​មន្ត្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍ និង​តំណាង​ក្រុមហ៊ុន Royal Caribbean Group របស់​សហរដ្ឋអាមេរិក បាន​ពិភាក្សា​លើ​កិច្ចសហប្រតិបត្តិការ​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ តាមរយៈ​កប៉ាល់​ទេសចរណ៍ (Cruise Tourism) ជាពិសេស​ការនាំយក​ក​ប៉ាល់​ទេសចរណ៍​របស់​ក្រុមហ៊ុន​នេះ​មក​ទស្សនា និង​ចូល​ចត​នៅ​ខេត្ត​ព្រះសីហនុ​។

កិច្ចពិភាក្សា​នេះ ធ្វើឡើង​នៅ​ជំនួប​រវាង លោក ជួប រតនា ប្រធាន​នាយកដ្ឋាន​ផែនការ​អភិវឌ្ឍ​ទេសចរណ៍ និង​លោក Joni Gevriye តំណាង​ក្រុមហ៊ុន Royal Caribbean Group កាលពី​ថ្ងៃទី ​២ ខែកុម្ភៈ ឆ្នាំ ២០២៤​។

លោក ជួប រតនា បាន​បង្ហោះ​ខ្លឹមសារ​នៃ​ជំនួប​នេះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា កិច្ច​ប្រជុំបាន​ឯកភាព​លើ​នីតិវិធី​បន្ទាប់​ដើម្បី​ចុះ​ត្រួតពិនិត្យ​ទីតាំង​ចូល​ចត​ជាក់ស្តែង និង​រៀបចំ​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដើម្បី​ប្រមូល​ធាតុ​ចូល​សំខាន់ៗ សម្រាប់​ធ្វើជា​របាយការណ៍​សង្ខេប​ពី​លក្ខណៈ​បច្ចេកទេស និង​សេវាកម្ម ដើម្បីឱ្យ​ការិយាល័យ​កណ្តាល​របស់​ក្រុមហ៊ុន Royal Caribbean Group ត្រួតពិនិត្យ មុននឹង​សម្រេច​ដាក់​ខេត្ត​ព្រះសីហនុ ចូលទៅក្នុង​កញ្ចប់​ធ្វើដំណើរ​ទេសចរណ៍​រប​ស់​ក្រុមហ៊ុន​នៅពេល​ខាងមុខ​។

តាមរយៈ​កិច្ចពិភាក្សា​នេះ តំណាង​ក្រុមហ៊ុន Royal Caribbean Group បានលើកឡើង​ពី​ចំណុច​គន្លឹះ​សំខាន់ៗ​ដែល​ត្រូវ​សិក្សា​ដើម្បី​បង្កលក្ខណៈ​ដល់​ការចូល​ចត​នៅ​ខេត្ត​ព្រះសីហនុ និង​ការទាក់ទាញ​កញ្ចប់​ទេស​ចរណ៍​រួមមាន (១)​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​ផែ​ចូល​ចត កប៉ាល់​ទេសចរណ៍ (២)​បែបបទ​អន្តោប្រវេសន៍​សម្រាប់​ទេស​ចរ​ចូល​ទស្សនា​ខេត្ត​ព្រះសីហនុ និង​ការតភ្ជាប់​កញ្ចប់​ទស្សនា​ទៅ​គោលដៅ​នានា (៣)​ បែបបទ​គយ​សម្រាប់​ត្រួតពិនិត្យ​អំឡុងពេល​ចូល​ចត និង​(៤)​ទំនាក់ទំនង​ជាមួយ​ទីភ្នាក់ងារ​សម្របសម្រួល​កំពង់ផែ (Port Agents) និង​ទីភ្នាក់ងារ​ទេសចរ​ណ៍ស​ម្រា​ប់លក់​កញ្ចប់​ទស្សនា​ខេត្ត​ព្រះសីហនុ ឬ​គោលដៅ​ត​ភ្ជាប់​នានា​។​

បើតាម លោក ជួប រតនា ក្រុមហ៊ុន Royal Caribbean Group ជា​ក្រុមហ៊ុន​យក្ស​លំដាប់​ទី​ពី​រលើ​ពិភពលោក​ខាង​វិស័យ​កប៉ាល់​ទេសចរណ៍ និង​បាន​ដំណើរការ​ទេសចរ​តាម​កប៉ាល់ នៅ​ទូទាំង​ពិភពលោក​តាមរយៈ​កប៉ាល់​ទេសចរ​សរុប​ចំនួន ២៨ កប៉ាល់​។ លោក​រំពឹងទុក​ថា​៖«​ការភ្ជាប់​ទំនាក់ទំនង​ជាមួយ​ក្រុមហ៊ុន​ខាងលើ នឹង​នាំ​ភ្ញៀវទេសចរ​ជុំវិញ​ពិភពលោក​ទស្សនា​ខេត្ត​ព្រះសីហនុ និង​ទទួលយក​បទពិសោធន៍​ថ្មី​ពី​គោលដៅ​តារា​រះ​នា​ទិសនិរតី ខណៈ​រដ្ឋាភិបាល​កំពុង​ខិតខំ​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​ឱ្យ​ប្រែ​ក្លាយទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​នៅពេល​ខាងមុខ​»​។

ជុំវិញ​កិច្ចពិភាក្សា​នេះ លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​ប៉ា​ហ្វិ​ក នៅ​ថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៤ នេះ បាន​ស្វាគមន៍​ចំពោះ​ក្រុមហ៊ុន Royal Caribbean Group ដែល​បានមក​ពិភាក្សា​លើ​កិច្ចសហប្រតិបត្តិការ​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​តាមរយៈ​កប៉ាល់​ទេសចរណ៍ ជាពិសេស​ការនាំយក​ក​ប៉ាក់​ទេសចរណ៍​របស់​ក្រុមហ៊ុន​មក​ទស្សនា និង​ចូល​ចត​នៅ​ខេត្ត​ព្រះសីហនុ​។ លោក​មានប្រសាសន៍ថា​៖«​ខ្ញុំ​យល់ថា នេះ​ជា​រឿង​ល្អ សម្រាប់​វិស័យ​ទេសចរណ៍​កម្ពុជា ទោះ​ក្នុង​កម្រិត​ណាក៏ដោយ ឱ្យតែ​នាំ​ទេសចរ​មក​កម្ពុជា គឺជា​រឿង​ល្អ​បំផុត ព្រោះ​បាន​នាំ​ចំណូល​ដល់​ប្រជាពលរដ្ឋ​»៕​