ភ្នំពេញៈ ចំនួនក្រុមហ៊ុនដែលទទួលជោគជ័យលើការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី ១ បានកើនដល់ជិត ៣៤ ពាន់ក្រុមហ៊ុន ដោយមានដើមទុនសរុបជាង ១០ ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៤ កើនពី ៩,៦ ពាន់លានដុល្លារ កាលពីដើមឆ្នាំ ២០២៤។ នេះបើយោងតាម Online Business Registration Service(OBRS)។
ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី ១ ត្រូវបានរដ្ឋាភិបាលប្រកាសដាក់ឱ្យដំណើរការកាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២០ ដែលរួមមានក្រសួង-ស្ថាប័នរដ្ឋចំនួន ៦ ចូលរួម គឺក្រសួងមហាផ្ទៃ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងពាណិជ្ជកម្ម, ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, អគ្គនាយកដ្ឋានពន្ធដារ, និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ក្រោយមករដ្ឋាភិបាលបានប្រកាសដាក់ឱ្យដំណើរការដំណាក់កាលទី ២ នៅថ្ងៃទី ១៥ កញ្ញា ឆ្នាំ ២០២១ និងដំណាក់កាលទី ៣ កាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៣ ដោយបានថែមស្ថាប័នមួយចំនួនទៀត។
OBRS ឱ្យដឹងថា គិតត្រឹមថ្ងៃទី ២៥ កុម្ភៈ ឆ្នាំ ២០២៤ (ម៉ោង ២៣:៥៩ នាទី) ចំនួនក្រុមហ៊ុនដែលចុះបញ្ជីដោយជោគជ័យតាមប្រព័ន្ធ Single Portal មានសរុប ៣៣ ៩៨៦ក្រុមហ៊ុន ស្មើនឹងដើមទុនចុះបញ្ជី ១០,២២ ពាន់លានដុល្លារ។ កាលពីដើមឆ្នាំ ២០២៤ (ថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៤) ក្រុមហ៊ុនទទួលជោគជ័យលើការចុះបញ្ជី មានចំនួន ៣២ ៣២៣ ក្រុមហ៊ុន ស្មើនឹងដើមទុនចុះបញ្ជីសរុប ៩,៦ ពាន់លានដុល្លារ។
យោងតាម OBRS ក្នុងចំនួនដើមទុនទាំងនោះ គឺផ្នែកសាងសង់អគារមានដើមទុន ១,១៦ ពាន់លានដុល្លារ ស្មើ ១១,៣ ភាគរយ, សកម្មភាពផ្នែកអចលនទ្រព្យ(ប្រើអចលនទ្រព្យផ្ទាល់ខ្លួន ឬជួលគេ) មានដើមទុន ១,០៦ ពាន់លានដុល្លារ ស្មើ ១០,៣៥ ភាគរយ, សកម្មភាពសេវាកម្មស្នាក់នៅ ១,០១ ពាន់លានដុល្លារ ស្មើ ៩,៨៨ ភាគរយ, សកម្មភាពពិគ្រោះយោបល់ផ្នែកគ្រប់គ្រង ៦០០ លានដុល្លារ ស្មើនឹង ៥,៨៧ ភាគរយ, កម្មន្តសាលសម្លៀកបំពាក់ចំនួន ៥៤២ លានដុល្លារ ស្មើនឹង ៥,៣១ ភាគរយ, និងផ្នែកផ្សេងៗដើមទុន ៥,៨៥ ពាន់លានដុល្លារ ស្មើ ៥៧,៣៧ ភាគរយ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២៨ ខែកុម្ភៈថា ការរឹតបន្ដឹងច្បាប់ និងការយល់ដឹងពីកាតព្វកិច្ចនៃម្ចាស់អាជីវកម្មក្នុងការធ្វើឱ្យអាជីវកម្មមានភាពស្របច្បាប់ បានធ្វើឱ្យចំនួនអាជីវកម្មមកចុះបញ្ជីកើនឡើងជាបន្តបន្ទាប់។ នៅពេលអាជីវកម្មទាំងអស់ត្រូវបានចុះបញ្ជី គឺវានឹងផ្តល់ផលវិជ្ជមានច្រើនទាំងអាជ្ញាធរ និងម្ចាស់អាជីវកម្ម។ លោកបន្តថា ផលដែលអាជ្ញាធរទទួលបាន គឺការគ្រប់គ្រងកាន់តែមានប្រសិទ្ធភាព ងាយស្រួលរៀបចំផែនការគាំទ្រ និងជាពិសេសការប្រមូលពន្ធ។ ចំណែកម្ចាស់អាជីវកម្ម គឺអាចទទួលបានការបណ្តុះបណ្តាលបច្ចេកទេសក្នុងការធ្វើអាជីវកម្មទៅតាមប្រភេទនីមួយៗ និងជួយកាត់បន្ថយការលក់បង្ខូចថ្លៃជាដើម។
លោកប្រាប់ទៀតថា ក្រៅពីមូលហេតុខាងលើ ចំណេះដឹងការប្រើប្រាស់បច្ចេកវិទ្យានៅកម្ពុជា និងការកាត់បន្ថយនីតិវិធីក្នុងការចុះបញ្ជី ជាមូលហេតុសំខាន់មួយផងដែរ ដែលធ្វើឱ្យចំនួនអាជីវកម្មមកចុះបញ្ជីមានកាន់តែច្រើន។
លោកបញ្ជាក់ថា៖«ការចុះបញ្ជីអាជីវកម្ម គឺមានសារៈសំខាន់ណាស់ ព្រោះជួយកាត់បន្ថយការប្រកួតប្រជែងមិនមានតម្លាភាព និងអាចជួយឱ្យរដ្ឋប្រមូលចំណូលថវិកាជាតិកាន់តែច្រើន និងច្បាស់លាស់ជាងមុន»។
ប្រធានសមាគមបច្ចេកវិទ្យាឌីជីថលនៃកម្ពុជា លោក ឈិនកេន បានឱ្យដឹងថា ការធ្វើឱ្យនីតិវិធីចុះបញ្ជីងាយស្រួល និងការពង្រឹងច្បាប់បានធ្វើឱ្យម្ចាស់អាជីវកម្មកាន់តែច្រើននាំយកអាជីវកម្មរបស់ខ្លួនទៅចុះបញ្ជី។ ដោយសារចំនួនអាជីវកម្ម ពិសេសប្រភេទអាជីវកម្មខ្នាតតូច និងមធ្យមនៅកម្ពុជាមានច្រើនមិនទាន់ចុះបញ្ជី ដូច្នេះចំនួនក្រុមហ៊ុនចុះបញ្ជីនឹងបន្តកើនឡើងទៀតនាពេលខាងមុខ។លោកបញ្ជាក់ថា៖«នៅពេលគ្រប់អាជីវកម្មបានចុះបញ្ជីវានឹងផ្តល់ផលវិជ្ជមានទាំងរដ្ឋាភិបាល និងផ្នែកឯកជន»៕