ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជានឹងប្រមូលមូលនិធិប្រមាណ ១០៨ លានដុល្លារ នៅឆ្នាំ ២០២៤ នេះតាមរយៈការបោះផ្សាយសញ្ញាបណ្ណរដ្ឋាភិបាលសម្រាប់ថវិកាជាតិ ជាពិសេសសម្រាប់គាំទ្រគម្រោងវិនិយោគមួយចំនួន។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF)។
លោក មាស សុខសេនសាន្ត អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា នៅឆ្នាំ ២០២៤ នេះរាជរដ្ឋាភិបាលកម្ពុជានឹងបោះផ្សាយមូលបត្របំណុលរដ្ឋដែលមានតម្លៃ ៤៤០ ពាន់លានរៀល ឬប្រមាណ ១០៨ លានដុល្លារតាមរយៈវេទិកាធនាគារជាតិនៃកម្ពុជា (NBC) ដែលជាភ្នាក់ងារចេញមូលបត្របំណុលនេះ។
លោកបានថ្លែងថា៖ «នៅឆ្នាំ ២០២៤ រាជរដ្ឋាភិបាលកម្ពុជានឹងបោះផ្សាយមូលបត្ររដ្ឋចំនួន ៤៤០ ប៊ីលានរៀល ដែលស្មើនឹងប្រមាណ ១០៨ លានដុល្លារ។ ការបោះផ្សាយមូលបត្ររដ្ឋ គឺសម្រាប់សងប្រាក់ដើមនិងការប្រាក់មូលបត្ររដ្ឋ ដែលបានបោះផ្សាយនាឆ្នាំកន្លងទៅនិងដើម្បីធ្វើហិរញ្ញប្បទានទៅលើគម្រោងវិនិយោគដែលអាចផ្តល់ចំណូលដោយត្រង់មករាជរដ្ឋាភិបាល និងផ្តល់ផលរហ័ស ដើម្បីធានាប្រសិទ្ធភាពនៃការវិនិយោគ និងចីរភាពនៃការគ្រប់គ្រងបំណុលសាធារណៈ និងថវិកាជាតិ»។
យោងតាមលោក សុខ សេនសាន្ត សម្រាប់ឆ្នាំ ២០២៤ រាជរដ្ឋាភិបាលកម្ពុជាមានតម្រូវការហិរញ្ញប្បទានក្នុងទំហំ ៤,៧០ ភាគរយនៃផលិតផលក្នុងស្រុកសរុប(ផ.ស.ស) ដែលនឹងត្រូវបានគាំទ្រហិរញ្ញប្បទានក្នុងប្រទេស តាមរយៈការបោះផ្សាយមូលបត្ររដ្ឋ និងហិរញ្ញប្បទានក្រៅប្រទេសក្នុងទំហំ ៤,៣៩ ភាគរយ នៃ ផ.ស.ស ដែលស្មើនឹងប្រមាណជាង ២ ពាន់លានដុល្លារ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
លោកបញ្ជាក់ថា រាជរដ្ឋាភិបាលចាប់ផ្តើមបោះផ្សាយលក់មូលបត្ររដ្ឋជាលើកដំបូងកាលពីឆ្នាំ ២០២២ នៅក្នុងទំហំទឹកប្រាក់ ៣០០ លានដុល្លារ តាមរយៈយន្តការដាក់ដេញថ្លៃរបស់ធនាគារជាតិនៃកម្ពុជា។ នៅឆ្នាំ ២០២៣ តាមរយៈច្បាប់ថវិកាជាតិ រដ្ឋាភិបាលបានប្រកាសបោះផ្សាយលក់មូលបត្ររដ្ឋ ចំនួន ២០០ លានដុល្លារ។
អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (SERC) លោក ស៊ូ សុជាតិ បានឱ្យដឹងថា សម្រាប់មូលបត្របំណុល គឺជាឆន្ទានុសិទ្ធរបស់រដ្ឋាភិបាលទាំងស្រុងនៅក្នុងការសម្រេចបោះផ្សាយទំហំទឹកប្រាក់ និងចំនួននៃសញ្ញាបណ្ណ។
លោកបញ្ជាក់ថា៖ «ផ្សារមូលបត្រកម្ពុជាយើងសាទរសម្រាប់ការបោះផ្សាយមូលបត្របំណុលរបស់រដ្ឋាភិបាល ដោយសារវាជាឧបករណ៍ហិរញ្ញវត្ថុមួយដែលនឹងជួយដល់ការចូលរួមចំណែក ឬប្រមូលសាច់ប្រាក់ពីក្នុងស្រុកដើម្បីដាក់បញ្ចូលទៅក្នុងសេចក្តីត្រូវការផ្សេងៗ»។
លោកបានបញ្ជាក់ថា៖ «ទោះជាយ៉ាងណា ក៏វាជា Benchmark មួយដ៏ល្អ មានន័យថាកាលណាមានបណ្ណបំណុលវាគឺជាការកំណត់ថ្លៃមួយសម្រាប់ប្រភេទបណ្ណបំណុលក្នុងស្រុក។ ការណ៍នេះគឺជាជម្រើសដ៏ល្អមួយដែលទីផ្សារអាចរៀនសូត្រពីការងារទាំងអស់នេះ»។
លោក គី សិរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា ក៏បានយល់ឃើញនឹងការលើកឡើងខាងលើដែរ ដោយលោកអះអាងថា សម្រាប់បណ្ណបំណុលសាធារណៈនេះ គឺវាមានសារៈសំខាន់ណាស់នៅតាមបណ្តាប្រទេសអភិវឌ្ឍន៍ ដោយសារតែជាទូទៅការប្រមូលចំណូលរបស់រដ្ឋាភិបាល [កម្ពុជា] ជាពិសេសចំណូលពន្ធនៅមានកម្រិត ដូច្នេះការបោះបណ្ណបំណុលសាធារណៈនេះគឺស្មើនឹងប្រជាពលរដ្ឋយកលុយរបស់ខ្លួនទៅសន្សំជាមួយរដ្ឋាភិបាល ខណៈរាជរដ្ឋាភិបាលខ្ចីប្រាក់ពីប្រជាពលរដ្ឋខ្លួនឯងដោយផ្តល់នូវអត្រាការប្រាក់ក្នុងកម្រិតកំណត់ណាមួយឱ្យដល់ពលរដ្ឋរបស់ខ្លួនវិញ។
លោកបន្ថែមថា សម្រាប់ការខ្ចីលុយពីប្រជាពលរដ្ឋខ្លួនឯងនេះ គឺដើម្បីយកទៅធ្វើហិរញ្ញប្បទានទៅលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដូចជាការសាងសង់ផ្លូវ ស្ពាន ដែលសុទ្ធតែជាការចំណាយប្រាក់ធំៗ ដូច្នេះបណ្ណបំណុលនេះគឺជួយរដ្ឋាភិបាលឱ្យមានលទ្ធភាពប្រមូលទុនក្នុងស្រុកដើម្បីយកទៅសាងសង់ និងវាក៏ជួយឱ្យកាត់បន្ថយការខ្ចីបុលពីក្រៅប្រទេស។
លោកថ្លែងថា៖ «ការណ៍នេះ គឺចំណេញទាំងអស់គ្នាដោយប្រជាពលរដ្ឋនឹងទទួលបានការប្រាក់ពីរដ្ឋាភិបាល ខណៈរដ្ឋាភិបាលក៏មានប្រាក់គ្រប់គ្រាន់ដើម្បីយកទៅសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ឬចំណាយទៅលើការចាំបាច់ផ្សេងៗ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ។ បើការបោះផ្សាយបណ្ណបំណុលរបស់រដ្ឋទទួលបានការគាំទ្រខ្លាំង វាក៏បង្ហាញពីភាពជោគជ័យមួយរបស់រដ្ឋក្នុងការកាត់បន្ថយបំណុលខាងក្រៅផងដែរ»៕