ភ្នំពេញៈ សហរដ្ឋអាមេរិកបានបន្តឈរនៅលើកំពូលតារាងជាទីផ្សារទទួលទិញទំនិញពីកម្ពុជាច្រើនជាងគេ ដោយនៅក្នុងខែដំបូងឆ្នាំ ២០២៤ ទំនិញដែលកម្ពុជានាំទៅទីនោះមានតម្លៃជិត ៦៣០ លានដុល្លារ គឺស្មើនឹងជិត ១/៣ នៃចំនួនទឹកប្រាក់នាំចេញសរុបកម្ពុជាទៅទីផ្សារអន្តរជាតិ។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។
ទិន្នន័យ GDCE បានឱ្យដឹងថា នៅក្នុងខែមករា ឆ្នាំ ២០២៤ កម្ពុជាបាននាំទំនិញទៅអាមេរិកក្នុងទឹកប្រាក់ ៦២៦,៨៣ លានដុល្លារ កើនឡើង ១១,៤ ភាគរយបើធៀបនឹងខែមករា ឆ្នាំ ២០២៣។ ទឹកប្រាក់ទំនិញកម្ពុជានាំទៅអាមេរិក ស្មើនឹងប្រមាណ ៣១,៩ ភាគរយនៃទឹកប្រាក់សរុបនៃទំនិញកម្ពុជានាំទៅទីផ្សារអន្តរជាតិ ដែលមានប្រមាណ ១ ៩៦៧,០២ លានដុល្លារ។
ក្នុងខែមករាផងដែរ កម្ពុជាបាននាំចូលទំនិញពីអាមេរិក ១៧,២៥ លានដុល្លារ ធ្លាក់ចុះ ៨ ភាគរយ បើធៀបខែមករា ឆ្នាំ ២០២៣។ សម្រាប់ពាណិជ្ជកម្មសរុប គឺមានទឹកប្រាក់ ៦៤៤,០៨ លានដុល្លារ កើនឡើង ១០,៨ ភាគរយ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៦ ខែកុម្ភៈថា ភាពធូរស្រាលនៃស្ថានភាពនយោបាយ និងកំណើនសេដ្ឋកិច្ចសកលបានជួយឱ្យការនាំចេញទំនិញរបស់កម្ពុជាកើនឡើងគួរឱ្យកត់សម្គាល់នៅដើមឆ្នាំ ២០២៤ ជាពិសេសទីផ្សារធំដូចជា អាមេរិក ចិន វៀតណាម និងជប៉ុន ជាដើម។ អាមេរិក គឺជាទីផ្សារនាំចេញធំជាងគេរបស់កម្ពុជា ដោយភាគច្រើនជាផលិតផលសម្លៀកបំពាក់ ស្បែកជើង កាបូប និងផលិតផលកសិកម្មមួយចំនួន។
លោកបន្តថា ប្រព័ន្ធអនុគ្រោះពន្ធនាំចូលទំនិញ GSP ដែលអាមេរិកផ្តល់ឱ្យកម្ពុជា ក៏ជាចំណែកសំខាន់ដែលជួយឱ្យទំនិញកម្ពុជាកាន់តែច្រើនត្រូវបាននាំទៅកាន់ទីនោះ។
លោកបញ្ជាក់ថា៖ «ភាពល្អប្រសើរនៃទំនាក់ទំនងការទូត និងការធ្វើពិពិធកម្មនៃប្រភេទទំនិញផលិតនៅកម្ពុជាបានចូលរួមចំណែកធ្វើឱ្យទំហំពាណិជ្ជកម្មរវាងប្រទេសទាំង ២ កើនជាបន្តបន្ទាប់ ពិសេសការនាំចេញរបស់កម្ពុជា។ អត្រាកំណើននេះត្រូវបានរំពឹងថា នឹងបន្តកើនឡើងថែមទៀតនាពេលខាងមុខ»។
លោកលើកឡើងទៀតថា ដោយសារបច្ចុប្បន្នសមត្ថភាពរោងចក្រ និងប្រភេទមុខទំនិញផលិតនៅកម្ពុជាមានកាន់តែច្រើន ព្រមទាំងមានគុណភាពកម្រិតស្តង់ដានោះ ការនាំចេញរបស់កម្ពុជាទៅទីផ្សារអាមេរិក និងគោលដៅផ្សេងៗទៀតប្រាកដជានឹងកើនឡើង។
ភាគច្រើននៃទំនិញដែលកម្ពុជានាំទៅទីផ្សារអាមេរិក គឺសម្លៀកបំពាក់ ស្បែកជើង កាបូបធ្វើដំណើរ បន្ទះសូឡា កង់ និងផលិតផលកសិកម្ម ចំណែកទំនិញដែលអាមេរិកនាំមកកម្ពុជាមានដូចជា រថយន្ត គ្រឿងចក្រ ឧបករណ៍អេឡិចត្រូនិក និងបរិក្ខារពេទ្យ ជាដើម។ នេះបើតាមលោក លឹម ហេង។
នៅក្នុងជំនួបរវាងលោក W.Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាជាមួយនឹងលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៣ ភាគីកម្ពុជាបានស្នើឱ្យអាមេរិកជួយជំរុញក្រុមហ៊ុនរបស់ខ្លួនឱ្យដាក់បញ្ជាទិញទំនិញពីកម្ពុជាឱ្យបានច្រើន ព្រមទាំងចូលមកវិនិយោគឱ្យបានកាន់តែច្រើន ដើម្បីធ្វើយ៉ាងណាជំរុញពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ចរវាងកម្ពុជា និងអាមេរិក។
នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ក្នុងពិធីបើកវេទិកាធុរកិច្ចអាមេរិក-កម្ពុជា កាលពីថ្ងៃទី ២២ ខែកញ្ញា ២០២៣ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានលើកឡើងថា កិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំង ២ គឺផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក និងទទួលបានអត្ថប្រយោជន៍ពីទីតាំងយុទ្ធសាស្ត្រ និងតម្លៃពលកម្ម។ ការណ៍នេះបានធ្វើឱ្យតម្លៃទំនិញផលិតកម្ពុជាមានតម្លៃទាបសម្រាប់អ្នកប្រើប្រាស់ ខណៈកម្ពុជាទទួលបានអត្ថប្រយោជន៍ពីការនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។
ក្នុងន័យទាក់ទាញវិនិយោគិនអាមេរិកឱ្យមកបណ្តាក់ទុននៅកម្ពុជា លោក ហ៊ុន ម៉ាណែត បានលើកឡើងថា នេះជាឱកាសល្អសម្រាប់វិនិយោគិន និងធុរជនអាមេរិកមកសិក្សាស្វែងយល់ពីសក្ដានុពលរបស់កម្ពុជា។
លោកបានថ្លែងថា៖ «បានឃើញម្ដង ប្រសើរជាងបានឮ ១ ពាន់ដង» ដូច្នេះសូមវិនិយោគិនមកស្វែងយល់ពីកម្ពុជារាជរដ្ឋាភិបាល និងបន្តការគាំទ្រយ៉ាងមុតមាំទៅដល់កាលានុវត្តភាពសម្រាប់បង្កើតសហប្រតិបត្តិការ និងការពង្រីកធុរកិច្ច ព្រមទាំងដោះស្រាយរាល់បញ្ហាប្រឈមទាំងចាស់ថ្មី ដើម្បីជំរុញសម្ទុះនៃការអភិវឌ្ឍវិស័យឯកជនឱ្យបានពេញលេញ និងក្លាយជាដៃគូគន្លឹះរបស់រាជរដ្ឋាភិបាល»។
ទិន្នន័យរបស់ GDCE ឱ្យដឹងថា ក្នុងឆ្នាំ ២០២៣ ការនាំទំនិញទៅមករវាងដៃគូពាណិជ្ជកម្មទាំង ២ មានទឹកប្រាក់សរុប ៩,១៥ ពាន់លានដុល្លារ ធ្លាក់ចុះ ១,៤ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ ក្នុងនោះទំនិញកម្ពុជានាំចេញទៅអាមេរិក ៨,៩ ពាន់លានដុល្លារ ថយចុះ ០,៨ ភាគរយ ចំណែកទំនិញអាមេរិកនាំមកកម្ពុជា ២៥៧,១៨ លានដុល្លារ ថយចុះ ១៧,៧ ភាគរយ៕