​ភ្នំពេញៈ ផលិតផល​កៅស៊ូ​កម្ពុជា ក្នុង​ឆ្នាំ ​២០២៣ មានតម្លៃ​ប្រមាណ ៥៣៦​ លាន​ដុល្លារ ក្នុងនោះ​ការនាំ​ចេញទៅ​ទីផ្សារ​អន្តរ​ជាតិ​មាន​ចំនួន​ជាង ៩០ ​ភាគរយ​ទឹកប្រាក់​សរុប និង​សល់​ពី​នោះ​គឺជា​ការប្រើប្រាស់​នៅក្នុង​ស្រុក​។​

​ទិន្នន័យ ​ភ្នំពេញ ​ប៉ុស្តិ៍​ ទើប​ទទួលបាន​ពី​អគ្គនាយកដ្ឋាន​កៅស៊ូ នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ឱ្យដឹងថា ក្នុង​ឆ្នាំ ២០២៣ ប្រាក់ចំណូល​ដែល​កម្ពុជា​ទទួល​បាន​ពី​ផលិតផល​កៅស៊ូ មាន​សរុប ៥៣៦​ លាន​ដុល្លារ ក្នុងនោះ​ចំណូល​ពី​ការនាំ​ជ័រ​​កៅស៊ូ ទៅ​ទីផ្សារ​អន្តរជាតិ ៤៩០,៦​ លាន​ដុល្លារ​, ចំណូល​ពី​ការនាំចេញ​ឈើ​កៅស៊ូ ១,៦ ​លាន​ដុល្លារ​, និង​ការប្រើប្រាស់​ជ័រ​​កៅស៊ូ​ក្នុងស្រុក ៤៣,៨ ​លាន​ដុល្លារ​។​

​សម្រាប់​បរិមាណ​ជ័រកៅស៊ូ​ដែល​បាន​នាំ​​ចេញ​ក្នុង​ឆ្នាំ​ ២០២៣ គឺ​សម្រេចបាន​ចំនួន ៣៦៨ ០៤៨​ តោន ថយចុះ ៤ ៨៥៥​ តោន​ធៀប​ឆ្នាំ​ ២០២២ និង​ឈើ​កៅស៊ូ​មាន​ចំនួន ​(​ឈើ​ចាស់ៗ​អស់​ប្រសិទ្ធភាព​សេដ្ឋកិច្ច​) ៩ ៤១១​ ម៉ែត្រគុប ថយ ១៧ ០៧៨ ​ម៉ែត្រ​គុប​។ ចំណែក​ផលិតផល​កៅស៊ូ​ប្រើប្រាស់​ក្នុងស្រុក​មាន​ចំនួន ៣០ ៤៥២​ តោន​។​

​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ លោក ហ៊ឹម អូន បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៥ ខែកុម្ភៈ​ថា សម្រាប់​ទិន្នផល​ជ័រ​កៅស៊ូ​ដែល​ប្រមូលបាន​ក្នុង​ឆ្នាំ ​២០២៣ គឺ​កើនឡើង​តិចតួច​បើ​ធៀប​ឆ្នាំ​ ២០២២ ប៉ុន្តែ​សម្រាប់​បរិមាណ​នៃ​ការនាំចេញ​ជ័រកៅស៊ូ​ទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ គឺ​បាន​ធ្លាក់ចុះ​ខ្លះ​ដោយសារ​កំណើន​តម្រូវការ​ជ័រកៅស៊ូ​ពី​សំណាក់​រោងចក្រ​ផលិត​សម្បក​កង់​យាន​យន្ត​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក​បន្តថា កំណើន​រោងចក្រ​ផលិត​សម្បក​កង់​យាន​យន្ត​ដែល​កំពុង​កើន​ឡើងជា​បន្តបន្ទាប់​នេះ​នឹង​ធ្វើឱ្យ​តម្រូវការ​ជ័រកៅស៊ូ​មាន​កាន់តែច្រើន​។ លោក​បន្តថា ភាគច្រើន​ជ័រកៅស៊ូ​ដែល​ប្រមូលបាន​នៅ​កម្ពុជា​ត្រូវបាន​ឈ្មួញ​នាំទៅ​លក់​នៅ​ប្រទេសមួយ​ចំនួន​ដូចជា វៀតណាម ចិន កូរ៉េ ម៉ាឡេស៊ី សិង្ហ​បុរី ជប៉ុន និង សហគមន៍​អឺរ៉ុប ជាដើម​។​

​លោក​ថ្លែងថា​៖ «​ការនាំចេញ​ជ័រកៅស៊ូ​ទៅ​លក់​នៅក្រៅ​ប្រទេស​កាលពី​ឆ្នាំ​ ២០២៣ ធ្លាក់ចុះ គឺ​ដោយសារ​កំណើន​នៃ​តម្រូវការ​ក្នុងស្រុក ដោយ​ក្នុង​ឆ្នាំ ២០២៣ មាន​បរិ​មាណ​រហូតដល់​ជាង ៣ ​ម៉ឺន​តោន​។ ចំនួន​នៃ​ការប្រើប្រាស់​ជ័រកៅស៊ូ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២៤ នេះ​នឹង​កើន​លើសពី​ឆ្នាំ​ ២០២៣ ជាមិនខាន​»​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​និយាយថា វត្តមាន​របស់​រោងចក្រ​ផលិត​សម្បក​កង់​យានយន្ត​បាន​ជួយ​ឱ្យ​ទីផ្សារ​ជ័រកៅស៊ូ​នៅ​កម្ពុ​ជាមាន​ភាព​​ល្អប្រសើរ​ជាង​មុន ខុសពី​មុន​ដែល​ត្រូវ​ពឹង​ផ្អែក​ស្ទើរ​ទាំងស្រុង​ទៅលើ​ការនាំចេញ​។ ស្ថានភាព​នេះ​នឹង​កាន់តែ​ល្អ ព្រោះ​ចំនួន​រោងចក្រ​ផលិត​សម្បក​កង់​យានយន្ត​នៅ​កម្ពុជា​នឹង​កើនឡើង​។​

​លោក​ប្រាប់ថា​៖ «​កៅស៊ូ​ជា​ទំនិញ​សក្តា​នុព​ល​មួយ​ដែល​កម្ពុជា​នាំចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​ជា​រៀងរាល់ឆ្នាំ​។ ការនាំចេញ​នឹង​ធ្លាក់ចុះ​នៅពេល​បណ្តា​រោងចក្រ​ក្នុងស្រុក​ងាក​មកប្រើប្រាស់​ជ័រកៅស៊ូ​កម្ពុជា​»​។​

​ជាមួយនឹង​ការបើក​ដំណើរការ​រោងចក្រ​ផលិត​កង់​កៅស៊ូ និង​រោងចក្រ​ដំឡើងរថយន្ត​ជា​បន្តបន្ទាប់ លោក លឹម ហេង មាន​សុ​​ទិដ្ឋិ​និយម​ថា ជ័រកៅស៊ូ​នឹងមាន​ទីផ្សារ​កាន់តែ​ល្អ​នាពេល​អនាគត​។​

​អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន ក្នុង​ពិធី​បើកសម្ពោធ​រោងចក្រ​ផលិត​សម្បក​កង់​រថយន្ត ដែលមាន​ទុនវិនិយោគ ​៣០០​ លាន​ដុល្លារ​របស់​ក្រុមហ៊ុន General Tire Technology (Cambodia)​ នៅ​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី ​២២ ខែ​ឧសភា ឆ្នាំ ​២០២៣ បាន​លើកឡើងថា កម្ពុជា​ចង់បាន​រោងចក្រ​ឧស្សាហកម្ម​ដែល​ប្រើប្រាស់​វត្ថុធាតុដើម​ក្នុងស្រុក​ដូចជា កៅស៊ូ និង​ស្វាយចន្ទី ឱ្យបាន​ច្រើន ដោយ​រោងចក្រ​ក្នុងស្រុក​នឹង​ជួយ​បង្កើត​ការងារ​ដល់​ប្រជាជន​។ ការវិនិយោគ​នៅក្នុង​ស្រុក​ក៏​ជួយ​នាំ​បច្ចេកវិទ្យា​ទំនើបៗ​ចូលមក​កម្ពុជា ដែល​ស្រប​នឹង​គោលនយោបាយ​ឧស្សា​ហ​កម្ម​របស់​កម្ពុជា​ផងដែរ​។​

​យោងតាម​អគ្គនាយកដ្ឋាន​កៅស៊ូ គិត​ត្រឹម​ដំណាច់ឆ្នាំ​ ២០២៣ នៅ​កម្ពុ​ជាមាន​ផ្ទៃ​ដី​កៅស៊ូ​សរុប​ចំនួន ៤០៧ ១៧២​ ហិកតា កើនឡើង ២ ៥៩៤ ​ហិកតា ឬ​ស្មើ ០,៦៤ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២២ ដោយ​ក្នុងនោះ​ចម្ការកៅស៊ូ​កសិឧស្សាហកម្ម មាន​ចំនួន ២២៦ ៨៤០​ ហិកតា និង​ចម្ការ​កៅ​ស៊ូ​គ្រួសារ ១៨០ ៣៣២​ ហិកតា​។ ចំណែក​ផ្ទៃដី​កៅស៊ូ​ចៀរ​ជ័រ​មាន​ចំនួន ៣២០ ១៨៤ ​ហិកតា ស្មើនឹង ៧៨,៦​ ភាគរយ​នៃ​ផ្ទៃដី​កៅស៊ូ​សរុប កើនឡើង ៤ ៨៥២ ​ហិកតា​។ ទិន្នផល​មធ្យម​ប្រចាំឆ្នាំ​ ២០២៣ គឺ​ទទួល​បាន ១ ២២៨ ​គីឡូក្រាម​ក្នុង ១ ​ហិកតា កើន ១៦​ គីឡូក្រាម​ធៀប​ឆ្នាំ​ ២០២២៕