ភ្នំពេញៈ ទីភ្នាក់ងារជំរុញវិនិយោគ និងពាណិជ្ជកម្មកូរ៉េ (KOTRA) គ្រោងនឹងរៀបចំវេទិកាជំរុញ និងទាក់ទាញវិនិយោគមកកាន់ប្រទេសកម្ពុជា នាពេលដ៏ខ្លីខាងមុខសំដៅបញ្ជ្រាបការឈ្វេងយល់ដល់ធុរជន និងវិនិយោគិនកូរ៉េអំពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ស្របពេលប្រទេសទាំង ២ នឹងចាប់ផ្តើមអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនាពេលខាងមុខនេះផងដែរ។
ផែនការនៃការរៀបចំជំនួបធុរកិច្ចនេះត្រូវបានលើកឡើងដោយលោក Hacheong Yun អគ្គនាយក KOTRA ក្នុងជំនួបជាមួយលោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (CDC) នៅទីស្តីការ CDC កាលពីថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៤។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CDC។
លោក Hacheong Yun បានសម្តែងការពេញចិត្តជូនចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលជានិច្ចកាលតែងតែផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធក្នុងការរៀបចំសកម្មភាពគាំទ្រនានា។
លោកបន្តថា៖ «ក្នុងស្មារតីនេះ សមភាគីបានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថាផែនការសកម្មភាពជំរុញ និងទាក់ទាញវិនិយោគនឹងសម្រេចជោគជ័យតាមការគ្រោងទុក»។
លោក សួន សុផល ក៏បានលើកឡើងវិញអំពីអាទិភាពនៃតុវិនិយោគកូរ៉េ (Korea Desk) ដែលជាមរតកដ៏មានតម្លៃនៃកិច្ចសហប្រតិបត្តិការរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េពាក់ព័ន្ធនឹងកិច្ចការវិនិយោគឯកជន។ លោកក៏បានសាទរចំពោះភាគីកូរ៉េ ដែលមានបំណងរៀបចំវេទិកាជំរុញ និងទាក់ទាញវិនិយោគមកកាន់កម្ពុជានាពេលដ៏ខ្លីខាងមុខ សំដៅបញ្ជ្រាបការឈ្វេងយល់ដល់ធុរជន និងវិនិយោគិនកូរ៉េអំពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា។
លោកមានសុទិដ្ឋិនិយមថា៖ «វេទិកានាពេលខាងមុខនឹងពាំនាំមកនូវផ្លែផ្កាវិជ្ជមានសម្រាប់រុញច្រាន់លំហូរវិនិយោគពីកូរ៉េមកកាន់កម្ពុជាឱ្យកាន់តែមានកំណើនគួរឱ្យកត់សម្គាល់»។ ទោះយ៉ាងណាលោកពុំបានបញ្ជាក់ច្បាស់អំពីកាលបរិច្ឆេទពិតប្រាកដនៃវេទិកានោះនៅឡើយទេ។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានគាំទ្រសម្រាប់ជំនួបធុរកិច្ចរវាងកម្ពុជា-កូរ៉េ នាពេលខាងមុខ ដែលជាការឆ្លើយតបទៅនឹងការដែលប្រទេសទាំង ២ គ្រោងនឹងចាប់ផ្តើមអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនាពេលខាងមុខ។
លោកបានថ្លែងថា៖ «វេទិការធុរកិច្ចនេះនឹងដើរតួនាទីដ៏សំខាន់ក្នុងការផ្តល់ព័ត៌មានកាន់តែលម្អិតពីមន្ត្រីនៃប្រទេសទាំង ២ ពាក់ព័ន្ធនឹងអត្ថប្រយោជន៍នៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ។ ការណ៍នេះពួកយើងដែលជាធុរជននឹងទទួលបានព័ត៌មានបន្ថែម និងអាចស្វែងយល់ពីដៃគូមុននឹងសហការគ្នារកស៊ីទទួលទានផងដែរ»។
បើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងឆ្នាំ ២០២៣ ទំនិញដែលកម្ពុជានាំទៅប្រទេសកូរ៉េ មានទឹកប្រាក់ ២៨១,១៤ លានដុល្លារ កើនឡើង ២០,៣ ភាគរយ បើធៀបនឹងឆ្នាំ ២០២២ ចំណែកទំនិញកូរ៉េនាំមកកម្ពុជា ចំនួន ៤៧០,២៥ លានដុល្លារ ធ្លាក់ចុះ ១៣,៨ ភាគរយ។ សម្រាប់ពាណិជ្ជកម្មទ្វេភាគី គឺមានទឹកប្រាក់សរុប ៧៥១,៣៨ លានដុល្លារ ថយចុះ ៣,៥ ភាគរយ។
ប្រទេសកូរ៉េ គឺជាដៃគូពាណិជ្ជកម្មធំជាងគេទី១២ របស់កម្ពុជា ដែលនាំមុខដោយប្រទេសចិន អាមេរិក វៀតណាម ថៃ ជប៉ុន ឥណ្ឌូនេស៊ី អាល្លឺម៉ង់ កាណាដា សិង្ហបុរី ចក្រភពអង់គ្លេស និងកោះតៃវ៉ាន់។
ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា គិតត្រឹមត្រីមាសទី១ ឆ្នាំ ២០២៣ ទឹកប្រាក់នៃការវិនិយោគផ្ទាល់បរទេសនៅកម្ពុជាមានប្រមាណ ៤៥,៨ ពាន់លានដុល្លារ កើនឡើង ៩ ភាគរយ បើធៀបនឹងចុងត្រីមាសទី១ ឆ្នាំ ២០២២។ ប្រទេសកូរ៉េខាងត្បូង ឈរនៅលេខ ២ ដោយមានទឹកប្រាក់ ៥,៥ ពាន់លានដុល្លារ កើន ១០,៤ ភាគរយ ធៀបនឹងត្រីមាសទី១ ឆ្នាំ ២០២២៕