ភ្នំពេញៈ គម្រោងវិនិយោគវិស័យសំណង់យ៉ាងតិច ២ ដែលបានដាក់ពាក្យស្នើសុំវិនិយោគនៅខេត្តព្រះសីហនុ ក្រោមកម្មវិធីលើកទឹកចិត្តពិសេសរបស់រាជរដ្ឋាភិបាលកម្ពុជា ឆ្នាំ ២០២៤ ត្រូវក្រុមការងារជំរុញការវិនិយោគនៅក្នុងខេត្តព្រះសីហនុពិនិត្យរួចរាល់ ហើយដំណើរការសាងសង់អាចនឹងចាប់ផ្តើម នៅពេលឆាប់ៗ។
ថ្លែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៦ ខែកុម្ភៈ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា បន្ទាប់ពីការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីចុងខែមករា ស្តីពីវិធានការលើកទឹកចិត្តអ្នកវិនិយោគចូលមកបណ្តាក់ទុនក្នុងខេត្តព្រះសីហនុ គឺគេសង្កេតឃើញមានវិនិយោគិនជាបន្តបន្ទាប់បានមកសាកសួរព័ត៌មាន និងដាក់ពាក្យស្នើសុំវិនិយោគនៅខេត្តព្រះសីហនុ នៅក្រោមកញ្ចប់ពិសេសសម្រាប់ឆ្នាំ ២០២៤។
លោកបន្តថា រហូតមកដល់ពេលនេះមានក្រុមហ៊ុនចំនួន ៤-៥ បានដាក់ពាក្យស្នើសុំវិនិយោគ ខណៈមានក្រុមហ៊ុនជាច្រើនទៀតកំពុងសិក្សា និងត្រៀមដាក់ពាក្យដើម្បីទទួលបានសិទ្ធិវិនិយោគពិសេសផងដែរ។
លោកបានថ្លែងថា៖ «រហូតមកដល់ពេលនេះក្រុមការងាររបស់យើងបានទទួលសំណើរបស់ក្រុមហ៊ុនឯកជនប្រមាណ ៤-៥ ដែលក្នុងនេះ ២ ករណី ត្រូវបានក្រុមការងារបានធ្វើការពិនិត្យ ពិភាក្សា និងវាយតម្លៃ ហើយផ្តល់ជូនកញ្ចប់លើកទឹកចិត្តពិសេសពាក់ព័ន្ធទៅនឹងបញ្ហាសារពើពន្ធ និងមិនមែនសារពើពន្ធ ដើម្បីឆ្លើយតបនឹងសំណូមពររបស់ផ្នែកឯកជនដែលស្នើសុំចាប់ផ្តើមសកម្មភាពវិនិយោគ»។
លោកប្រាប់ទៀតថា សម្រាប់ស្ថានភាពវិស័យសំណង់ និងអចលនទ្រព្យនៅខេត្តព្រះសីហនុនាដើមឆ្នាំ ២០២៤ នេះ គឺមានភាពល្អប្រសើរច្រើនបើធៀបនឹងដើមឆ្នាំ ២០២៣ ប៉ុន្តែវាមិនទាន់រីកចម្រើនខ្លាំងដូចមុនឆ្នាំ ២០១៩ ទេ។
លោកអះអាងថា៖ «ការសាងសង់ ជួសជុល ក៏ដូចជាការរៀបចំអគារ និងទីតាំងមួយចំនួន ដើម្បីបម្រើឱ្យការប្រកបអាជីវកម្ម ក៏ដូចជាការវិនិយោគផ្សេងៗក្នុងខេត្តព្រះសីហនុនេះ គឺមានសញ្ញាណវិជ្ជមានឡើងវិញហើយ បើទោះបីមិនទាន់លឿន ប៉ុន្តែសញ្ញាវិជ្ជមានគឺចាប់ផ្តើមបណ្តើរៗហើយ»។
បើតាមលោក ឌីម៉ង់ បច្ចុប្បន្នក្នុងខេត្តព្រះសីហនុមានអគារធំៗជាច្រើន ដោយក្នុងនោះជាង ៣៦០ អគារសាងសង់មិនទាន់រួច និងប្រហែល ១៦០-១៧០ អគារទៀតសាងសង់រួច ប៉ុន្តែមិនបានបើកដំណើរការ។
លោកនិយាយទៀតថា ការវិនិយោគ និងការសងសង់ក្នុងខេត្តព្រះសីហនុក្នុងឆ្នាំ ២០២៤ ប្រាកដជានឹងបោះជំហានទៅមុខលឿនជាងឆ្នាំ ២០២៣។
លោកបញ្ជាក់ថា៖ «ក្នុងនាមអាជ្ញាធរខេត្ត គឺយើងពិតជាមានការរំពឹងទុកខ្ពស់ថា កម្មវិធីពិសេសនេះនឹងផ្តល់ទំនុកចិត្តខ្ពស់ដល់វិនិយោគិនក្នុងស្រុក និងក្រៅស្រុកដើម្បីពិចារណាក្នុងការបណ្តាក់ទុនឱ្យទាន់នៅក្នុងឆ្នាំ ២០២៤ ដែលមានការលើកលែងពិសេស។ ការលើកលែងពិសេសនេះគឺជួយច្រើនណាស់ទាំងពន្ធ និងមិនមែនពន្ធ»។
ប្រធានសាខាក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តព្រះសីហនុ លោក អ៊ឹម សេងហួ បានឱ្យដឹងថា ការវិលត្រឡប់មកវិញជាបណ្តើរៗរបស់វិនិយោគិនបរទេស ពិសេសជនជាតិឥណ្ឌូនេស៊ី និងចិន បានជំរុញឱ្យការដ្ឋានសំណង់មួយចំនួនដែលជាប់គាំងកន្លងមកឱ្យចាប់ផ្តើមដំណើរការសាងសង់ឡើងវិញ ដើម្បីឆ្លើយតបកំណើននៃតម្រូវការទីតាំងជួលបើកអាជីវកម្ម ប៉ុន្តែសម្រាប់ទីផ្សារទិញ-លក់ គឺនៅតែបន្តស្ងប់ស្ងាត់។
លោកអះអាងថា៖ «មួយរយៈចុងក្រោយនេះខ្ញុំសង្កេតឃើញអគារដែលគេទុកចោល ២-៣ ឆ្នាំចុងក្រោយ បានចាប់ផ្តើមបន្តការសាងសង់ឡើងវិញ ព្រោះតែកំណើននៃតម្រូវការជួល ជាពិសេសពីសំណាក់វិនិយោគិនឥណ្ឌូនេស៊ី និងចិន»។
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត កាលពីខែមករា ឆ្នាំ ២០២៤ បានប្រកាសដាក់ចេញ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤» ក្នុងគោលបំណងដើម្បីជំរុញសកម្មភាពធុរកិច្ច និងការវិនិយោគ សំដៅប្រែក្លាយខេត្តព្រះសីហនុឱ្យទៅជាខេត្តដែលមានសក្តានុពលសេដ្ឋកិច្ចលើគ្រប់វិស័យ។
«កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤» ត្រូវបានរៀបចំឡើងដោយឈរលើទស្សនទានគោលចំនួន ៤ គឺ ១. កែប្រែមុខមាត់ខេត្តព្រះសីហនុ ឱ្យទៅជាខេត្តមានមូលដ្ឋានសេដ្ឋកិច្ចពឹងផ្អែកលើឧស្សាហកម្ម, ទេសចរណ៍ និងការវិនិយោគ, ២. ដោះស្រាយបញ្ហាប្រឈមជាក់ស្តែង, ៣. ដាក់ចេញវិធានការអនុវត្តជាក់ស្តែងដែលមានលក្ខណៈជាការបំពេញបន្ថែមប្រកបដោយសង្គតិភាពទៅនឹងគោលនយោបាយ និងយុទ្ធសាស្ត្រនានារបស់រាជរដ្ឋាភិបាល, និង៤. បង្កើនល្បឿនការធ្វើបរិវត្តកម្ម និងការអភិវឌ្ឍឧស្សាហកម្មក្នុងខេត្តព្រះសីហនុឱ្យមានតម្លៃបន្ថែម និងមានឧត្តមភាពប្រកួតប្រជែងខ្ពស់។
កម្មវិធីពិសេសនេះ គឺមានគោលបំណងលើកកម្ពស់សកម្មភាពវិនិយោគ និងធុរកិច្ចក្នុងខេត្តព្រះសីហនុ សម្រាប់ឆ្នាំ ២០២៤ ឱ្យកាន់តែច្រើន និងមានសម្ទុះលឿនដោយផ្តោតលើគម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ចចំនួន ៣ ប្រភេទ គឺទី១. គម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ច ពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង និងចាប់ផ្តើមដំណើរការអនុវត្តភ្លាមក្នុងឆ្នាំ ២០២៤, ទី២ គម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ច មិនជាប់ពាក់ព័ន្ធនឹងអគារជាប់គាំង ប៉ុន្តែចាប់ផ្តើមដំណើរការបានភ្លាមក្នុងឆ្នាំ២០២៤, ទី៣ ការពង្រីកគម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ចមានស្រាប់ស្របតាមលក្ខណវិនិច្ឆ័យជាក់លាក់ដែលត្រូវចាប់ផ្តើមដំណើរការនៅក្នុងឆ្នាំ ២០២៤៕