​ភ្នំពេញៈ មន្ត្រី​រដ្ឋាភិបាល និង​ផ្នែក​ឯក​​ជន​រំពឹងថា ការហោះហើរ​ត្រង់​កម្ពុជា​-​ឥណ្ឌា ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ​នឹង​ក្លាយជា​សម្ទុះ​ថ្មី​ក្នុងការ​លើកកម្ពស់​ទេស​ចរណ៍​វប្បធម៌ ពាណិជ្ជកម្ម និង​លំហូរ​វិនិយោគ ខណៈ​ប្រទេស​ទាំង ​២ ​ក៏​កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​នៃ​ការ​សិក្សា​លទ្ធភាព​នៃ​កិច្ចព្រមព្រៀង​ពា​ណិ​ជ្ជ​កម្ម​សេរី ​(FTA)​ផងដែរ​។​

​ផែនការ​ហោះហើរ​ត្រង់​រវាង​កម្ពុជា​-​ឥណ្ឌា ត្រូវបាន​លើកឡើង​ដោយ​ឯកអគ្គ​រាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ឥណ្ឌា លោក កុយ គួ​ង នៅក្នុង​ជំនួប​ជាមួយ​សមាគម​ឧកញ៉ា​កម្ពុជា ​(COA) ក្នុង​បេសកកម្ម​ពាណិជ្ជកម្ម​កាលពី​សប្តាហ៍​មុន​។ លោក គួ​ង បាន​លើកឡើងថា ការ​ហោះហើរ​ត្រង់​នឹង​ចាប់ផ្តើម​នៅពេល​ណាមួយ​ក្នុង​ខែមេសា ឬ​មិថុនា​។​

​លោក​បន្ថែមថា ស្ថានទូត​បានធ្វើការ​ជាមួយ​អាជ្ញាធរ​ឥណ្ឌា​លើ​ឯកសារ និង​បទ​ប្បញ្ញត្តិ​នៃ​ការហោះហើរ ដែលមាន​គោលបំណង​ជំរុញ​ទេសចរណ៍ វប្បធម៌ និង​អរិយធម៌​រវាង​ប្រទេស​ទាំង​ ២​។​

​លោក ស៊ិន ចាន់​សិរី​វុត្ថា អ្នកនាំពាក្យ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល (SSCA)​ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ស្ថា​ប័ន​លោក​បានអនុម័ត​លើ​ការហោះហើរ​ត្រង់នេះ​រួចហើយ ខណៈ​ប្រទេស​ទាំង​ ២​ កំពុងដំណើរការ​លើ​ឯកសារ​បច្ចេក​ទេស​។ បើតាម​ផែនការ គឺ​នឹងមាន​ជើង​ហោះហើរ​ត្រង់​ ២ ​រវាង​អាកាសយានដ្ឋាន​​អន្តរជាតិ​ភ្នំពេញ​-​ញូវដែលី និង​អាកាស​យានដ្ឋាន​អន្តរជាតិ​ញូវដែលី​-​សៀមរាប​។​

​លោក​ថ្លែងថា​៖ «​យើង​បានអនុម័ត​រួចហើយ​លើ​ការហោះហើរ​ត្រង់​។ ប៉ុន្តែ​ពួក​គេ​ត្រូវ​ស្នើសុំ​លិខិតអនុញ្ញាត​ហោះហើរ​មួយ​ផ្សេងទៀត​ដោយមាន​ដាក់​ព័ត៌មាន​លម្អិត​នៃ​ជើងហោះហើរ និង​ប្រភេទ​យន្តហោះ​សម្រាប់​ដំណើរការ​។ សម្រាប់​ដំណើរការ​ឯកសារ គឺ​ប្រព្រឹត្ត​ទៅដោយ​រលូន ប៉ុន្តែ​សម្រាប់​ដំណើរការ​បច្ចេកទេស ពួកគេ​ត្រូវបញ្ជូន​ព័ត៌មាន​លម្អិត​អំពី​ការ​ហោះហើរ​។ មកដល់ពេលនេះ​ភាគី​ខាង​ឥណ្ឌា​មិនទាន់​ដាក់​មក​យើង​នៅឡើយ​ទេ​។ យើង​ស្វាគមន៍​ចំពោះ​ការហោះហើរ​ត្រង់នេះ ព្រោះ​យើង​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឥណ្ឌា​កាន់តែច្រើន​មក​ទស្សនា​ប្រទេស​របស់​យើង ខណៈ​ប្រជាជន​របស់​យើង​ក៏​អាចធ្វើ​ដំណើរ​ហោះហើរ​ត្រង់​ទៅកាន់​ប្រទេស​ឥណ្ឌា​ផងដែរ​»​។​

​ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​ប៉ា​​ស៊ី​ហ្វិ​ក​ (PATA) ​ប្រចាំ​កម្ពុជា លោក ធួន​ ស៊ីណាន បាន​ស្វាគមន៍​ចំពោះ​ចេតនា​មាន​ជើងហោះហើរ​ត្រង់​ពី​ឥណ្ឌា​មក​កម្ពុជា ដោយសារ​ឥណ្ឌា​មាន​សក្ដា​នុ​​ពល​ខ្ពស់​ទាំង​វិស័យ​ទេសចរណ៍ និង​ការវិនិយោគ ព្រោះ​ជា​ប្រទេស​ធំ និង​មាន​ប្រជាជន​ច្រើន​។​

​លោក​បញ្ជាក់ថា​៖ «​ឥណ្ឌា​ចំណាយ​ប្រាក់​ច្រើន​លើ​ដំណើរ​ទស្សនកិច្ច​របស់​ពួកគេ​ម្តងៗ​។ ការណ៍​នេះ ភ្ញៀវទេសចរ​​ឥណ្ឌា​គឺ​ពិត​ជាមាន​សក្តានុពល​ខ្ពស់ ដោយសារ​គេ​ចំនួន​ប្រជាជន​ច្រើន​»​។​

​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរ​ណ៍​កម្ពុជា​ (CATA) លោកស្រី ឆាយ ស៊ីវ​លីន បាន​និយាយថា ទីផ្សារ​ទេស​ចរណ៍​ប្រទេស​ឥណ្ឌា​មាន​សក្ដានុពល​ខ្ពស់ និង​ជាទី​ផ្សារ​ទេសចរណ៍​ធំ ដោយ​សារ​ចំនួន​ប្រជាជន​ច្រើន ដែល​ធ្វើឱ្យ​ប្រ​ទេស​ក្នុង​តំបន់​កាន់តែ​មាន​ភាព​ទាក់​ទាញ​។

លោកស្រី​បញ្ជាក់ថា​៖ «​នៅពេល​ភាគី​ទាំង​ ២ ​ជំរុញឱ្យមាន​ជើងហោះហើរ​ត្រង់​ឥណ្ឌា​-​កម្ពុជា វា​នឹង​ជួយ​ទាក់ទាញ​ទីផ្សារ​ទេសចរណ៍​របស់​ឥណ្ឌា​កាន់តែច្រើន​ឱ្យមក​ទស្សនា​នៅ​ស្រុក​យើង​»​។​

​ក្រុមប្រឹក្សា​ធុរកិច្ច​រួម​ឥណ្ឌា​-​កម្ពុជា ត្រូវបាន​បង្កើត​ឡើងជា​ផ្លូវការ​កាលពី​ថ្ងៃទី​ ២៣ ខែកុម្ភៈ ដែល​នេះ​ជា​គំនិត​ផ្តួចផ្តើមឡើង​រវាង​សមាគម​ឧកញ៉ា​កម្ពុជា ​(COA) និង​សហព័ន្ធ​សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ឥណ្ឌា ​(FICCI)​ ក្នុង​គោល​​ដៅ​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម និង​វិ​និ​​យោគ​រវាង​ប្រទេស​ឥណ្ឌា​-​កម្ពុជា តាម​​រយៈ​កិច្ចពិភាក្សា និង​កិច្ច​សហប្រតិបត្តិ​​ការ​រវាង​ផ្នែក​ឯកជន​ប្រទេស​ទាំង ​២​។​

​សម្រាប់​ក្រុមប្រឹក្សា​ធុរកិច្ច​រួមគ្នា​នេះ​មាន​នាយកដ្ឋាន​ជំរុញ​ឧស្សាហកម្ម និង​ពា​​ណិ​ជ្ជ​កម្ម​ផ្ទៃ​ក្នុងប្រទេស ​(DPIIT) ជា​លេខាធិការដ្ឋាន​សម្រាប់​ភាគី​ឥណ្ឌា ចំណែក​សមាគម​ឧកញ៉ា​កម្ពុជា ​(COA) នឹង​បំពេញ​តួនាទី​ជា​លេខាធិការ​​ដ្ឋា​ន​សម្រាប់​ភាគី​កម្ពុជា​។​

​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ឥណ្ឌា​ បាន​កើន​ឡើងជា​លំដាប់ ដោយ​សម្រេចបាន​ជិត ៤៨៥,៧​ លាន​ដុល្លារ​ កាលពី​ឆ្នាំ ​២០២៣ កើនឡើង ១០ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២២​។​​ ទិន្នន័យ​ក្រសួងទេសចរណ៍បង្ហាញថា ប្រទេស​កម្ពុជា​ បាន​ស្វាគមន៍​ភ្ញៀវ​​ទេសចរ​ឥណ្ឌា​ចំនួន ៦៨ ៨៣៦​ នាក់​កាលពី​ឆ្នាំមុន កើនឡើង​ជាង ១០២ ​ភាគរយ​ ធៀប​នឹង​ឆ្នាំ​ ២០២២៕