ភ្នំពេញ: ធនាគារជាតិនៃកម្ពុជា (NBC) និងធនាគារកណ្ដាលម៉ាឡេស៊ី (BNM) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MoU) ដើម្បីធ្វើការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់ ជាពិសេសដើម្បីជួយសម្រួលសកម្មភាពពាណិជ្ជកម្ម និងទេសចរណ៍ឆ្លងដែនរវាងប្រទេសទាំង ២។
MoU នេះត្រូវបានចុះហត្ថលេខារវាងលោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោក Abdul Rasheed Ghaffour ទេសាភិបាល ធនាគារកណ្ដាលម៉ាឡេស៊ី ក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត និងលោក Yang Amat Berhormat Datuk Seri Anwar Ibrahim នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ២៧ ខែកុម្ភៈ។ នេះបើយោងសេចក្ដីប្រកាសព័ត៌មានរួម។
MoU នេះ គឺជាជំហានថ្មីមួយក្នុងគំនិតផ្តួចផ្តើមការតភ្ជាប់ការទូទាត់ក្នុងតំបន់អាស៊ាន ហើយក៏ស្របនឹងទិសដៅ ជាយុទ្ធសាស្ដ្ររបស់ប្រទេស G20 ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការទូទាត់ឆ្លងដែន។ អនុស្សរណៈយោគយល់នេះនឹងជួយសម្រួលដល់សកម្មភាពពាណិជ្ជកម្ម និងវិស័យទេសចរណ៍ឆ្លងដែនរវាងប្រទេសនានា។
ប្រទេស ទាំង ២ ទទួលយកការទូទាត់តាមឃ្យូអរកូត ប្រមាណ ៥ លានទីតាំង រាប់បញ្ជូលទាំងអាជីវកម្មខ្នាតតូចផងដែរ នឹងទទួលបានអត្ថប្រយោជន៍ពីកិច្ចសហប្រតិបត្តិការនេះ។
សេចក្ដីប្រកាសព័ត៌មានបន្តថា៖ «MoU នេះនឹងជំរុញកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាង NBC និង BNM ដើម្បីជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ និងជំរុញការទូទាត់ឆ្លងព្រំដែនប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពបន្ថែមទៀត សម្រាប់ជាប្រយោជន៍សម្រាប់បុគ្គល និងអាជីវកម្មនៅក្នុងប្រទេសទាំង ២»។
កិច្ចសហប្រតិបត្តិការនេះ មានវិសាលភាពគ្របដណ្ដប់លើទម្រង់ជាច្រើនក្នុងការតភ្ជាប់ប្រព័ន្ធទូទាត់នៃប្រទេសទាំង ២ រាប់បញ្ចូលទាំងការតភ្ជាប់ការទូទាត់ក្នុងស្រុករវាងប្រទេសទាំងពីរ ដើម្បីបើកលទ្ធភាពដល់ការទូទាត់ ឆ្លងដែនតាមឃ្យូអរកូត។ កិច្ចសហប្រតិបត្តិការនេះ មានគោលបំណងជំរុញការប្រើប្រាស់រូបិយវត្ថុក្នុងស្រុក សម្រាប់ការទូទាត់ ព្រមទាំងបានជួយគាំទ្រដល់យន្តការកិច្ចសហប្រតិបត្តិការត្រួតពិនិត្យការទូទាត់ឆ្លងដែន ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាព។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន។
លោក Abdul Rasheed Ghaffour ទេសាភិបាល ធនាគារកណ្ដាលម៉ាឡេស៊ី បានឱ្យដឹងថា អនុស្សរណៈយោគយល់នេះ បានឆ្លុះបញ្ចាំងអំពីការប្ដេជ្ញាចិត្តរបស់ធនាគារកណ្ដាលទាំងពីរ ក្នុងការលើកកម្ពស់ប្រតិបត្តិការទូទាត់ឆ្លងដែន ការផ្ទេរប្រាក់ និងការទូទាត់ដោយប្រើប្រាស់រូបិយវត្ថុជាតិ។
លោកបានថ្លែងនៅក្នុងសេចក្ដី ប្រកាសព័ត៌មាននេះថា៖ «កិច្ចសហប្រតិបត្តិការនេះ នឹងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការយូរអង្វែង រវាងធនាគារកណ្ដាលម៉ាឡេស៊ី និងធនាគារ ជាតិនៃកម្ពុជា ក្នុងបុព្វហេតុផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងធុរជននៃប្រទេសទាំងពីរ។ ការណ៍នេះ នឹងជាកម្លាំងចលករមួយក្នុងការជំរុញនវានុវត្តន៍ និងសមាហរណកម្មហិរញ្ញវត្ថុ ដែលនឹងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់»។
លោកស្រី ជា សិរី បានឱ្យដឹងថា អនុស្សរណៈយោគយល់នេះគឺជាការបោះជំហានដ៏សំខាន់មួយ ដើម្បីឆ្ពោះទៅរកការពង្រឹងកិច្ចសហប្រតិបត្តិការរបស់ធនាគារកណ្ដាលទាំងពីរ។
លោកស្រីថ្លែងថា៖ «តាមរយៈអនុស្សរណៈយោគយល់នេះ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្ដាលម៉ាឡេស៊ី នឹងសហការគ្នាដើម្បីជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ និងកែលម្អប្រព័ន្ធទូទាត់ឆ្លងដែន សំដៅជំរុញសកម្មភាព ពាណិជ្ជកម្ម និងបរិយាប័ន្នហិរញ្ញវត្ថុរបស់ប្រទេសទាំងពីរ ព្រមទាំងជួយលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុក្នុងស្រុក ស្របតាមគោលដៅរបស់អាស៊ាន»។
ប្រទេសម៉ាឡេស៊ី ជាដៃគូពាណិជ្ជកម្មឈានមុខគេមួយរបស់កម្ពុជាសម្រាប់ទីផ្សារក្នុងតំបន់កាលពីឆ្នាំ ២០២៣។ ដោយការដោះដូរទំនិញទ្វេភាគីរវាងកម្ពុជា-ម៉ាឡេស៊ី សម្រេចបានទឹកប្រាក់ជាង ៦៣២ លានដុល្លារ កើនឡើងជិត ២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ ដែលមានចំនួន ៦២០,៣៧ លានដុល្លារ។ នេះបើយោងតាមការរាយការណ៍ដោយ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE)។
ការនាំចូលរបស់ម៉ាឡេស៊ីមកកម្ពុជាបានកើនឡើង ៣,៧១ ភាគរយ ដល់ ៥២៧,៣៨ លានដុល្លារ ខណៈការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសដែលកាន់សាសនាអ៊ិស្លាមមួយនេះ បានធ្លាក់ចុះ ៦ ភាគរយ មកជាង ១០៥ លានដុល្លារ។
កាលពីឆ្នាំមុន ប្រទេសកម្ពុជា បានស្វាគមន៍ភ្ញៀវទេសចរបរទេសចំនួន ៥,៥ លាននាក់ ដែលបានកើនឡើង យ៉ាងខ្លាំងចំនួន ១៣៩,៥ ភាគរយបើធៀបនឹងឆ្នាំ ២០២២។
កាលពីឆ្នាំមុន ប្រទេសកម្ពុជា បានស្វាគមន៍ភ្ញៀវទេសចរបរទេសចំនួន ៥,៥ លាននាក់ កើនឡើង ១៣៩,៥ ភាគរយ បើធៀបនឹងឆ្នាំ ២០២២។ ថៃគឺជាប្រទេសដែលមានភ្ញៀវទេសចរឈានមុខគេ បន្ទាប់មកគឺវៀតណាម ចិន ឡាវ អាមេរិក កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី បារាំង ចក្រភពអង់គ្លេស និងម៉ាឡេស៊ី៕