ភ្នំពេញៈ ប្រទេសកម្ពុជា និងម៉ុងហ្គោលី គ្រោងនឹងជំរុញការហោះហើរត្រង់ជាមួយគ្នា ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ ខណៈប្រទេសទាំង ២ ក៏កំពុងសិក្សាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីផងដែរ។
លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានជួបលោកស្រី Nomin Chinbat រដ្ឋមន្ត្រីក្រសួងវប្បធម៌ម៉ុងហ្គោលី នៅក្រៅជំនួបសន្និសីទអន្តរជាតិលើកទី៧ នៃគណបក្សនយោបាយអាស៊ី (ICAPP) នៅទីក្រុង Ulaanbaatar ប្រទេសម៉ុងហ្គោលី ដោយបានពិភាក្សាអំពីសក្តានុពលក្នុងការលើកកម្ពស់វិស័យទេសចរណ៍នៃប្រទេសទាំង ២។ នេះបើតាមការប្រកាសក្រសួងទេសចរណ៍។
ក្រសួងបញ្ជាក់ថា៖ «ភាគីទាំង ២ បានផ្លាស់ប្តូរយោបល់គ្នាលើការពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំង ២ ហើយបានឯកភាពជំរុញការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ទ្វេភាគីស្តីពីទេសចរណ៍ និងជំរុញការហោះហើរត្រង់រវាងប្រទេសទាំង ២ នៅពេលអនាគត»។
លោក ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា (SSCA) បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ប្រទេសទាំង ២ មានកិច្ចព្រមព្រៀងសេវាកម្មផ្លូវអាកាសរួចហើយ ដែលអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍ណាមួយដំណើរការជើងហោះហើរនៅពេលណាក៏បាន។
លោកថ្លែងថា៖ «យើងស្វាគមន៍ចំពោះការបើកជើងហោះហើរត្រង់ណាមួយ ព្រោះវាអាចទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនមកប្រទេសរបស់យើង។ ប្រជាជនយើងក៏អាចចូលទៅទស្សនាប្រទេសរបស់ពួកគេបានដោយផ្ទាល់ផងដែរ»។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ភ្ញៀវទេសចរម៉ុងហ្គោលីនៅមានចំនួនតិចតួចសម្រាប់កម្ពុជា ប៉ុន្តែនៅពេលមានការហោះហើរត្រង់ចំនួននេះនឹងកើនឡើង។
លោកនិយាយថា៖ «បច្ចុប្បន្ន យើងមិនទទួលបានភ្ញៀវទេសចរច្រើនពីប្រទេសម៉ុងហ្គោលីឡើយ ដោយសារប្រទេសនេះ មានប្រជាជនតិចជាង ៣ លាននាក់។ យើងស្វាគមន៍គំនិតផ្តួចផ្តើមឱ្យមានជើងហោះហើរត្រង់ ដូច្នេះយើងនឹងមើលឃើញភ្ញៀវទេសចរកាន់តែច្រើនមកពីប្រទេសមួយនេះ ខណៈប្រជាជនរបស់យើងក៏អាចធ្វើដំណើរទៅប្រទេសតំបន់ភ្នំនេះផងដែរ»។
បើតាមទិន្នន័យរបស់ក្រសួងទេសចរណ៍ ប្រទេសកម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរម៉ុងហ្គោលីចំនួន ៨៩១ នាក់ កាលពីឆ្នាំ ២០២៣ កើនឡើងជាង ៧៣ ភាគរយ បើធៀបឆ្នាំ ២០២២ មានចំនួន ៥១៥ នាក់។
កម្ពុជា និងម៉ុងហ្គោលី បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីបង្កើនទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគ កាលពីខែមិថុនា ឆ្នាំ២០២២។ MoU នេះត្រូវបានគេរំពឹងថានឹងលើកទឹកចិត្តដល់វិស័យឯកជនម៉ុងហ្គោលី ក្នុងការសិក្សាពីសក្តានុពលនៃវិស័យកសិកម្មកម្ពុជា និងទំនិញសំខាន់ៗផ្សេងទៀត ដើម្បីបំពេញតម្រូវការទីផ្សាររបស់ខ្លួន។
យោងតាម លោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មដែលបានជួបជាមួយនឹងលោក Jamsran Byambasuren ឯកអគ្គរដ្ឋទូតម៉ុងហ្គោលី ប្រចាំកម្ពុជាដែលមាននិវេសនដ្ឋាននៅទីក្រុងវៀងចន្ទន៍ កាលពីខែកក្កដា ឆ្នាំ ២០២២ បានឱ្យដឹងថា កិច្ចខិតខំប្រឹងប្រែងត្រូវបានធ្វើឡើងដោយរដ្ឋាភិបាលកម្ពុជាដើម្បីកែលម្អបរិយាកាសធុរកិច្ច និងការវិនិយោគ។
លោក រាជ រ៉ា ដែលជាប្រធានក្រុមការងារចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTA) ជាមួយម៉ុងហ្គោលី បានថ្លែងថា៖ «កម្ពុជាដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។ យើងក៏បានខំប្រឹងប្រែងដើម្បីធ្វើពិពិធកម្មទីផ្សារនាំចេញតាមរយៈការចរចាដើម្បីបង្កើតកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាមួយចិន និងកូរ៉េខាងត្បូង»។
លោក Byambasuren បាន កត់សម្គាល់ពីកិច្ចខិតខំរបស់កម្ពុជាក្នុងការសម្រួលពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ និងអភិវឌ្ឍវិស័យសំខាន់ៗនៃសេដ្ឋកិច្ចជាតិ។
លោកថ្លែងថា៖ «ប្រទេសម៉ុងហ្គោលី កំពុងសិក្សាស្វែងយល់ពីបរិបទនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំង ២ ក្នុងរយៈពេលកន្លងមក»។
កាលពីខែកញ្ញា ឆ្នាំ ២០២០ លោក រាជ រ៉ា បានដឹកនាំក្រុមការងារអន្តរក្រសួងទៅប្រទេសម៉ុងហ្គោលីដោយបានសិក្សាពីការបង្កើត FTA៕