ភ្នំពេញៈ កម្ពុជារកប្រាក់បាន ជិត ៥,៥ លានដុល្លារពីការលក់សំបុត្រឱ្យភ្ញៀវទេសចរបរទេសចូលទស្សនាតំបន់រមណីយដ្ឋានអង្គរនៅក្នុងខែមករា ឆ្នាំ ២០២៤ កើនឡើងជាងពាក់កណ្តាល បើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣។ នេះបើតាមទិន្នន័យរបស់គ្រឹះស្ថានអង្គរ។
គ្រឹះស្ថានអង្គរ គឺជាគ្រឹះស្ថានសាធារណៈរដ្ឋបាលដែលបង្កើតឡើងកាលពីឆ្នាំ ២០១៦ ដោយស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេសនៃក្រសួងទេសចរណ៍ និងក្រោមអាណាព្យាបាលហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ការប្រមូលចំណូលរបស់គ្រឹះស្ថានអង្គរ គឺរួមមាន រមណីយដ្ឋានអង្គរ, ប្រាសាទកោះកេរ, និងសំបុត្រទូកនៅកំពង់ផែចុងឃ្នៀស។ សម្រាប់តម្លៃសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ត្រូវបានចែកចេញជា ៣ ប្រភេទ គឺសំបុត្រចូលទស្សនា ១ ថ្ងៃមានតម្លៃ ៣៧ដុល្លារ, ៣ ថ្ងៃតម្លៃ ៦២ ដុល្លារ និង ៧ ថ្ងៃ មានតម្លៃ ៧២ ដុល្លារ។
សេចក្តីប្រកាសព័ត៌មាននៃគ្រឹះស្ថានអង្គរឱ្យដឹងថា ក្នុងខែមករា ឆ្នាំ ២០២៤ មានភ្ញៀវបរទេសចំនួន ១១៥ ៥៣២ នាក់បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ កើនឡើង ៤៩,២ ភាគរយបើធៀបនឹងខែមករា ឆ្នាំ ២០២៣ ចំណែកប្រាក់បានពីការលក់សំបុត្រមានចំនួនជិត ៥,៥ លានដុល្លារ កើនឡើង ៥០,៩ ភាគរយ។ ទោះជាយ៉ាងណាចំនួននេះនៅទាបខ្លាំងបើធៀបនឹងឆ្នាំ ២០១៩ ដែលជាអំឡុងពេលកម្ពុជាទទួលបានភ្ញៀវអន្តរជាតិច្រើន ដោយក្នុងខែមករា ឆ្នាំ ២០១៩ គ្រឹះស្ថានអង្គររកចំណូលបាន ១២,៣៨ លានដុល្លារ ពីភ្ញៀវទិញសំបុត្រចំនួន ២៧១ ០៥០ នាក់។
សេចក្តីប្រកាសព័ត៌មាន ឱ្យដឹងទៀតថា ក្រៅពីចំណូលខាងលើគ្រឹះស្ថានអង្គរក៏រកចំណូលបាន ៤៣ ៤១០ ដុល្លារផងដែរពីភ្ញៀវបរទេសទិញសំបុត្រចូលទស្សនាតំបន់ប្រាសាទកោះកែរ, និងចំនួន ១០១ ៨៥៤ ដុល្លារពីការលក់សំបុត្រទូកនៅកំពង់ផែចុងឃ្នៀស។
លោក អនហេង សុភ័ក្រ ប្រធានសមាគមមគ្គុទេ្ទសក៍ទេសចរណ៍ភាសាចិនកម្ពុជា បានឱ្យ ភ្នំពេញប៉ុស្តិ៍ដឹង នៅថ្ងៃទី ៤ ខែកុម្ភៈថា ភ្ញៀវទេសចរបរទេសធ្វើដំណើរមកកម្សាន្តតាមប្រាសាទនានាក្នុងខេត្តសៀមរាប នាដើមឆ្នាំ ២០២៤ គឺពិតជាកើនឡើងបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣។
លោកថ្លែងថា៖ «ក្នុងខែមករា ឆ្នាំ ២០២៤ ខ្ញុំសង្កេតឃើញភ្ញៀវទេសចរបរទេសច្រើនជាងរយៈពេលដូចគ្នាឆ្នាំមុន។ ភ្ញៀវភាគច្រើនមកពីតំបន់អឺរ៉ុប ខណៈជនជាតិចិននៅមានចំនួនតិចតួច ដោយវាខុសប្លែកខ្លាំងទៅនឹងមុនឆ្នាំ ២០២០ ដែលភាគច្រើនជាភ្ញៀវជនជាតិចិន»។
លោកប្រាប់ទៀតថា ចំពោះរយៈពេលស្នាក់នៅរបស់ភ្ញៀវចិន គឺមានរយៈពេលយូរថ្ងៃជាងមុនពេលមានវត្តមានជំងឺកូវីដ ១៩ ព្រោះនៅពេលនេះមិនសូវមានជើងហោះត្រង់ពីប្រទេសចិនមកខេត្តសៀមរាបដូចមុន ដូច្នេះវាតម្រូវឱ្យពួកគេត្រូវធ្វើដំណើរមករាជធានីភ្នំពេញ មុនបន្តដំណើរមកខេត្តសៀមរាប។
លោក សុភ័ក្រ មានជំនឿថា ក្នុងឆ្នាំ ២០២៤ នេះ កម្ពុជានឹងទទួលបានភ្ញៀវបរទេសកាន់តែច្រើន ហើយអ្នកនៅក្នុងវិស័យទេសចរណ៍ ក៏នឹងមានប្រាក់ចំណូលច្រើនឡើងវិញដែរ។ ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរអង្គរ លោក ខៀវ ធី បានប្រាប់ថា ទោះបីការគំរាមកំហែងពីវិបត្តិជំងឺកូវីដ ១៩ លើពិភពលោកបានបិទបញ្ចប់ស្ទើរទាំងស្រុង ប៉ុន្តែវិបត្តិថ្មីៗដែលកើតជាបន្តបន្ទាប់នៅក្នុងអំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ គឺពិតជាបន្តដាក់សម្ពាធលើវិស័យទេសចរណ៍ពិភពលោក។
លោកបន្តថា ស្ថិតក្នុងស្ថានភាពនេះកម្ពុជាត្រូវតែខិតខំធ្វើការផ្សព្វផ្សាយថែមទៀត ដើម្បីទាក់ទាញភ្ញៀវបរទេសឱ្យចូលមកកម្សាន្ត និងមកវិនិយោគកាន់តែច្រើន។ បច្ចុប្បន្នកម្ពុជាមានកន្លែងដែលមានសក្តានុពលទាក់ទាញភ្ញៀវបរទេសឱ្យមកកម្សាន្តហើយ ប៉ុន្តែការរៀបចំ និងអភិវឌ្ឍន៍កន្លែងទាំងនោះឱ្យកាន់តែមានសម្រស់ និងបរិស្ថានល្អក៏ជារឿងចាំបាច់ដែរ។
លោកប្រាប់ថា៖ «ដើម្បីបង្កើនសក្តានុពលទាក់ទាញទេសចរបរទេសឱ្យបានកាន់តែច្រើន គឺទាមទារឱ្យផ្នែកពាក់ព័ន្ធរួមគ្នារៀបចំបរិស្ថានក្នុងប្រទេសឱ្យកាន់តែល្អថែមទៀត ដោយរាប់បញ្ចូលទាំងកត្តាសន្តិសុខ បរិស្ថានអនាម័យ និងការបង្កើនផលិតផលវត្ថុអនុស្សាវរីយ៍មានគុណភាពជាដើម»។
នៅក្នុងឆ្នាំ ២០២៣ មានភ្ញៀវបរទេស ៧៩៨ ០៦៩ នាក់បានទិញសំបុត្រចូលរមណីយដ្ឋានអង្គរ កើន ១៧៧,៦៣ ភាគរយ បើធៀបនឹងឆ្នាំ ២០២២ ចំណែកប្រាក់ប្រមូលបានពីការលក់សំបុត្រ ៣៧,២ លានដុល្លារ កើន ២២២,៦៨ ភាគរយ។ ក្រៅពីចំណូលខាងលើ គ្រឹះស្ថានអង្គរ ក៏រកបាន ២២២ ០៩០ ដុល្លារពីការលក់សំបុត្រឱ្យភ្ញៀវបរទេសចូលទស្សនាប្រាសាទកោះកេរ, និង ៥៦៤ ៦៧១ ដុល្លារពីការលក់សំបុត្រទូកនៅកំពង់ផែចុងឃ្នៀស។ នេះបើយោងតាមគ្រឹះស្ថានអង្គរ៕