ភ្នំពេញៈ កម្ពុជារកប្រាក់បានជាង ១២០ លានដុល្លារ ពីការនាំទំនិញទៅប្រទេសចិនក្នុងខែមករា ឆ្នាំ ២០២៤ កើនជាង ៥០ ភាគរយបើធៀបនឹងខែមករា ឆ្នាំមុន ខណៈពាណិជ្ជកម្មទ្វេភាគីមានជាង ១,១ ពាន់លានដុល្លារ។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។
ទិន្នន័យ GDCE ឱ្យដឹងថា ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជា ដោយនៅក្នុងខែមករា ឆ្នាំ ២០២៤ ការផ្លាស់ប្តូរទំនិញរវាងកម្ពុជា-ចិន មានទឹកប្រាក់សរុប ១,១៥ ពាន់លានដុល្លារ កើន ១៨,៧ ភាគរយបើធៀបខែមករា ឆ្នាំ ២០២៣ ដែលមាន ៩៧២,៧៤ លានដុល្លារ។ ក្នុងចំនួននេះ គឺទំនិញកម្ពុជានាំទៅប្រទេសចិន ១២១,៧៣ លានដុល្លារ កើន ៥០,១ ភាគរយ ខណៈទំនិញចិននាំមកកម្ពុជាវិញមានប្រមាណ ១,០៣ ពាន់លានដុល្លារ កើនឡើង ១៨,៧ ភាគរយ។
GDCE ឱ្យដឹងទៀតថា សម្រាប់តុល្យភាពជញ្ជីងពាណិជ្ជកម្ម ប្រចាំខែមករា ឆ្នាំ ២០២៤ គឺកម្ពុជាមានឱនភាព ៩១១,១៦ លានដុល្លារ ខណៈកាលពីខែមករា ឆ្នាំ ២០២៣ មាន ៨១០,៥២ លានដុល្លារ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ក្នុងនាមជាប្រទេសមានទំនាក់ទំនងការទូតល្អ(មិត្តដែកថែប) និងជាប្រភពផ្គត់ផ្គង់វត្ថុធាតុសំខាន់ឱ្យរោងចក្រ/សហគ្រាសនៅកម្ពុជា ចំនួនទឹកប្រាក់នាំចេញ នាំចូលទំនិញរវាងប្រទេសទាំង ២ បានកើនជាលំដាប់ បើទោះបីជានៅក្នុងអំឡុងពេលសេដ្ឋកិច្ចពិភពលោកជួបវិបត្តិធ្ងន់ធ្ងរនាប៉ុន្មានឆ្នាំកន្លងមកក៏ដោយ។
លោកបានបន្ថែមថា សម្រាប់កំណើនទឹកប្រាក់នាំចេញរបស់កម្ពុជា គឺដោយសារតែកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន (CCFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលផ្តល់ភាពអនុគ្រោះពន្ធជាច្រើនសម្រាប់ទំនិញកម្ពុជា ជាពិសេសផលិតផលកសិកម្ម។
លោកបញ្ជាក់ថា៖ «និន្នាការនៃការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំង ២ នឹងបន្តកើនថែមទៀតនាពេលខាងមុខ ពិសេសការនាំចេញផលិតផលកសិកម្មរបស់កម្ពុជា»។
ទាក់ទងនឹងឱនភាពជញ្ជីងពាណិជ្ជកម្ម លោក លឹម ហេង អះអាងថា លោកមិនបារម្ភពីគម្លាតទឹកប្រាក់នាំចេញនាំចូលខាងលើទេ ពីព្រោះភាគច្រើនទំនិញចិននាំមកកម្ពុជា គឺជាវត្ថុធាតុដើម ឬផលិតផលពាក់កណ្តាលសម្រេចដែលគេយកកែច្នៃ ផ្គុំ ឬដំឡើងទៅជាផលិតផលសម្រេចដើម្បីកម្ពុជានាំទៅលក់នៅទីផ្សារអន្តរជាតិ។ ជាក់ស្តែងក្នុងវិស័យវាយនភណ្ឌ គឺកម្ពុជាបាននាំចូលវត្ថុធាតុដើមដូចជា ក្រណាត់ អំបោះ និងម្ជុល ជាដើមមកពីប្រទេសចិន។
ភាគច្រើននៃទំនិញកម្ពុជានាំទៅប្រទេសចិន គឺជាផលិតផលកសិកម្ម និងវាយនភណ្ឌ ចំណែកការនាំចូលរបស់ប្រទេសចិន គឺមានផលិតផលចម្រុះជាច្រើនដូចជា វត្ថុធាតុដើមក្នុងវិស័យវាយនភណ្ឌ គ្រឿងសំណង់ រថយន្ត គ្រឿងម៉ាស៊ីន ឧបករណ៍អេឡិចត្រូនិក អគ្គិសនី ឱសថ ចំណីអាហារ ថ្នាំគីមីកសិកម្ម ជាដើម។ នេះបើយោងតាមលោក លឹម ហេង។
លោកបន្ថែមទៀតថា ក្រៅពីទំនាក់ទំនងពាណិជ្ជកម្មទំនិញ បច្ចុប្បន្នក៏មានវិនិយោគិនចិនជាច្រើនកំពុងបណ្តាក់ទុននៅក្នុងប្រទេសកម្ពុជាលើវិស័យចម្រុះជាច្រើនផងដែរ។
អគ្គលេខាធិការគណៈកម្មការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លោក ជា វុទ្ធី ក្នុងជំនួបទ្វេភាគីជាមួយគណៈប្រតិភូនៃសមាគមសភាពាណិជ្ជកម្មចិន ដែលដឹកនាំដោយ លោក Lin Shiqiang ប្រធានសមាគម កាលពីខែតុលា ឆ្នាំ ២០២៣ បានលើកឡើងថា បច្ចុប្បន្នមានវិស័យអាទិភាពចម្បង ២ នៅក្នុងច្បាប់វិនិយោគថ្មីរបស់ព្រះរាជាណាចក្រកម្ពុជាដែលវិនិយោគិនចិនគួរចាប់អារម្មណ៍ គឺការវិនិយោគក្នុងវិស័យដែលមានបច្ចេកវិទ្យាខ្ពស់ និងការវិនិយោគនៅក្នុងវិស័យកសិកម្ម និងការកែច្នៃ ឱ្យទីផ្សារក្នុងស្រុក និងនាំចេញទៅទីផ្សារអន្តរជាតិ។
លោក ជា វុទ្ធី បានថ្លែងថា៖ «ក្នុងច្បាប់វិនិយោគថ្មី វិស័យអាទិភាព មានចំនួន ១៩ ដែលក្នុងនោះមានវិស័យអាទិភាព ២ ដែលយើងកំពុងចង់បានខ្លាំងបំផុតនោះ គឺទី ១ ការវិនិយោគក្នុងវិស័យដែលមានបច្ចេកវិទ្យាខ្ពស់ប្រកបដោយនវានុវត្តន៍ និងការស្រាវជ្រាវ និងការអភិវឌ្ឍ និងទី២ ការវិនិយោគក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម ឧស្សាហកម្មកែច្នៃផលិតផលកសិកម្ម ឧស្សាហកម្មច្នៃចំណីអាហារដែលបម្រើទីផ្សារក្នុងស្រុក ឬការនាំចេញ»។
បើតាមលោក ជា វុទ្ធី ដើម្បីសម្រួលទៅដល់វិនិយោគិនចិន បច្ចុប្បន្ននៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក៏មានតុចិន (China Desk) សម្រាប់ផ្តល់ការប្រឹក្សាជូនវិនិយោគិនចិនផងដែរ។
ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា គិតត្រឹមត្រីមាសទី១ ឆ្នាំ ២០២៣ ទុនវិនិយោគរបស់ជនជាតិចិន បាននាំមុខគេក្នុងការវិនិយោគផ្ទាល់នៅប្រទេសកម្ពុជា ដោយមានចំណែកប្រហែល ៤៥ ភាគរយនៃចំនួនសរុប ១៨៥,៧ ទ្រីលានរៀល តាមពីក្រោយដោយវិនិយោគិនកូរ៉េ, សិង្ហបុរី, ជប៉ុន វៀតណាម ម៉ាឡេស៊ី និងថៃ ជាដើម។
ទិន្នន័យរបស់ GDCE ក្នុងឆ្នាំ ២០២៣ ការធ្វើពាណិជ្ជកម្មកម្ពុជា-ចិន មានទឹកប្រាក់សរុប ១២,២៦ ពាន់លានដុល្លារ កើន ៥ ភាគរយ បើធៀបឆ្នាំ ២០២២ ក្នុងនោះកម្ពុជានាំទំនិញទៅចិន ១,៤៨ ពាន់លានដុល្លារ កើនឡើង ១៩,២ ភាគរយ និងទំនិញចិននាំមកកម្ពុជាចំនួន ១០,៧៩ ពាន់លានដុល្លារ កើន ៣,៣ ភាគរយ៕