ធនាគារខេប៊ី​ប្រាសាក់ ម.ក ដែលជាធនាគារ​ពាណិជ្ជថ្មីមួយ​នៅកម្ពុជា ប្រសូតឡើងពី​ការរួមបញ្ចូលគ្នា​រវាង ធនាគារ គូកមីន​កម្ពុជា និងគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុប្រាសាក់ ត្រូវបានសម្ពោធ​ជាផ្លូវការ​ កាលពី​ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​របស់​លោកជំទាវ​បណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារ​ជាតិនៃ​កម្ពុជា ដែលជាសក្ខីភាព​នៃការប្តេជ្ញាចិត្ត​របស់​ធនាគារ​ក្នុងការធ្វើជាដៃគូ​ហិរញ្ញវត្ថុ​ពេញមួយជីវិត​របស់​គ្រប់​អតិថិជន។ 

នៅក្នុងឱកាសនោះ លោកជំទាវ​បណ្ឌិត ជា សិរី បានអបអរសាទរ​ចំពោះការរួមបញ្ចូលគ្នា​រវាងគ្រឹះស្ថាន​ទាំង២ បង្កើតជា​ធនាគារពាណិជ្ជថ្មីមួយ​ដ៏ធំ ដោយមានប្រសាសន៍​សង្កត់ធ្ងន់ លើសារៈសំខាន់​នៃការរួមបញ្ចូលគ្នា ​ដែលនឹងជួយ​ពង្រឹងស្ថិរភាព​ និងភាពធន់​របស់គ្រឹះស្ថាន តាមរយៈ​ការកើនឡើង​នូវទ្រព្យ​សកម្ម និង​ប្រាក់​បញ្ញើ​ការបង្កើន​លទ្ធភាព​ទទួលបាន​ប្រភព​ហិរញ្ញវត្ថុ ដែលមានភាព​ងាយស្រួល​និងចម្រុះ​ជាងមុន ការកាត់​បន្ថយ​ចំណាយ​ការពង្រីក​ទីផ្សារ និងពិពិធកម្ម​ផលិតផល និងសេវាកាន់តែ​សម្បូរបែប​សម្រាប់​អតិថិជន ជាពិសេស​សម្រាប់​សហគ្រាសធុនតូច និងមធ្យម ដែលការណ៍នេះ នឹង​គាំទ្រដល់កំណើន​បរិយាបន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ផងដែរ។

លោកជំទាវបណ្ឌិត ក៏បានលើកទឹកចិត្ត​ដល់ធនាគារខេប៊ី​ប្រាសាក់ តាមរយៈ​អនុសាសន៍​ចំនួន ៤ ចំណុច ដោយទី១ គឺ​បន្តនូវស្មារតី​រួម​ចំណែក​គាំទ្រ​ និងអភិវឌ្ឍសហគមន៍ ព្រមទាំងបន្ត​ជំរុញបរិយាបន្ន​ហិរញ្ញវត្ថុ​បន្ថែម​ទៀត ជាពិសេស​ការធ្វើ​នវានុវត្ដន៍​សេវាហិរញ្ញវត្ថុ​ សម្រាប់សហគ្រាស​ធុនតូច​ និងមធ្យម,ទី២​ គឺបន្តយកចិត្ត​ទុកដាក់​លើកិច្ចការពារ​អតិថិជន និង​តម្លាភាព​ក្នុងការផ្ដល់​សេវាហិរញ្ញវត្ថុ ក៏ដូចជាការលើកកម្ពស់​ចំណេះដឹង​ផ្នែកហិរញ្ញវត្ថុ​ក្នុងសង្គម។ ចំណែកឯចំណុចទី​៣ ​គឺ​ផ្ដល់ជូន​អតិថិជន​នូវកម្ចី​ជាមួយអត្រា​សមរម្យ និងទី៤ គឺ​ជំរុញ​ការ​ទទួល​បាន​ហិរញ្ញប្បទាន​របស់​ស្ត្រី និងឥណទាន​បៃតង ស្របតាម​តម្រូវការ​របស់​អតិថិជន។ 

ថ្លែងក្នុង​ពិធីនេះ លោក Yang Jong Hee ប្រធាន​នាយកប្រតិបត្តិ KB Financial Group Inc.​ បាន​លើក​ឡើង​ពីសារៈសំខាន់​នៃ​ការពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​កូរ៉េ និងកម្ពុជា ក្នុងភាពជាដៃគូ​សេដ្ឋកិច្ច ក្នុងរយៈកាល​ជាង ២៥​ ឆ្នាំ​មកនេះ ដែល​សម្រេចបាន​ផ្លែផ្កា​ជាកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី (FTA)​ នៅ​ឆ្នាំ​២០២២​ ការកើនឡើង​នៃ​ការវិនិយោគ ឱកាសការ​ងារ​សម្រាប់ប្រជាពលរដ្ឋ​កម្ពុជា និងការពង្រឹង​ធនធាន​មនុស្ស​ តាមរយៈការ​ទទួល​និស្សិត​ឱ្យ​ទៅធ្វើការ និងសិក្សានៅប្រទេសកូរ៉េ។

លោកបានបន្ថែមថា ស្របតាម​យុទ្ធសាស្ត្រពង្រីកទីផ្សារ​នៅក្រៅប្រទេស ​និង​ដោយ​មើល​ឃើញ​ពី​សក្ដានុពល​នៃកំណើនសេដ្ឋ កិច្ច​យ៉ាងឆាប់​រហ័សរបស់កម្ពុជា, KB Financial Group បាន​ឈាន​ជើង​ចូល​ទីផ្សារ​កម្ពុជា​ ដោយ​បានបង្កើត​ធនាគារ គូកមីន កម្ពុជា (Kookmin Bank Cambodia) ក្នុងឆ្នាំ២០០៩  និង​ធនាគារ​ឯកទេស ខេប៊ី ដេហាន (KDSB) នៅឆ្នាំ២០១៨ បន្ទាប់មក​នៅឆ្នាំ២០២១ KB Financial Group​ ក៏បាន​ទទួល​គ្រឹះស្ថានមីក្រូ​ហិរញ្ញវត្ថុ​ប្រាសាក់ ជាសមាជិកថ្មី​របស់​ខ្លួន។ ហើយនៅក្នុងខែសីហា ឆ្នាំ២០២៣ ធនាគារ​គូកមីន កម្ពុជា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ បានរួមបញ្ចូលគ្នា​ជាធនាគារពាណិជ្ជ ក្រោមឈ្មោះថ្មី​ថា «ធនាគារ ខេប៊ីប្រាសាក់ ម.ក» ដែលនាំឱ្យ​មានពិធី​សម្ពោធ​ជាផ្លូវការ​នៅថ្ងៃនេះ។

លោក Yang បានបន្តទៀត​ថា KB Financial Group  ជាបណ្តុំ​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​លំដាប់លេខ១​ នៅ​ប្រទេសកូរ៉េ ​ចំណែកឯធនាគារគូកមីន ក៏ជាធនាគារ​ពាណិជ្ជ​ធំជាងគេនៅ​កូរ៉េដែរ, គឺជាក្រុមហ៊ុន​មេ​របស់​ធនាគារខេប៊ី​ប្រាសាក់ ដែលនឹងនាំ​យកនូវបទពិសោធន៍​ធនាគារ​បច្ចេកវិទ្យា​ព័ត៌មាន សមត្ថភាព​ផ្នែក​ឌីជីថល និងការគាំទ្រ​ផ្នែកហិរញ្ញវត្ថុ​សម្រាប់​ប្រជាជន​កម្ពុជា តាមរយៈ​ធនាគារ​រួមបញ្ចូលគ្នានេះ។ 

ធនាគារខេប៊ីប្រាសាក់ មិនត្រឹមតែ​ផ្តល់សេវា​ធនាគារប៉ុណ្ណោះទេ តែក៏ជួយ​ដល់រាល់​ការផ្តល់ការ​ប្រឹក្សា​និង​ការ​សម្រេចចិត្ត​ផ្នែកហិរញ្ញវត្ថុ​ជូនដល់​អតិថិជន​ផងដែរ។ លោក Yang បានបន្ថែម​ថា ៖«អតិថិជន​របស់​យើង គឺតែងតែ​ជាអាទិភាព​ទី១​ហើយធនាគារ​ខេប៊ី​ប្រាសាក់ នឹងផ្តល់​ជូនសេវា​ហិញ្ញវត្ថុ​ដ៏ប្រសើរ ដែលសមស្រប និង​ត្រូវតាម​ដំណើរជីវិត​របស់​អតិថិជន និងប្រាថ្នា​ក្លាយជា​ដៃគូ​ហិរញ្ញវត្ថុ​ដែល​ជា​ទីទុកចិត្ត​ពេញមួយ​ជីវិត​របស់​អតិថិជន»។

ជាមួយគ្នានេះដែរ លោក អ៊ុំ សមអឿន ប្រធាននាយកប្រតិបត្តិធនាគារខេប៊ីប្រាសាក់ បានសម្តែង​នូវក្តី​សោមនស្ស​រីក រាយចំពោះដំណើរឆ្ពោះទៅមុខនេះ ដោយមានប្រសាសន៍ថា​៖«យើងខ្ញុំមានសេចក្តីរំភើប​យ៉ាងក្រៃលែងដោយបានរួមបញ្ចូលគ្នាតែមួយជាធនាគារខេប៊ីប្រាសាក់ ដែលជួយឱ្យយើង​នឹងកាន់តែរឹងមាំ ដើម្បីបន្ត​បំពេញ​នូវបេសកកម្ម​ពោរពេញ​ដោយអត្ថន័យ ក្នុងការជំរុញ​លើកកម្ពស់​វិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ច​កម្ពុជា​ឱ្យរីកចម្រើន។ យើងនឹងមានលទ្ធភាព​កាន់តែច្រើនជាងមុន ក្នុងការផ្ដល់ជូន​សេវាប្រកប​ដោយ​ភាព​ច្នៃប្រឌិត ជូនអតិថិជនគ្រប់ជំនាន់ តាមរយៈការរួមបញ្ចូល​នូវបទពិសោធន៍ ជំនាញបច្ចេកទេស និងប្រភព​ធនធាននានា ដើម្បី​ឆ្លើយតបទៅនឹងតម្រូវការ​របស់​អតិថិជន ជាឯកត្តជន​ ជាក្រុមហ៊ុន​ និង​ជាសហគ្រាស​ធុនតូច​និងមធ្យម»។

លោកបន្ត​ថា ធនាគារខេប៊ីប្រាសាក់ បាន​ប្តេជ្ញាចិត្ត និងត្រៀមខ្លួន​រួចជាស្រេច​ក្នុង​ការអនុវត្ត​យុទ្ធសាស្ត្រស្នូល​របស់ខ្លួន​ ដោយផ្ដោតជាសំខាន់លើអតិថិជន ដើម្បីប្រាកដថា​រាល់ការសម្រេចចិត្ត​របស់​យើងគឺត្រូវតែ​ចាត់ទុក​ផល​ប្រយោជន៍​អតិថិជនជាធំ។ ធនាគារខេប៊ីប្រាសាក់ នឹងក្លាយទៅជា​ធនាគារ​ សម្រាប់​អតិថិជន​គ្រប់​ស្រទាប់​វណ្ណៈ ដោយរាប់​ចាប់ពីអាជីវកម្មខ្នាតតូច​នៅតាមតំបន់​ជនបទ រហូតដល់សហគ្រាសធំៗ​លំដាប់​អន្តរជាតិ។ យើងក៏តាំងចិត្ត​យ៉ាងមុតមាំ​ក្នុងផ្ដល់​ជូននូវសេវាហិរញ្ញវត្ថុ​កាន់តែទូលំទូលាយ​សម្រាប់​អតិថិជន​គ្រប់ជំនាន់។

ជាចុងក្រោយ លោក អ៊ុំ សមអឿន បានគោរពថ្លែង​អំណរគុណ​យ៉ាងជ្រាលជ្រៅ​ជូនចំពោះ​ធនាគារ​ជាតិ​នៃ​កម្ពុជា ក្រសួង​ពាណិជ្ជកម្ម​ និយ័តករ​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី ចំពោះការផ្តល់​ឱវាទ និងជាពិសេស​អរគុណ​ដល់​​អតិថិជន​ដែលតែងតែ​គាំទ្រ និងជ្រើសរើស​យក ធនាគារខេប៊ី​ប្រាសាក់​ ជាដៃគូ​ហិរញ្ញវត្ថុ​ពេញមួយ​ជីវិត។


អំពី​ធនាគារខេប៊ី​ប្រាសាក់

ធនាគារ​ខេប៊ី​ប្រាសាក់ ម.ក មានអាជ្ញាបណ្ណ​ពីធនាគារ​ជាតិ​នៃ​កម្ពុជា និងទទួលបានការអនុម័ត​ពី ក្រសួង​ពាណិជ្ជកម្ម ដើម្បីធ្វើ​ប្រតិបត្តិការ​ធនាគារ​ជាផ្លូវការនៅ​ខែសីហា ឆ្នាំ២០២៣ និងជាបុត្រ​សម្ព័ន្ធ​របស់​ធនាគារ KB Kookmin Bank នៅប្រទេស​កូរ៉េ។ ការរួមបញ្ចូលគ្នា​ដ៏ល្អ​ឥតខ្ចោះ​រវាង​បទ​ពិសោធ​ជិត ៣០ ឆ្នាំ របស់​ប្រាសាក់​ក្នុងវិស័យ​មីក្រូ​ហិរញ្ញវត្ថុ និងនវានុវត្តន៍​ហិរញ្ញវត្ថុ​លំដាប់​ពិភពលោករបស់​ធនាគារ Kookmin Bank ក្នុងវិស័យ​ធនាគារ ធ្វើឱ្យ​ខេប៊ី​ប្រាសាក់ អាចផ្តល់​នូវសេវា​និង​ផលិតផល​ធនាគារ​ប្រកប​ដោយនវានុវត្តន៍​កាន់តែ​ទូលំទូលាយ ជូនដល់អតិថិជន​នៅក្នុង​ទីផ្សារ​ធនាគារ​កម្ពុជា។

ធនាគារខេប៊ី​ប្រាសាក់ មានទ្រព្យសកម្ម​សរុប​ចំនួន ៥,៧ ប៊ីលាន​ដុល្លារ​អាមេរិក សមតុល្យ​ប្រាក់ បញ្ញើ សន្សំ ចំនួន ៣,១ ប៊ីលាន​ដុល្លារ​អាមេរិក សម្ពៀត​ឥណទានសរុប​ចំនួន ៥,០ ប៊ីលាន​ដុល្លារ​អាមរិក ការិយាល័យ សាខា​ចំនួន ១៩២ និងបុគ្គ​លិក​​ជាង ១០ ០០០ នាក់ គិតត្រឹម​ដំណាច់​ឆ្នាំ២០២៣។ ធនាគារ បានប្តេជ្ញាចិត្ត​ក្នុងការលើកកម្ពស់​បរិយាប័ន្ន​ហិរញ្ញវត្ថុ ជំរុញ​កំណើន​សេដ្ឋកិច្ច និងការផ្តល់​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ប្រកប​ដោយនវានុវត្តន៍​ជូនដល់​គ្រប់​អតិថិជន៕