ភ្នំពេញ៖ ជាកិច្ចខិតខំប្រឹងប្រែងដើម្បីផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរបរទេសកាន់តែច្រើនមកពីក្នុងតំបន់ និងសកលលោក សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) នឹងរៀបចំកម្មវិធី «ASEAN Top Table Sale Business Matching» ដែលជាកម្មវិធីប្តូរវេនជាលើកដំបូងដែលមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ១៤-១៦ ខែមីនា ដោយរំពឹងថា នឹងមានក្រុមហ៊ុនទេសចរណ៍ក្រៅប្រទេសចំនួន ៣០ និងប្រតិបត្តិករទេសចរណ៍អាស៊ានរាប់ពាន់ចូលរួមក្នុងកម្មវិធីនេះ។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ១៩ ខែកុម្ភៈថា ព្រឹត្តិការណ៍ដែលជាការផ្គូផ្គងអាជីវកម្មខ្នាតតូច នឹងរួមចំណែកផ្សព្វផ្សាយ និងទាក់ទាញអ្នកទិញកាន់តែច្រើនក្នុងចំណោមតំបន់នេះ ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសកាន់តែច្រើន មកពីតំបន់ និងអឺរ៉ុបមកកម្ពុជា។
លោកថ្លែងថា៖ «យើងសម្រេចចិត្តថា នឹងរៀបចំព្រឹត្តិការណ៍នេះ ក្នុងរយៈពេល ២ ថ្ងៃនៅខេត្តសៀមរាប និងរយៈពេល២ថ្ងៃទៀតនៅភ្នំពេញ ដើម្បីអនុញ្ញាតឱ្យប្រតិបត្តិករទេសចរណ៍ក្នុងស្រុករបស់យើងមានឱកាសក្នុងការផ្គូផ្គង់ការធ្វើអាជីវកម្ម និងទាក់ទាញដៃគូកាន់តែច្រើនមកពីបណ្តាប្រទេសអាស៊ាន ដើម្បីឱ្យពួកគេអាចធ្វើការរួមគ្នាដើម្បីទាក់ទាញភ្ញៀវទេសចររួមគ្នាកាន់តែច្រើនបន្ថែមទៀត»។
លោកលើកឡើងថា៖ «យើងបានរៀបចំព្រឹត្តិការណ៍បែបនេះអស់រយៈពេលជាង ១ ទសវត្សរ៍មកហើយ។ ប៉ុន្តែវេទិកាថ្មីនៅពេលនេះ យើងរៀបចំឱ្យមានការប្តូរវេនក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន។ យើងរៀបចំព្រឹត្តិការណ៍នេះរៀងរាល់ខែក្នុងបណ្តាប្រទេសអាស៊ានទាំងអស់ ក្នុងគោលបំណងផ្សព្វផ្សាយ និងគាំទ្រដល់ប្រតិបត្តិករទេសចរណ៍ដែលមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការធ្វើ ទីផ្សាររបស់ខ្លួននៅក្រៅប្រទេស ដូចដែលយើងដឹងថាយើងចំណាយច្រើននៅពេលយើងចូលរួមព្រឹត្តិការណ៍ណាមួយនៅក្រៅប្រទេស ដូច្នេះហើយទើបយើងរៀបចំការផ្គូផ្គងអាជីវកម្មទេសចរណ៍នេះនៅក្នុងប្រទេសរបស់យើង»។
លោក ម៉េត សុជាតិ ម្ចាស់ក្រុមហ៊ុន Wing Premium Travel & Tours បញ្ជាក់ពីការចូលរួមរបស់ក្រុមហ៊ុនរបស់លោក នៅក្នុងព្រឹត្តិការណ៍នៅពេលខាងមុខនេះ ព្រោះថា ព្រឹតិ្តការណ៍នេះ នឹងអនុញ្ញាតឱ្យរូបលោកស្វែងរកដៃគូបន្ថែមទៀតដែលជាអ្នកលក់ក្រៅប្រទេសនៅក្នុងតំបន់។
លោកបន្ថែមថា៖ «វាជាពេលវេលាដ៏ល្អសម្រាប់ប្រតិបត្តិករទេសចរណ៍ក្នុងស្រុករបស់យើងក្នុងការចូលរួមដោយផ្ទាល់ និងចែករំលែកផលិតផលទេសចរណ៍ប្រកបដោយសក្តានុពលរបស់យើង ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យកាន់តែច្រើនមកប្រទេសរបស់យើង។ លើសពីនេះទៅទៀត ខ្ញុំមិនចំណាយប្រាក់ច្រើនក្នុងការធ្វើដំណើរទៅចូលរួមកម្មវិធីនានានៅបរទេសដែលចំណាយប្រាក់ច្រើននោះទៀតទេ»។
កាលពីឆ្នាំ២០២៣ ប្រទេសកម្ពុជា បានស្វាគមន៍ភ្ញៀវទេសចរបរទេសជាង ៥,៤ លាននាក់ កើនឡើងជិត ១៤០ ភាគរយធៀបនឹងឆ្នាំ២០២២។ ការស្ទុះងើបឡើងវិញនេះ ភាគច្រើនត្រូវបានសន្មតថា ជាភ្ញៀវមកពីប្រទេសអាស៊ីចំនួន ៤ ដែលមានចំនួនសរុបចំនួន ៦៨,៩ ភាគរយនៃភ្ញៀវទេសចរបរទេសទាំងអស់។ នេះបើយោងតាមក្រសួងទេសចរណ៍។
តួលេខផ្លូវការរបស់ក្រសួងបង្ហាញថា កម្ពុជាទទួលបានភ្ញៀវបរទេសចំនួន ៥,៤៥៣,២៣១ នាក់ កាលពីឆ្នាំ២០២៣ កើនឡើង ១៣៩,៥ ភាគរយបើធៀបនឹងចំនួន ២,២៧៦,៦២៦ នាក់ កាលពីឆ្នាំ២០២២។
ថៃជាប្រទេសដែលមានភ្ញៀវទេសចរច្រើនជាងគេ ចំនួន ១ ៨២០ ៤៦០ នាក់ ស្មើនឹង ៣៣,៤ ភាគរយនៃចំនួនសរុប បន្ទាប់មកគឺប្រទេសវៀតណាម មានចំនួន ១ ០១៩ ៨១២ នាក់ (១៨,៧ ភាគរយ) ប្រទេសចិនមានចំនួន ៥៤៧ ៧៩៨ (១០ ភាគរយ) និងប្រទេសឡាវ មានចំនួន ៣៧២ ២៨៥ នាក់ (៦,៨ ភាគរយ)។
ចំនួនភ្ញៀវទេសចរមកពីប្រទេសថៃ បានកើនឡើង ១១៣,៣ ភាគរយ វៀតណាម ១១៩,៨ ភាគរយ ចិន ៤១២,៦ ភាគរយ និងឡាវ ៣០២ ភាគរយ បើធៀបនឹងឆ្នាំ២០២២។ ប្រទេសជាប្រភពភ្ញៀវទេសចរសំខាន់ៗផ្សេងទៀតរួមមាន អាមេរិក កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី បារាំង ចក្រភពអង់គ្លេស និងម៉ាឡេស៊ី។ នេះបើយោងតាមក្រសួង៕