កម្ពុជាបានទទួលពានរង្វាន់ទេសចរណ៍អាស៊ានចំនួន ៤ ប្រភេទ ក្នុងចំណោមពានសរុបចំនួន ២៥ នៅឯវេទិកាទេសចរណ៍អាស៊ាន ២០២៤ នៅប្រទេសឡាវ ដែលពានរង្វាន់នោះ ត្រូវបានទៅលើទីក្រុងកំពត ខេត្តកំពត, ទីក្រុងកែប ខេត្តកែបនិងខណ្ឌដូនពេញនៃរាជធានីភ្នំពេញ។
ពិធីប្រគល់ពានរង្វាន់ ធ្វើឡើងនៅវេទិកាទេសចរណ៍អាស៊ាន ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលត្រូវបានរៀបចំឡើងក្រោមប្រធានបទ “ទេសចរណ៍ប្រកបដោយគុណភាព និងការទទួលខុសត្រូវ៖ ធានានិរន្តរភាពនៃអនាគតអាស៊ាន កាលពីថ្ងៃទី ២៣-២៧ ខែមករា ឆ្នាំ ២០២៤ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំទេសចរណ៍មកពីប្រទេសសមាជិកអាស៊ាន អាស៊ានបូកបី (ចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ) ឥណ្ឌា រួមទាំង ប្រទេស និងអង្គការដៃគូមួយចំនួនទៀត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនេះ។
សូមជម្រាបថា ពានរង្វាន់ស្តង់ដាទេសចរណ៍អាស៊ាន សរុបចំនួន ២៥ ពាន ក្នុងនោះរួមមាន សណ្ឋាគារបៃតងអាស៊ាន ចំនួន ៥, ទីក្រុងទេសចរណ៍ស្អាតអាស៊ានចំនួន ៣, ស្តង់ដាអាស៊ានម៉ាយ (MICE) ប្រភេទបន្ទប់ប្រជុំចំនួន ៥, ស្តង់ដាអាស៊ានម៉ាយ, ប្រភេទទីតាំងពិព័រណ៍ចំនួន ៥ ស្តង់ដាអាស៊ានម៉ាយ ,ប្រភេទទីតាំងរៀបចំព្រឹត្តិការណ៍ចំនួន ៥ និងទេសចរណ៍ប្រកបដោយនិរន្តរភាពអាស៊ានចំនួន ២។
ពានរង្វាន់ដែលកម្ពុជាទទួលបាននោះរួមមាន ខណ្ឌដូនពេញ ទីក្រុងកែប និងក្រុងកំពត ទទួលបានពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៤ ឆ្នាំ ២០២៤។
ក្រោយទទួលបានពានរង្វាន់នេះ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយបានចូលរួមអបអរសារចំពោះពានរង្វាន់នេះផងដែរ។
ដោយឡែកទាក់ទងភ្ញៀវទេសចរវិញ អាស៊ាន ទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ប្រមាណ ៩៣,៧ លាននាក់ ក្នុងឆ្នាំ ២០២៣ ជាមួយអត្រាកំណើន ១៥៣,២៣ ភាគរយ ធៀបនឹងឆ្នាំ ២០២២ ខណៈដែលការអនុវត្តផែនការស្តារវិស័យទេសចរណ៍អាស៊ានក្រោយវិបត្តិកូវីដ ១៩ សម្រេចបានចំនួនជាង ៦០ ភាគរយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តី ពីលទ្ធផលនៃរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៧។
លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមវេទិកានេះ បានបញ្ជាក់ថា៖ «ក្នុងក្របខ័ណ្ឌរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបីលើកទី២៣ អង្គប្រជុំបានអបអរសាទរ ចំពោះការសម្រេចបាននូវការអនុវត្ត ៦១,៥ភាគរយ នៃផែនការសកម្មភាពលើកិច្ចសហប្រតិបត្តិការទេសចរណ៍អាស៊ាន បូកបី ២០២១-២០២៥»។
ជាមួយគ្នានោះ អង្គប្រជុំខាងលើបានកោតសរសើរចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការរួមដូចជា ១). ការដាក់ឱ្យដំណើរការគេហទំព័រផ្សព្វផ្សាយទីផ្សារទេសចរណ៍អាស៊ាន-ចិន ២). ការរៀបចំកិច្ចប្រជុំ ពិសេសរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន-ជប៉ុន និង ៣). ការរៀបចំវេទិកាគោលនយោបាយកម្រិតខ្ពស់ស្ដីពីទេសចរណ៍ ប្រកបដោយនិរន្តរភាព អង្គប្រជុំក៏បានឯកភាពជំរុញបន្ថែមលើកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការអភិវឌ្ឍ ធនធានមនុស្ស ការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព ការសិក្សានិងផ្សព្វផ្សាយទីផ្សារ ការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈទេសចរណ៍ឡើងវិញ និងការធ្វើបរិវត្តកម្មទេសចរណ៍អាស៊ាន។
បើតាមសេចក្តីប្រកាសដដែល ក្នុងក្របខ័ណ្ឌរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន-ឥណ្ឌា លើកទី១១ និងអាស៊ាន-រុស្ស៊ី លើកទី៣ រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន បានឯកភាពលើការពង្រឹងទំនាក់ទំនងរវាងអាស៊ាន និងឥណ្ឌាលើវិស័យដឹកជញ្ជូនតាមរយៈផ្លូវអាកាស ផ្លូវទឹក និងផ្លូវគោក ដើម្បីបង្កើន និងសម្របសម្រួលការធ្វើដំណើរ និងជំរុញលំហូរភ្ញៀវទេសចរទៅវិញទៅមក អមជាមួយ ការអនុវត្តផែនការសកម្មភាពរួមអាស៊ាន-ឥណ្ឌា ២០២៣-២០២៧ និងជំរុញការបង្កើតសកម្មភាពរួមគ្នា ដើម្បីបន្តពង្រឹងនិរន្តរភាពទេសចរណ៍អាស៊ាន និងឥណ្ឌា។
បើតាមក្រសួងទេសចរណ៍ សម្រាប់ឆ្នាំ ២០២៤-២០២៥ កម្ពុជានឹងធ្វើជាប្រធានដឹកនាំគណៈកម្មាធិការត្រួតពិនិត្យអ្នកជំនាញទេសចរណ៍អាស៊ាន ខណៈដែលឆ្នាំ ២០២២-២០២៣ កន្លងមក កម្ពុជាគឺជាប្រធានគណៈកម្មាធិការជំរុញភាពប្រកួតប្រជែងទេសចរណ៍អាស៊ាន៕