​ភ្នំពេញៈ ការនាំចេញ​ផលិត​ផល​ស្បែកជើង និង​វត្ថុ​ប្រហាក់​ប្រហែល​ទៅ​ទីផ្សារ​អន្តរជាតិ​នៅក្នុង​ឆ្នាំ​ ២០២៣ មាន​ទឹកប្រាក់​ជាង ១,៣​ ពាន់​លាន​ដុល្លារ ធ្លាក់ចុះ​ជាង ២១​ ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ ​២០២២ ខណៈ​នៅក្នុង​ឆ្នាំ​ ២០២៤ តាម​ការ​ព្យាករ​ គឺ​ការនាំចេញ​ល្អប្រសើរ​ជាង​ឆ្នាំ ​២០២៣​។​

​តារាង​ទិន្នន័យ​កត់ត្រា​ដោយ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​​កម្ពុជា ​(GDCE)​ បាន​បង្ហាញថា ក្នុង​ឆ្នាំ ​២០២៣ ការនាំចេញ​ទំនិញ​ក្នុង​ជំពូក ​(HS ២ ​ខ្ទង់​)​ លេខ​កូដ ៦៤ ដែល​រួមមាន ស្បែកជើង ស្រោមជើង និង​វត្ថុ​ប្រហាក់ប្រហែល មាន​ទឹកប្រាក់​សរុប ១,៣៦​ ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ២១,៤​ ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០២២ ដែលមាន​ចំនួន ១,៧៤​ ពាន់​លាន​ដុល្លារ​។

ទឹក​ប្រាក់​នាំចេញ​ទំនិញ​លេខ​កូដ ៦៤ គឺ​ស្មើនឹង​ប្រមាណ ៦​ ភាគ​រយ​នៃ​ការនាំចេញ​សរុប​របស់​កម្ពុជា​ឆ្នាំ​ ២០២៣ ដែលមាន ២២,៦៤ ​ពាន់​លាន​ដុល្លារ​។ កាលពី​ឆ្នាំ​ ២០២២ ទឹកប្រាក់​នាំចេញ​ទំនិញ​លេខ​កូដ ៦៤ គឺ​ស្មើនឹង ៧,៨​ ភាគរយ​នៃ​ការនាំចេញ​សរុប​ដែលមាន​ចំនួន ២២,២៥ ​ពាន់​លាន​ដុល្លារ​។​

GDCE បាន​បន្តថា សម្រាប់​ខែធ្នូ ឆ្នាំ​ ២០២៣ ការនាំចេញ​ស្បែកជើង​ស្រោមជើង វត្ថុ​ប្រហាក់ប្រហែល មាន​ទឹកប្រាក់ ១៥១,៦៨​ លាន​ដុល្លារ ថយចុះ ៧,៥​ ភាគរយ​ពី​ចំនួន ១៦៤,០៥​លាន​ដុល្លារ​បើ​ធៀប​ខែធ្នូ ឆ្នាំ​ ២០២២​។​

​ប្រធាន​សមាគម​ស្បែកជើង​កម្ពុជា លោក លី ឃុន​ថៃ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា វិបត្តិ​ដែល​បណ្តាលមកពី​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ និង​សង្គ្រាម​នៅ​ប្រ​ទេស​មួយចំនួន​ (​ពិសេស​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន​) បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​កំណើនសេដ្ឋកិច្ច​សក​ល ដែល​បញ្ហា​នេះ​ជំ​រុញឱ្យ​មនុស្ស​កាត់បន្ថយ​ការចំណាយ និង​ដំណើរ​ធ្វើ​ទេសចរណ៍​។ នៅពេល​មិនសូវមាន​ការធ្វើដំណើរ​តម្រូវការ​ស្បែកជើង​ក៏​ធ្លាក់ចុះ​ដែរ​។

លោក​បាន​បន្តថា ក្រៅពី​ចំណុច​ខាងលើ ការធ្លាក់ចុះ​ទឹក​​ប្រាក់​ខាងលើ ក៏​ដោយសារតែ​កាលពី​ឆ្នាំ ​២០២២ កម្ពុជា​បានទទួល​ការបញ្ជាទិញ​យ៉ាងច្រើន ដែល​ចំណុច​នេះ​ធ្វើឱ្យ​ឃ្លាំង​ស្តុក​របស់​ក្រុមហ៊ុន​បញ្ជា​ទិញ​មិនទាន់​បញ្ចេញ​លក់​អស់​។​

​លោក​ប្រាប់ថា​៖ «​ទឹកប្រាក់​នាំចេញ​ផលិតផល​ស្បែកជើង​ធ្លាក់ចុះ​កាលពី​ឆ្នាំមុន គឺ​ដោយ​​សារ​ការបញ្ជាទិញ​ពី​ក្រៅប្រទេស​ធ្លាក់ចុះ ប៉ុន្តែ​សមត្ថភាព​ផលិត​កម្ម​គឺ​មិនបាន​ធ្លាក់ចុះ​ឡើយ​»​។​

​លោក​ប្រាប់ទៀតថា ដោយ​​សារ​តែ​ស្តុក​កាលពី​ឆ្នាំ ​២០២៣ ត្រូវបាន​គេ​បញ្ចេញ​លក់​ច្រើន ស្របពេល​កំណើនសេដ្ឋកិច្ច​សកល​ក្នុង​ឆ្នាំ​ ២០២៤ នេះ​ត្រូវបាន​ស្ថាប័នហិរញ្ញវត្ថុ​នានា​លើ​ពិភពលោក​ព្យាករ​ថា នឹងមាន​កំណើន​ខ្ពស់ជាង​ឆ្នាំ​ ២០២៣ ដូច្នេះ​ទឹកប្រាក់​នាំចេញ​ផលិត​ផល​ស្បែកជើង​ប្រាកដជា​នឹង​ខ្ពស់ជាង​ឆ្នាំមុន​»​។​

​បើតាម ឃុន​ថៃ ផលិតផល​ស្បែកជើង ស្រោមជើង និង​វត្ថុ​ប្រហាក់ប្រហែល​ផលិត​នៅក្នុង​ប្រទេស​កម្ពុជា​ត្រូវបាន​នាំទៅ​គោលដៅ​សំខាន់ៗ​មួយចំនួន​ដូចជា អាមេរិក អឺរ៉ុប កាណាដា អង់គ្លេស និង​ប្រទេស​តំបន់​។ ស្បែកជើង​ផលិត​នៅ​កម្ពុ​ជាមាន​ម៉ាក​អន្តរជាតិ​ល្បីៗ​ជាច្រើន​ដូចជា Adidas, Clarks, និង Timberland ជាដើម​។​

​បើតាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​​កម្ពុជា​ (CDC) ដែលជា​ស្ថាប័ន​តំណាង​របស់​រដ្ឋាភិបាល​មាន​ភារកិច្ច​ក្នុងការ​ពិនិត្យ និង​ផ្តល់​ការអនុញ្ញាតឱ្យ​ក្រុមហ៊ុន​ជាតិ និង​អន្តរជាតិ​បើក​ដំណើរការ​អាជីវ​កម្ម និង​រោងចក្រ​/​សហគ្រាស​នៅ​កម្ពុជា គឺ​ចំនួន​នៃ​គម្រោង​វិនិយោគ​ដែល​បានអនុម័ត​ក្នុង​ឆ្នាំ ​២០២៣ បាន​កើន​ឡើងដល់ ២៦៨​ គម្រោង ពី​ចំនួន ១៨៦ កាលពី​ឆ្នាំ​ ២០២២ ក្នុងនោះ​ក៏មាន​គម្រោង​វិនិយោគ​លើ​រោង​ចក្រ​ផលិត​ស្បែកជើង ស្រោម​ជើង និង​វត្ថុ​ប្រហាក់ប្រហែល ជាច្រើន​ផងដែរ​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​​កម្ពុជា លោក លឹម ហេង បានឱ្យដឹងថា ផលិតផល​ស្បែកជើង ស្រោមជើង និង​វត្ថុ​ប្រហាក់​ប្រ​ហែល គឺជា​ផ្នែក​សំខាន់​មួយ​នៃ​ទំនិញ​នាំចេញ​របស់​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​។ បច្ចុប្បន្ននេះ​រោងចក្រ​ផលិត​ស្បែកជើង និង​វត្ថុ​ប្រហាក់ប្រហែល​បាន​បង្កើត​ការងារ​យ៉ាងច្រើន​សម្រាប់​ប្រ​​ជា​ពលរដ្ឋ​ខ្មែរ និង​រកចំណូលបាន​រាប់រយ​លាន​ដុល្លារ​នៅក្នុង ១ ឆ្នាំៗ​។​

​លោក​បន្ថែមថា ការធ្លាក់ចុះ​តម្រូវការ​ផលិតផល​ទាំងអស់នេះ គឺ​ដោយសារ​កំណើន​សេដ្ឋ​កិច្ច​ប្រទេស​ដែលជា​គោលដៅ​នាំចេញ​របស់​កម្ពុជា​ជួប​បញ្ហា ខណៈ​វិស័យ​ទេសចរណ៍​ពិភព​លោក​ក៏​មិនសូវ​ល្អ​ដែរ​ក្នុង​រយៈ​​ពេល​ជិត ៤ ឆ្នាំ​មកនេះ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​នៅពេល​កំណើនសេដ្ឋកិច្ច​សកល​ល្អ​មនុ​ស្សនឹង​ចេញ​ធ្វើ​ទេសចរណ៍​ច្រើន ដូច្នេះ​តម្រូវការ​ស្បែកជើង និង​វត្ថុ​ប្រហាក់ប្រហែល​ក៏​នឹង​កើន​ឡើងវិញ​ដែរ​»៕