ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយវិស័យឯកជនកម្ពុជា សហការគ្នាបង្កើនការទាក់ទាញដៃគូវិនិយោគិនពីប្រទេសអូស្ត្រាលី មកបណ្តាក់ទុនវិនិយោគលើទឹកដីកម្ពុជា ក៏ដូចជាជំរុញការនាំចេញទៅកាន់ប្រទេសអូស្ត្រាលីនូវផលិតផលពាក់កណ្តាលសម្រេច និងផលិតផលកែច្នៃ។

នៅក្នុងកម្មវិធីតម្រង់ទិសស្តីពីបេសកកម្មកសិ-ធុរកិច្ច និងវិនិយោគទៅកាន់ប្រទេសអូស្ត្រាលី ដែលសហការរៀបចំឡើងដោយសមាគមវិនិយោគិន, នវានុវត្តន៍, និងអភិវឌ្ឍន៍ (IDI) កាលពីព្រឹកថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៤ លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) បានថ្លែងថា កម្មវិធីនេះបានរៀបចំឡើងក្នុងគោលបំណងផ្តល់ធាតុចូល និងអនុសាសន៍ពាក់ព័ន្ធនឹងដំណើរបេសកកម្មខាងលើជូនគណៈប្រតិភូដែលគ្រោងនឹងអញ្ជើញចូលរួមលើទឹកដីនៃទីក្រុង Melbourne ចាប់ពីថ្ងៃទី ៥-៧ ខែមីនា ឆ្នាំ ២០២៤ ខាងមុខ។ នេះបើតាមការជូនដំណឹងរបស់ CDC។

លោកបានបន្តថា នេះជាគំនិតផ្តួចផ្តើមដ៏ល្អមួយ ក្នុងការរៀបចំបេសកកម្មធុរកិច្ចនេះ ដែលវាស្របពេលជាមួយការរៀបចំ និងការប្រព្រឹត្តទៅនៃកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលីផងដែរ។

លោកបានបង្ហាញពីការជឿជាក់ដូច្នេះថា៖ «គណៈប្រតិភូដែលចូលរួមក្នុងបេសកកម្មនេះនឹងរួមគ្នាច្រៀងចម្រៀងតែមួយជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពជាក់ស្តែងនិយមរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី សំដៅទាក់ទាញដៃគូវិនិយោគិនពីប្រទេសអូស្ត្រាលីមកបណ្តាក់ទុនវិនិយោគលើទឹកដីកម្ពុជា ក៏ដូចជាជំរុញការនាំចេញទៅកាន់ប្រទេសអូស្ត្រាលីនូវផលិតផលពាក់កណ្តាលសម្រេច និងផលិតផលកែច្នៃរបស់កម្ពុជា ជាពិសេសលើវិស័យកសិ-ចំណីអាហារ»។

លោក ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាលសមាគមវិនិយោគិន នវានុវត្តន៍និងអភិវឌ្ឍន៍ (IDI) បានថ្លែងថា កម្មវិធីតម្រង់ទិសស្តីពីបេសកកម្មកសិ-ធុរកិច្ច និងវិនិយោគទៅកាន់ប្រទេសអូស្ត្រាលី ពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់វិនិយោគិនកម្ពុជា និងអូស្រ្តាលី ក្នុងការបង្ហាញពីសក្តានុពលផលិតផលរបស់ប្រទេសទាំងពីរទៅវិញទៅមក ខណៈដែលកម្ពុជាមានផលិតផលកសិកម្ម ជាច្រើនមុខ ដែលអាចកែច្នៃនាំចេញទៅកាន់អូស្រ្តាលី។

លោកបានបញ្ជាក់ថា៖ «នាខែមីនា ឆ្នាំ ២០២៤ ខាងមុខនេះ សមាគមវិនិយោគិន (IDI) នឹងធ្វើដំណើរទៅទស្សនកិច្ចនៅទីក្រុង Melbourne រយៈពេល ៣ ថ្ងៃ។ គណៈប្រតិភូសមាគមទៅទីនោះ នឹងយកឱកាសនេះ ដើម្បីបង្ហាញពីសក្តានុពលផលិតផលកសិកម្មរបស់កម្ពុជា បង្ហាញដល់វិនិយោគិនអូស្រ្តាលី ដើម្បីការវិនិយោគបន្ថែមទៀតពីប្រទេសនេះ»។

យោងតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្មបានបង្ហាញថា ក្នុងឆ្នាំ ២០២៣ កន្លងទៅ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងអូស្រ្តាលី សម្រេចបានក្នុងទំហំទឹកប្រាក់ ជាង ៥០០ លានដុល្លារ ថយចុះជាង ៤ ភាគរយ ធៀបនឹងឆ្នាំ ២០២២។

ទីផ្សារអូស្រ្តាលី បានស្រូបយកទំនិញពីកម្ពុជា ប្រមាណជាង ១ ភាគរយ ក្នុងចំណោមទីផ្សារសរុបរបស់កម្ពុជា នៅក្នុងពិភពលោក៕