាលំដាប់ ដោយមានទឹកប្រាក់ជិត ៤៨៥,៧ លានដុល្លារ កាលពីឆ្នាំ ២០២៣ កើនឡើង ១០ ភាគរយបើធៀបនឹងឆ្នាំ ២០២២។
ទិន្នន័យក្រសួងទេសចរណ៍បង្ហាញថា ប្រទេសកម្ពុជា បានស្វាគមន៍ភ្ញៀវទេសចរឥណ្ឌាចំនួន ៦៨ ៨៣៦ នាក់ កាលពីឆ្នាំមុន កើនជាង ១០២ ភាគរយបើធៀបនឹងឆ្នាំ ២០២២៕