ភ្នំពេញៈ ផែនការបញ្ចប់ការសាងសង់ចំណតអ្នកដំណើរថ្មីនៃព្រលានយន្តហោះអន្តរជាតិព្រះសីហនុ នៅត្រឹមឆ្នាំ ២០២៦ គឺជាវិធានការមួយដើម្បីទាញយកសក្តានុពលនៃការមកដល់របស់ភ្ញៀវទេសចរមកកម្សាន្តតំបន់ឆ្នេរប្រទេសកម្ពុជានៅក្នុងរយៈពេលជាច្រើនឆ្នាំខាងមុខ។
ក្រុមហ៊ុន VINCI Airports គឺជាភាគហ៊ុនិកដ៏ធំនៃក្រុមហ៊ុន Cambodia Airports ដែលបានគ្រប់គ្រងព្រលានយន្តហោះអន្តរជាតិក្នុងប្រទេសកម្ពុជា ជាង ២០ ឆ្នាំមកហើយ គឺចាប់តាំងពីក្រុមហ៊ុននេះបានទទួលសម្បទានក្នុងភាពជាដៃគូជាមួយរដ្ឋាភិបាលតាំងពីឆ្នាំ ១៩៩៥។
លោក Emmanuel Menanteau ប្រធានប្រចាំតំបន់របស់ក្រុមហ៊ុន VINCI បានជួបលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី ១ ខែកុម្ភៈ បានពិភាក្សាអំពីផែនការវិនិយោគរបស់ក្រុមហ៊ុនលើវិស័យអាកាសចរណ៍កម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CDC។
លោក Emmanuel បានជម្រាបជូនលោក ចាន់ថុល ថា បច្ចុប្បន្នក្រុមហ៊ុនគ្រោងនឹងពង្រីកស្ថានីយអ្នកដំណើរថ្មីនៅព្រលានយន្តហោះអន្តរជាតិព្រះសីហនុ ដោយគ្រោងនឹងបញ្ចប់នៅត្រឹមឆ្នាំ ២០២៦ ខណៈលោក ស៊ុន ចាន់ថុល បានសម្តែងការពេញចិត្តចំពោះការវិនិយោគរបស់ក្រុមហ៊ុន ជាពិសេសផែនការពង្រីករបស់ក្រុមហ៊ុនដែលឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់វិនិយោគិនបរទេសនៅក្នុងប្រទេសកម្ពុជា។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានស្វាគមន៍ចំពោះការពង្រីកការវិនិយោគលើព្រលានយន្តហោះ។ លោកពន្យល់ថា បច្ចុប្បន្នទោះបីវិស័យទេសចរណ៍ត្រូវបានកែលម្អជាបណ្តើរៗ ក៏វាមិនទាន់ឈានដល់កម្រិតមុនវិបត្តិការរីករាលដាលជំងឺកូវីដ ១៩ ដែលកម្ពុជាស្វាគមន៍ភ្ញៀវទេសចរបរទេសរាប់លាននាក់ ជាពិសេសមកពីតំបន់អឺរ៉ុប។
លោកថ្លែងថា៖ «ក្រុមហ៊ុនមានផែនការយុទ្ធសាស្ត្ររបស់ពួកគេ ខណៈពួកគេព្យាករថា ចំនួនភ្ញៀវទេសចរទៅកាន់តំបន់ឆ្នេរនឹងកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ដូច្នេះផែនការពង្រីកស្ថានីយអ្នកដំណើរថ្មីនេះ នឹងឆ្លើយតបការកើនឡើងនៃចំនួនភ្ញៀវទេសចរក្នុងរយៈពេលជាច្រើនឆ្នាំខាងមុខ»។
រយៈពេលជាង ២០ ឆ្នាំកន្លងមកនេះ ក្រុមហ៊ុន VINCI Airports បានដំណើរការព្រលានយន្តហោះអន្តរជាតិចំនួន ៣ នៅប្រទេសកម្ពុជា តាមរយៈ Cambodia Airports ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន។ បន្ទាប់ពីក្រុមហ៊ុន VINCI Airports បានវិនិយោគ ២៧០ លានអឺរ៉ូលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនព្រលានយន្តហោះទាំង ៣ ទទួលអ្នកដំណើរបាន ១០ លាននាក់កាលពីឆ្នាំ ២០១៩។
ព្រលានយន្តហោះក្នុងខេត្តព្រះសីហនុ សៀមរាប និងភ្នំពេញត្រូវបានពង្រីកដើម្បីបំពេញតម្រូវការដែលជំរុញដោយកំណើនចំនួនអ្នកដំណើរជាបន្តបន្ទាប់។ ព្រះសីហនុ គឺជាទីក្រុងជាប់មាត់សមុទ្រដែលមានប្រជាប្រិយភាពខ្លាំងពីភ្ញៀវទេសចរអន្តរជាតិ ជាពិសេសបន្ទាប់ពីមានជើងហោះហើរទៀងទាត់ទៅកាន់គោលដៅនេះត្រូវបានបើកដំណើរការកាលពីឆ្នាំ ២០១១។
កាលពីឆ្នាំ ២០២០ ព្រលានយន្តហោះនេះបានប្រារព្ធពិធីបញ្ចប់ការជួសជុលផ្លូវរត់របស់ខ្លួន។ កម្មវិធីវិនិយោគ ៥៨ លានដុល្លារដែលផ្តួចផ្តើមឡើងកាលពីឆ្នាំ ២០១៨ និងអនុវត្តដោយក្រុមហ៊ុនជាដៃគូ រួមមានក្រុមហ៊ុន VINCI Construction Terrassement និងក្រុមហ៊ុន Soletanche Freyssinet មានន័យថា ព្រលានយន្តហោះនេះអាចទទួលយន្តហោះខ្នាតធំ និងចម្ងាយឆ្ងាយដូចជា Boeing 777-300ER និង Airbus A350-1000 ជាដើម។ ប្រព័ន្ធភ្លើងផ្លូវរត់ LED ថ្មីក៏ត្រូវបានដំឡើងផងដែរ ដើម្បីបង្កើនភាពអាចមើលឃើញច្បាស់ពីអ្នកបើកយន្តហោះ និងកាត់បន្ថយការប្រើប្រាស់ថាមពលរបស់ព្រលានយន្តហោះមួយនេះ។
ក្រោមភាពជាដៃគូសាធារណៈ និងឯកជនដែលបានចុះហត្ថលេខាជាមួយរាជរដ្ឋាភិបាលកម្ពុជា កាលពីឆ្នាំ ១៩៩៥ ក្រុមហ៊ុន Cambodia Airports បានទទួលសម្បទានរយៈពេល ៤៥ ឆ្នាំលើការអភិវឌ្ឍ និងការគ្រប់គ្រងបណ្តាញព្រលានយន្តហោះអន្តរជាតិរបស់ប្រទេសកម្ពុជាដែលបម្រើដល់រាជធានីភ្នំពេញ និងទីក្រុងកំពង់ផែ និងរមណីយដ្ឋានឆ្នេរសមុទ្រក្រុងព្រះសីហនុ។ ភាគហ៊ុនិករបស់ព្រលានហោះកម្ពុជា គឺក្រុមហ៊ុន VINCI Airports របស់ប្រទេសបារាំង គ្រប់គ្រង ៧០ភាគរយ និងក្រុមហ៊ុន Muhibbah Masteron Cambodia គ្រប់គ្រង ៣០ ភាគរយជាក្រុមហ៊ុនវិនិ-យោគរួមរបស់ម៉ាឡេស៊ី និងកម្ពុជា។
កម្ពុជាបានស្វាគមន៍ភ្ញៀវបរទេសជាង ៥,៤ លាននាក់ក្នុងឆ្នាំ ២០២៣ កើនជិត ១៤០ ភាគរយធៀបឆ្នាំ ២០២២ ដែលក្នុងនោះភ្ញៀវមកពីប្រទេសចំនួន ៤ នៅតំបន់អាស៊ីមានចំនួនជិត ៧០ ភាគរយនៃភ្ញៀវបរទេសសរុប។ នេះបើយោងតាមក្រសួងទេសចរណ៍៕