សមាគមស្វាយចន្ទីកម្ពុជា (ស.ស.ក) បានបង្ហាញពីក្តីរំពឹងខ្ពស់ ចំពោះសន្និសីទស្វាយចន្ទីពិភពលោក ថានឹងអាចទាក់ទាញបាននូវវិនិយោគិនក្នុងស្រុក និងបរទេសបន្ថែម ក្នុងការវិនិយោគលើការកែច្នៃបង្កើតរោងចក្រស្វាយចន្ទីនៅកម្ពុជា ដើម្បីជំរុញការនាំចេញផលិតផលស្វាយចន្ទីកែច្នៃរួច និងកាត់បន្ថយការនាំចេញគ្រាប់ឆៅនាពេលខាងមុខ។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី ៣ ខែកុម្ភៈ នេះថា សន្និសីទស្វាយចន្ទីពិភពលោកដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំរយៈពេល៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី ១-៣ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះ មានសារៈសំខាន់ណាស់សម្រាប់កម្ពុជា ក្នុងការបង្ហាញពីសក្តានុពលស្វាយចន្ទីកម្ពុជា ទៅកាន់ពិភពលោក ខណៈដែលសន្និសីទនេះ មានប្រទេសចូលរួមប្រមាណ៤០ប្រទេស។
លោកបានបញ្ជាក់ថា៖ «ស.ស.ក. រំពឹងខ្ពស់ អំពីសន្និសីទស្វាយចន្ទីពិភពលោកលើកទី១០ ដែលបានប្រព្រឹត្តនៅក្រុងសៀមរាបនេះ ប្រទេសកម្ពុជាយើងនេះ ពីព្រោះថា យ៉ាងហោចណាស់យើងបានឱ្យពិភពលោក បានស្គាល់អំពីសក្តានុពលស្វាយចន្ទីកម្ពុជា ហើយពួកគាត់អាចងាកមករកតំបន់ប្រទេសដែលជាម្ចាស់នៃផលិតផលវត្ថុធាតុដើមស្វាយចន្ទី»។
លោកបានបន្ថែមថា ក្រុមការងារស្វាយចន្ទី បានដឹកនាំគណៈប្រតិភូមកពីក្រៅប្រទេសទាំងនោះទៅទស្សនកិច្ចនៅចម្ការស្វាយចន្ទីដោយផ្ទាល់ នៅក្នុងខេត្តសៀមរាប ដើម្បីឱ្យពួកគេបានស្វែងយល់អំពីការដាំដុះស្វាយចន្ទីនៅកម្ពុជា ថាហេតុអ្វីបានកម្ពុជា ផលិតបានគ្រាប់ស្វាយចន្ទីច្រើនជាងគេ និងមានគុណភាពបែបនេះ។
លោកបានប្រាប់បន្ថែមបែបនេះថា៖ «ក្រុមគណៈប្រតិភូបានចាប់អារម្មណ៍យ៉ាងខ្លាំងពីស្វាយចន្ទីប្រភេទពូជ M២៣ របស់យើង ដែលជាពូជតំណាងជាតិ មានគ្រាប់ធំ និងមានគុណភាពល្អ។យើងកំពុងតែដើរនៅលើផ្លូវត្រូវហើយ ដោយកន្លងទៅយើងបានទាក់ទាញអ្នកវិនិយោគមកវិនិយោគបើករោងចក្រកែច្នៃនៅកម្ពុជា រួមមានដូចជា CS&C របស់សិង្ហបុរី, Mirat របស់ជប៉ុន និងKampu Nut របស់ចិន ខណៈដែលយើងត្រូវការរោងចក្របែបនេះ ប្រមាណ៣០ទៀត ទើបអាចគ្រប់គ្រាន់សម្រាប់ការកែច្នៃវត្ថុធាតុដើមដែលយើងមាន»។
បើតាមលោក ស៊ីឡុត នៅឆ្នាំ ២០២៣ នេះ ស្វាយចន្ទីរបស់កម្ពុជា បានជាប់ចំណាត់ថ្នាក់លំដាប់ទី៣ ក្នុងពិភពលោក ក្នុងនាមជាប្រទេសដែលបានផលិតគ្រាប់ស្វាយចន្ទីឆៅច្រើនជាងគេ ខណៈដែលឆ្នាំ ២០២១ និងឆ្នាំ ២០២២ កម្ពុជាបានជាប់លេខ ១។
លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ដែលបានចូលរួមក្នុងវេទិកានេះ ក៏បានថ្លែងដែរថា ការលើកទឹកចិត្ត និងផ្តល់កិច្ចសម្រួលដល់ការវិនិយោគបរទេស និងក្នុងស្រុក នឹងចូលរួមចំណែកទាក់ទាញសកម្មភាពវិនិយោគជាពិសេសស្វាយចន្ទីឱ្យកាន់តែរីកធំធាត់ និងមានភាពរឹងមាំ។
នៅក្នុងអំឡុងពេលកិច្ចពិភាក្សា នាសន្និសីទនេះ លោកបានបរិយាយអំពីឧត្តមភាពប្រៀបធៀប និងសក្តានុពលក្នុងការជ្រើសយកកម្ពុជាជាទីតាំងវិនិយោគលើខ្សែច្រវាក់ផលិតកម្ម និងកែច្នៃស្វាយចន្ទី រួមទាំងការបង្ហាញពីកញ្ចប់លើកទឹកចិត្តលើគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ពាក់ព័ន្ធនឹងការផលិត និងកែច្នៃស្វាយចន្ទីផងដែរ។
នាឱកាសបើកសន្និសីទស្វាយចន្ទីនេះដែរ លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងរំឭកពីការណែនាំរបស់ លោកនាយករដ្ឋមន្ត្រី ដល់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ (គ.ស.ហ.) ក្នុងការដាក់ចេញវិធានការចាំបាច់ចំនួន ៤ ក្នុងការជំរុញការកែច្នៃ និងការនាំចេញផលិតផលស្វាយចន្ទី។
ក្នុងនោះរួមមាន (១).ការពង្រឹង និង ការពង្រីកការនាំចេញគ្រាប់ស្វាយចន្ទី ដោយចាប់ផ្តើមពីផលិតផលពាក់កណ្តាលសម្រេច សិន (Semi-Product) ពោលគឺ ផ្តោតលើការនាំចេញគ្រាប់ស្វាយចន្ទីស្ងួត ហើយក្នុងជំហានបន្ទាប់, បន្តពង្រឹង និង ពង្រីកការកែច្នៃគ្រាប់ស្វាយចន្ទី ក្នុងបរិមាណដែលអាចផ្តល់ទុនបាន (២). ការបន្តពង្រឹងការធ្វើម៉ាក និង ទីផ្សារផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជា (Branding and Marketing) (៣). ការជំរុញការចងក្រង និង ការបង្កើតសហគមន៍កសិករស្វាយចន្ទីថ្មី និង (៤). ការពិនិត្យលទ្ធភាព ក្នុងការបង្កើនទុនបង្វិល សម្រាប់ប្រមូលទិញគ្រាប់ស្វាយចន្ទី ដើម្បីកែច្នៃ និង ទុនវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ស្តុក និង កែច្នៃគ្រាប់ស្វាយចន្ទី។
របាយការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា កម្ពុជាមានផ្ទៃដីដាំដុះស្វាយចន្ទីប្រមាណ ៤៧២ ៩៤៦ ហិកតា និងទទួលបានទិន្នផលសរុបចំនួន ៧០៩ ៤១៩ តោន ចំណែកឯការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិបានចំនួនប្រមាណ ៦៥៦ ០០០ តោន ទៅកាន់ប្រទេស ចិន ជប៉ុន បង់ក្លាដែស ឥណ្ឌា វៀតណាម និងថៃ និងគ្រាប់ស្វាយចន្ទីកែច្នៃទៅកាន់ប្រទេស ចិន សាធារណរដ្ឋឆែក ជប៉ុន កូរ៉េខាងត្បូង ហូឡង់ វៀតណាម និងសហរដ្ឋអាមេរិក៕