ភ្នំពេញៈ សកម្មភាពនៃការនាំចេញ នាំចូលទំនិញរវាងកម្ពុជា-ថៃ នៅក្នុងខែដំបូងឆ្នាំ ២០២៤ មានទឹកប្រាក់ជិត ៣៤២ លានដុល្លារ កើនតិចតួចបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ខណៈកម្ពុជាមានឱនភាពជញ្ជីងពាណិជ្ជកម្មចំនួន ១៣២ លានដុល្លារ។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។
ស្ថិតិកត់ត្រាដោយ GDCE ឱ្យដឹងថា ក្នុងខែមករា ឆ្នាំ ២០២៤ ការផ្លាស់ប្តូរទំនិញរវាងកម្ពុជា-ថៃ មានទឹកប្រាក់សរុប ៣៤១,៨ លានដុល្លារ កើន ០,២ ភាគរយបើធៀបទៅខែមករា ឆ្នាំ ២០២៣ ដោយក្នុងនោះទំនិញដែលថៃនាំចូលកម្ពុជាមាន ២៣៦,៩៣ លានដុល្លារ កើន ១,៥ ភាគរយ ចំណែកទំនិញកម្ពុជានាំទៅថៃ ១០៤,៨៧ លានដុល្លារ ធ្លាក់ចុះ ២,៧ ភាគរយ។
បើយោងតាម GDCE ក្នុងខែមករា ឆ្នាំ ២០២៤ ជញ្ជីងកម្ពុជាមានឱនភាព ១៣២,០៦ លានដុល្លារ បើធៀបនឹង ១២៥,៥៨ លានដុល្លារកាលពីខែមករា ឆ្នាំ ២០២៣។ ប្រទេសថៃ គឺជាដៃគូពាណិជ្ជកម្មអន្តរជាតិធំជាងគេទី ៤ របស់កម្ពុជា បន្ទាប់ពីចិន វៀតណាម និងអាមេរិក។
សេដ្ឋវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៧ ខែកុម្ភៈ ថា សកម្មភាពនាំចេញនាំចូលទំនិញរវាងប្រទេសទាំង ២ គឺមានជារៀងរាល់ថ្ងៃ ដោយភាគច្រើននៃទំនិញកម្ពុជានាំទៅប្រទេសថៃ គឺជាធនធានធម្មជាតិ និងផលិតផលកសិកម្មមិនទាន់កែច្នៃ ចំណែកទំនិញថៃនាំមកវិញ គឺមានច្រើនប្រភេទរាប់ចាប់តាំងពីចំណីអាហារ សម្ភារប្រើប្រាស់ប្រចាំថ្ងៃ គ្រឿងយន្តកសិកម្ម យានយន្ត ជីគីមី និងសម្ភារសំណង់ ជាដើម។
លោកបន្តថា ទោះបីទិន្នន័យទំហំពាណិជ្ជកម្មប្រទេសទាំង ២ ធ្លាក់ចុះ ប៉ុន្តែដោយសារតែប្រទេសទាំង ២ មានព្រំដែនគោកនិងទឹកជាប់គ្នាច្រើន ដូច្នេះទំហំទឹកប្រាក់ពាណិជ្ជកម្មពិតប្រាកដជាលើសពីការកត់ត្រាផ្លូវការ។
លោកថ្លែងថា៖ «ដោយសារសមត្ថភាពរោងចក្រ/សហគ្រាសផលិត និងកែច្នៃក្នុងប្រទេសកម្ពុជាមានកម្រិត ដូច្នេះតែងមានលំហូរផលិតផលកសិកម្ម និងធនធានធម្មជាតិជាច្រើនទៅប្រទេសថៃ។ ប្រទេសថៃ គឺជាទីផ្សារសំខាន់មួយសម្រាប់ផលិតផលកសិកម្មកម្ពុជា»។
ទាក់ទងនឹងឱនភាពជញ្ជីងពាណិជ្ជកម្មអន្តរជាតិ លោក វណ្ណៈ បានប្រាប់ថា ស្ថានភាពបច្ចុប្បន្នរបស់កម្ពុជាគឺល្អប្រសើរជាងមុន ដោយឱនភាពជញ្ជីងពាណិជ្ជកម្មភាគច្រើនត្រូវបានកាត់បន្ថយ និងឈានទៅវិជ្ជមាននៅប្រទេសមួយចំនួន។
ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបងដែលជាខេត្តមានព្រំដែនជាប់ប្រទេសថៃ លោក គីម ហួត បាននិយាយថា ការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំង ២ បានដំណើរការទៅមុខដោយរលូន ដោយនៅរដូវប្រមូលផលដំណាំកសិកម្មម្តងៗ តែងមានភ្ញៀវក្នុងស្រុក និងមកពីប្រទេសថៃ មកទិញកសិផលពីកសិករខ្មែរ ដើម្បីនាំយកទៅប្រទេសថៃសម្រាប់ការកែច្នៃ វេចខ្ចប់ និងនាំចេញបន្ត។ លោកបន្ថែមថា ប្រទេសថៃ គឺជាទីផ្សារធំជាងគេសម្រាប់ប្រជាកសិករនៅតំបន់ភាគពាយព្យ។
លោកថ្លែងថា៖ «ការនាំចេញ-នាំចូលទំនិញរវាងប្រទេសទាំង ២ បានបោះជំហានទៅមុខល្អ ដោយការផ្លាស់ប្តូរទំនិញបានកើតមានជារៀងរាល់ថ្ងៃ»។
កាលពីថ្ងៃទី ៧ ខែកុម្ភៈ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល និងផ្នែកឯកជនកម្ពុជាមួយចំនួនទៅធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសថៃ។ ក្នុងអំឡុងដំណើរទស្សនកិច្ចនោះកម្ពុជា-ថៃ បានចុះអនុស្សរណៈនៃការយោគយល់ (NoU) លើកិច្ចសហប្រតិបត្តិការជាច្រើន ក្នុងនោះផ្នែកពាណិជ្ជកម្មរួមមាន MoU ស្តីពីទំនិញឆ្លងកាត់រវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងនាយកដ្ឋានគយថៃ, MoU រវាងសភាពាណិជ្ជកម្មកម្ពុជា និងធនាគារនាំចេញ-នាំចូលថៃ និង MoU រវាងសភាពាណិជ្ជកម្មកម្ពុជា និងគណៈកម្មាធិការពាណិជ្ជកម្មថៃ។
តាមរយៈដំណើរទស្សនកិច្ចនោះ ភាគីទាំង ២ មានសង្ឃឹមថា ចំណងទាក់ទងការទូត ការធ្វើពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីនឹងរឹតតែរឹងមាំថែមទៀត។ ជាមួយគ្នានេះរដ្ឋាភិបាលប្រទេសទាំង ២ ក៏បានដាក់គោលដៅសម្រេចទំហំពាណិជ្ជកម្មទ្វេភាគីឱ្យបាន ១៥ ពាន់លានដុល្លារ នៅត្រឹមឆ្នាំ ២០២៥។
តាម GDCE ក្នុងឆ្នាំ ២០២៣ ការធ្វើពាណិជ្ជកម្មកម្ពុជា-ថៃ មានទឹកប្រាក់សរុប ៣,៧១ ពាន់លានដុល្លារ ធ្លាក់ចុះ ១៧ ភាគរយធៀបឆ្នាំ ២០២២ ក្នុងនោះកម្ពុជានាំទំនិញទៅប្រទេសថៃ ៨១៧,៥៧ លានដុល្លារ ធ្លាក់ចុះ ១,៧ ភាគរយ និងថៃនាំទំនិញចូលប្រទេសកម្ពុជា ២,៨៩ ពាន់លានដុល្លារ ធ្លាក់ចុះ ២០,៥ ភាគរយ៕