ភ្នំពេញ៖ ក្រុមហ៊ុនកំពង់ផែស្វយ័តភ្នំពេញ (PPAP) ដែលចុះបញ្ជីភាគហ៊ុននៅផ្សារមូលបត្រកម្ពុជាបានរាយការណ៍ពីភាពល្អប្រសើរនៃវឌ្ឍនភាពដំណើរការអាជីវកម្មក្នុងខែដំបូងឆ្នាំនេះ ដោយសារភាពប្រសើរឡើងនៃសេដ្ឋកិច្ចពិភពលោក និងតំបន់ ខណៈដែលរដ្ឋាភិបាលបានព្យាករថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជានឹងកើនឡើងដល់ ៦,៦ ភាគរយនៅឆ្នាំនេះ។
យោងតាមឯកសាររបស់ក្រុមហ៊ុនកំពង់ផែមួយនេះ ផ្ញើទៅកាន់ផ្សារមូលបត្រកម្ពុជា (CSX) កាលពីថ្ងៃទី ២២ ខែកុម្ភៈ ចំនួនកុងតឺន័រឆ្លងកាត់កំពង់ផែមានចំនួន ២៩ ៩០៨ TEUs កាលពីខែមករាឆ្នាំនេះ ធៀបនឹង ២៧ ៥៤៦ កាលពីខែមករា ឆ្នាំ ២០២២ កើនឡើង ៨,៥៧ ភាគរយ។
ចំនួនទូកដឹកអ្នកដំណើរមានចំនួន ៨៥ ធៀបនឹង ៦០ កើនឡើង ៤១,៦៧ ភាគរយ។ អ្នកដំណើរមានចំនួន ៤ ២៤៧ នាក់ធៀបនឹង ២ ០៨៧ នាក់ កើនឡើង ១០៣,៥ ភាគរយ ខណៈដែលចំនួនទំនិញ និងប្រេងឥន្ធនៈបានកត់ត្រាចំនួន ៣១១ ០៥៩ តោន ធៀបនឹង ៣២២ ៦១៦ តោន ធ្លាក់ចុះបន្តិចចំនួន ៣,៥៨ ភាគរយ ហើយនាវាដឹកទំនិញបានធ្លាក់ចុះ ៤៣,២៦ ភាគរយ មកនៅត្រឹម ១៨១ ពីចំនួន ៣១៩។
កញ្ញា គឹម សុផានីតា ប្រធាននាយកដ្ឋានប្រតិបត្តិការទីផ្សារ ផ.ម.ក. បានឱ្យដឹងថា ដំណើរការរបស់ក្រុមហ៊ុនកំពង់ផែមួយនេះ កំពុងស្ទុះងើបឡើងវិញ ដែលឆ្លុះបញ្ចាំងពីភាពប្រសើរឡើងនៃសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក។
កញ្ញាថ្លែងថា៖ «ប្រតិបត្តិការរបស់ពួកគេទទួលបានភាពប្រសើរឡើង។ កាលពីឆ្នាំមុន ដោយសារការធ្លាក់ចុះផ្នែកខ្លះនៃអាជីវកម្មរបស់ពួកគេអាចមានរយៈពេលខ្លី វិនិយោគិនអាចមានទំនោរនឹងរក្សា និងបន្តសង្កេតមើលប្រតិបត្តិការរបស់ក្រុមហ៊ុនមួយនេះ។ ម្យ៉ាងវិញទៀត វានឹងល្អប្រសិនបើក្រុមហ៊ុនអាចចែករំលែកដល់វិនិយោគិនសាធារណៈអំពីចក្ខុវិស័យ និងការរំពឹងទុករបស់ក្រុមហ៊ុន នៅត្រីមាសបន្ទាប់ និងពេលវេលាណាមួយនៅឆ្នាំនេះ»។
លោក ស៊ិន ចន្ធី ប្រធានសមាគមភ័ស្តុភារកម្ពុជា (CLA) បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីពេលថ្មីៗនេះថា សកម្មភាពដឹកជញ្ជូន និងតម្លៃទំនិញនៅឆ្នាំ២០២៣ គឺប្រហាក់ប្រហែល ឬទាបជាងឆ្នាំ ២០២២ បន្តិច។ ការណ៍នេះបើទោះជាបណ្ដាប្រទេសជាច្រើនបើកប្រទេស និងដំណើរការសេដ្ឋកិច្ចឡើងវិញជុំវិញពិភពលោកក្រោយការរីករាលដាលជំងឺកូវីដក៏ដោយ។
លោកបានចាត់ទុកថា ដំណើរការមិនល្អនៃវិស័យនេះ ដោយសារតែកំណើនសេដ្ឋកិច្ចពិភពលោកមិនល្អ ដែលបានធ្វើឱ្យតម្រូវការទំនិញផ្សេងៗធ្លាក់ចុះជាសកល។ ទោះជាយ៉ាងណាក៏ដោយ លោក ចន្ធី នៅតែមានសុទិដ្ឋិនិយមថា ការបញ្ជាទិញពីក្រៅប្រទេសនឹងកើនឡើងរហូតដល់ដំណាច់ឆ្នាំ ២០២៣ ដែលគួរតែជំរុញវិស័យដឹកជញ្ជូន។
លោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងនៅក្នុងវេទិកាសាធារណៈស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចកាលពីពាក់កណ្តាលខែកុម្ភៈថា សេដ្ឋកិច្ចរបស់កម្ពុជានឹងកើនឡើងប្រមាណ ៦,៦ ភាគរយ នៅឆ្នាំ ២០២៤ បើទោះបីជាមានបញ្ហាប្រឈមខាងក្រៅដូចជាភាពតានតឹងភូមិសាស្ត្រនយោបាយ និងការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក រួមទាំងដៃគូពាណិជ្ជកម្មសំខាន់ៗរបស់ខ្លួនក៏ដោយ។
លោកបានបន្តថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសកម្ពុជានឹងកើនឡើងដល់ប្រមាណ ១៤២,៩៦ ពាន់ពាន់លានរៀល (ប្រហែល ៣៥,១៧ ពាន់លានដុល្លារ) នៅឆ្នាំនេះ ដោយផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់រំពឹងថានឹងកើនឡើងដល់ ២ ០៧១ ដុល្លារ បើធៀបនឹង ១ ៩១៧ ដុល្លារកាលពីឆ្នាំ ២០២៣។
លោកបញ្ជាក់ថា៖ «ទាក់ទងនឹងអ្នកទិញ ការបញ្ជាទិញ និងឧស្សាហកម្មរោងចក្រក្នុងឆ្នាំ ២០២៤ មានសុទិដ្ឋិនិយមជាច្រើនដែលបង្ហាញពីការស្ទុះងើបឡើងវិញជាវិជ្ជមាន។ លើសពីនេះ ផលិតកម្មក្នុងវិស័យមិនមែនកាត់ដេរ និងកសិកម្មក៏កំពុងដំណើរការល្អផងដែរ»៕