ភ្នំពេញៈ ក្រុមហ៊ុន​អាកាសចរណ៍​ឡាវ នឹងធ្វើ​ការហោះហើរ​ត្រង់​ឡើងវិញ​មកកាន់​ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃទី​ ១៩ ខែមីនា ឆ្នាំ​ ២០២៤ តទៅ​ដើម្បី​ឆ្លើយតប​នឹង​ការកើនឡើង​នៃ​តម្រូវការ​របស់​អ្នកធ្វើដំណើរ ជាពិសេស​ស្របតាម​ការដាក់ចេញ​នូវ​កិច្ចសហប្រតិបត្តិការ​ទេស​ចរណ៍​ត្រីភាគី​កម្ពុជា​-​ឡាវ​-​វៀតណាម «​ប្រទេស​៣​គោលដៅ​តែ​១ (Three Countries One Destination)»។ នេះ​បើ​យោងតាម​អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរ​ស៊ីវិល​ (SSCA)​។

លោក ស៊ីន ចាន់​សិរី​វុត្ថា អ្នកនាំពាក្យ SSCA បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​៥ ខែកុម្ភៈ​ថា បន្ទាប់ពី​បាន​ពិនិត្យឃើញ​គ្រប់យ៉ាង​ដំណើរការ​ជា​ប្រក្រតី​ឡើងវិញ ជាពិសេស​វិស័យ​ទេសចរណ៍​ក៏​កំពុង​រីកចម្រើន​ជា​បន្តបន្ទាប់ និង​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការធ្វើដំណើរ​របស់​ភ្ញៀវទេសចរ ក្រុមហ៊ុន​អាកាសចរណ៍​ឡាវ​ដែលជា​ក្រុមហ៊ុន​របស់​រដ្ឋ បានសម្រេច​ចិត្ត​ធ្វើ​ការ​ហោះ​​ត្រង់​ឡើងវិញ​រវាង​ទីក្រុង​វៀងចន្ទន៍​-​ភ្នំពេញ​-​វៀងចន្ទន៍ ដោយ​គ្រោង​ចាប់ផ្តើម​ហោះហើរ ចាប់ពី​ថ្ងៃ​១៩ ខែមីនា ឆ្នាំ​២០២៤ តទៅ​។ ការហោះហើរ​នឹងមាន​ចំនួន ៣​ជើង​ក្នុង ១​សប្តាហ៍ គឺ​ថ្ងៃ​អង្គារ ព្រហស្បតិ៍ និង​សៅរ៍ ដោយ​ប្រើ​យន្តហោះ AirBus320 ឬ ATR 72​។​

​អ្នកនាំពាក្យ​រូបនេះ​បានឱ្យដឹង​ទៀតថា ក្រុមហ៊ុន​អាកាសចរណ៍​ឡាវ ក៏​ធ្លាប់បាន​ធ្វើការ​ហោះហើរ​ត្រង់​លើ​កំណាត់​ផ្លូវ​វៀងចន្ទន៍​-​ភ្នំពេញ​-​វៀងចន្ទន៍ តាំងពី​អំឡុង​ទសវត្សរ៍ ៨០ រហូតដល់​ពាក់កណ្តាល​ទសវត្សរ៍ ឆ្នាំ​២០០០ តែដោយសារ​កត្តា​ទីផ្សារ​បានធ្វើឱ្យ​ការហោះហើរ​លើ​កំណាត់​ផ្លូវ​នេះ ត្រូវបាន​ផ្អាក​មួយរយៈ​។ ដោយឡែក​ក្រុមហ៊ុន​អាកាសចរណ៍​ឡាវ​បាន​ប្រើប្រាស់​សិទ្ធិ​ហោះហើរ​របស់ខ្លួន​លើ​កំណាត់​ផ្លូវ​នេះ ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម (Code-share agreement) តែ​ទោះជា​ក្នុងស្ថានភាព​ណាក៏ដោយ ក្រុមហ៊ុន​អាកាសចរណ៍​ឡាវ​នៅតែ​បន្ត​ការហោះហើរ​ត្រង់​រវាង​ហ្លួងព្រះបាង​-​ប៉ាក់​សេ​-​សៀមរាប​-​ប៉ាក់​សេ​-​ហ្លួងព្រះបាង ដោយ​ប្រើប្រាស់​យន្តហោះ​ប្រភេទ ATR 72 ដែលមាន​ចំនួន​ជើងហោះហើរ​ប្រមាណ ៣​ជើង ក្នុង ១​សប្តាហ៍​។​

បើតាម​លោក ចាន់​សិរី​វុត្ថា ៖«​កាលពី​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០២៤ រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល បានចេញ​លិខិត​ផ្តល់​ការអនុញ្ញាត​សម្រាប់​ការហោះហើរ​តាម​សំណើ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ឡាវ​រួចរាល់​ហើយ​។ ដើម្បី​ជួយ​សម្រួល​ដល់​ភ្ញៀវទេសចរ និង​វិនិយោគិន​បរទេស ក្នុងការ​ធ្វើដំណើរ​ចេញ​-​ចូល​ប្រទេស​ឡាវ​ក្រុមហ៊ុន​អាកាសចរណ៍​ឡាវ បានប្រកាស​ដាក់ចេញ​នូវ​ផ្លូវ​ហោះហើរ​អន្តរជាតិ​ថ្មី​នៅក្នុង​តំបន់​បន្ថែមទៀត ដោយ​ហោះហើរ​រវាង​សុ​វណ្ណា​ខេ​ត​-​បាងកក វៀងចន្ទន៍​-​ភ្នំពេញ និង​វៀងចន្ទន៍​-​ដា​ណា​ង​ប្រទេស​វៀតណាម​»​។​

លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​បា​ស៊ី​ហ្វិ​ក​កម្ពុជា ​(PATA)​ បានលើកឡើង​ដែរ​ថា​ការចាប់ផ្តើម​ដំណើរការ​ឡើងវិញ​រប​ស់ប​ណ្តា​ក្រុមហ៊ុន​អាកាសចរណ៍​នានា គឺជា​សញ្ញា​វិជ្ជមាន​មួយ​សម្រាប់​វិស័យ​ទេសចរណ៍ ដែល​កំពុង​មានការ​ងើប​ឡើងជា​បណ្តើរៗ បន្ទាប់ពី​ត្រូវបាន​រង​ផលប៉ះពាល់​ខ្លាំង​ជា​បន្តបន្ទាប់​ចាប់តាំងពី​វិបត្តិ​កូ​វីត​១៩ មក​។​

លោក​បាន​ថ្លែងថា​៖«​យើង​ឃើញថា​ប្រទេស​កម្ពុជា​យើង​បាន​ស្វាគមន៍​ភ្ញៀវទេសចរ​មកពី​ក្នុង​តំបន់​ច្រើន​ក្នុង​រយៈពេល​កន្លង​ម​នេះ ដូច្នេះ​ការដាក់ឱ្យ​ដំណើរការ​ឡើងវិញ​រប​ស់​អាកាសចរណ៍​ឡាវ​ក៏​ឆ្លុះបញ្ចាំង​អំពី​ការកើនឡើង​នៃ​តម្រូវការ​នៃ​ការហោះហើរ​រវាង​ប្រទេស​ទាំង​២​ផងដែរ​»​។​

លោក ចាន់​សិរី​វុត្ថា បន្ថែមថា សម្រាប់​ប្រទេស​កម្ពុជា ​កាលពី​ឆ្នាំ​២០២៣ កន្លងមក ឡាវ គឺជា​ភ្ញៀវទេសចរ​បរទេស​ធំ​ទី​៤ ដែល​បានធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​។ កាលពី​ឆ្នាំ​២០២៣ ភ្ញៀវទេសចរ​ឡាវ​ដែល​បាន​មកលេង​កម្ពុ​ជា មាន​ចំនួន​សរុប​ជាង ៣៧ ​ម៉ឺន​នាក់ កើនឡើង ៣០២​ ភាគរយ​។​

លោក​បញ្ជាក់ថា​៖«​ក្រុមហ៊ុន​អាកាសចរណ៍​ឡាវ​សង្ឃឹម និង​ជឿជាក់ថា​ភ្ញៀវទេសចរ​កម្ពុជា និង​ភ្ញៀវទេសចរ​បរទេស​នឹង​ចូលរួម​គាំទ្រ​ដល់​ការហោះហើរ​ត្រង់នេះ​។ ក្នុង​រយៈពេល​វែង ក្រុមហ៊ុន​អាកាសចរណ៍​ឡាវ​ក៏មាន​គម្រោង​នឹងធ្វើ​ការតភ្ជាប់​ផ្លូវ​ហោះហើរ​ទៅកាន់​ខេត្ត​ព្រះសីហនុ​ផងដែរ​»​។​

កម្ពុជា​ ស្វាគមន៍​ភ្ញៀវ​បរទេស​ជាង ៥,៤​លាន​នាក់​ក្នុង​ឆ្នាំ​២០២៣ កើនឡើង​ជិត ១៤០​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​២០២២ ដែល​ក្នុងនោះ​ភ្ញៀវ​មកពី​ប្រទេស​ចំនួន ៤​នៅ​តំបន់​អាស៊ី​មាន​ចំនួន​ជិត ៧០ ភាគរយ​នៃ​ភ្ញៀវ​បរទេស​សរុប​។ នេះ​បើ​យោងតាម​ក្រសួងទេសចរណ៍​៕