​ភ្នំពេញៈ ការចរចា​តម្លៃ គឺជា​ឧបសគ្គ​មួយ ដែល​ធ្វើឱ្យ​ផែនការ​នាំចេញ​ម្រេច​កម្ពុជា​ជា​ផ្លូវការ​ទៅ​ទីផ្សារ​តំបន់​អារ៉ាប់​នៅ​មិនទាន់​អាច​លេចចេញ​ជា​រូបរាង ខណៈ​តម្រូវការ​ប្រើប្រាស់​ម្រេច​នៅ​កម្ពុជា​ក្នុង​ ១​ ឆ្នាំមាន​ប្រហែល​ពី ៥-១០​​ ភាគរយ​ប៉ុណ្ណោះ​នៃ​ទិន្នផល​ប្រមូលបាន​។ នេះ​បើតាម​ប្រធាន​សហព័ន្ធ​ម្រេច និង​គ្រឿងទេស​កម្ពុជា​។​

​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៦ ខែកុម្ភៈ លោក ម៉ាក នី ប្រ​ធាន​សហព័ន្ធ​ម្រេច និង​គ្រឿង​ទេស​កម្ពុជា បានឱ្យដឹងថា បើ​ទោះបី​សមាគម​បាន​ខិតខំ​ជំរុញ​ការពង្រីក​ទីផ្សារ​នាំចេញ​ម្រេច​ជា​ផ្លូវការ​ទៅ​បណ្តា​ប្រទេស​នៅ​តំបន់​អារ៉ាប់​ក៏ដោយ ក៏​ការនាំ​ចេញ​ជា​ផ្លូវការ​នៅពេលនេះ​មិនទាន់​លេចចេញ​ជា​រូបរាង​ទេ​។ កត្តា​តម្លៃ គឺជា​ឧបសគ្គ​ដែល​ធ្វើឱ្យ​ការចរចា​រវាង​ក្រុមហ៊ុន​ជា​សមាជិក​របស់​សហព័ន្ធ​ម្រេច និង​គ្រឿងទេស​កម្ពុជា ជាមួយ​ក្រុមហ៊ុន​បញ្ជា​ទិញ​ទៅ​អារ៉ាប់​មិនទាន់មាន​ការឯកភាព​គ្នា​។​

​លោក​ថ្លែងថា​៖«​ដោយសារ​ការចរចា​តម្លៃ​មិនត្រូវ​គ្នា ដូច្នេះ​មកដល់ពេលនេះ គឺ​មិនទាន់មាន​ការនាំចេញ​ម្រេច​ជា​ផ្លូវការ​ទៅ​បណ្តា​ប្រទេស​តំបន់​អារ៉ាប់​ឡើយ​»​។ លោក​បន្តថា​៖«​ទោះ​មិនមាន​ព័ត៌មាន​ផ្លូវការ​ពី​ការ​នាំចេញ​ម្រេច ប៉ុន្តែ​ខ្ញុំ​គិតថា​ការនាំចេញ​ក្រៅផ្លូវការ គឺមាន​ខ្លះ​រួចទៅហើយ​»​។​

​ទោះយ៉ាងណា លោក ម៉ាក នី មិនបាន​ប្រាប់​លម្អិត​ពី​តម្លៃ​ដែល​ស្ថិតនៅលើ​តុ​ចរចា​រវាង​អ្នក​ផ្គត់​ផ្គង់​នៅ​កម្ពុជា និង​ក្រុមហ៊ុន​ចង់​នាំ​ម្រេច​ជា​ផ្លូវការ​ទៅ​ទីផ្សារ​តំ​បន់​អារ៉ាប់​ឡើយ​។​
​យោងតាម​លោក ម៉ាក នី ជា​ទូទៅ​ក្នុង​ ១ ​ឆ្នាំ កម្ពុជា​ប្រមូល​ផល​ម្រេច​បាន​ក្នុង​រង្វង់ ១,៧-២ ម៉ឺន​តោន​លើ​ផ្ទៃដី​សរុប​ជិត ៧ ០០០​ ហិកតា​។ ការដាំ​ម្រេច​គឺ​ភាគច្រើន​សម្រាប់​បំពេញ​ឱ្យ​តម្រូវការ​នាំចេញ ដោយសារ​តម្រូវការ​ម្រេច​ក្នុងស្រុក​មាន​ត្រឹមតែ ​៥-១០ ​ភាគរយ​ប៉ុណ្ណោះ សល់​ពី​នោះ​ត្រូវបាន​ឈ្មួញ​នាំ​​ចេញទៅ​ទីផ្សារ​អន្តរជាតិ​តាម​រយៈ​ប្រទេស​វៀតណាម ថៃ ចិន និង​តំបន់​អឺរ៉ុប ជាដើម​។​

​ប្រធាន​សមាគម​ម្រេច​លើក​ស្ទួយ​ម្រេច​កំពត លោក ងួន ឡាយ ឱ្យដឹងថា ម្រេច​កំពត​ដែលជា​ផលិតផល​ម៉ាក​សម្គាល់​ភូមិ​សាស្ត្រ​ (GI) គឺ​មិន​ដែលមាន​បញ្ហា​ទីផ្សារ ឬ​តម្លៃ​ឡើយ ព្រោះ​តែង​ត្រូវបាន​ក្រុម​ឈ្មួញ​ប្រមូល​ទិញ​ស្ទើរ​គ្មាន​សល់​។ ជា​មធ្យម​ទិន្នផល​ម្រេច​កំពត​ដែល​ប្រមូលបាន គឺ​ក្នុង​រង្វង់​ ១០០​ តោន​ជា​រៀងរាល់ឆ្នាំ​។ មូលហេតុ​ដែល​អ្នក​ដាំ​ម្រេច​កំពត មិនដែល​ជួប​បញ្ហា​ទីផ្សារ និង​តម្លៃ គឺ​ដោយ​សារ​ម្រេច​កំពត​មាន​គុណភាព​ស្តង់ដា និង​មានការ​ចុះបញ្ជី​ទទួលស្គាល់​គុណភាព​ពី​អាជ្ញា​ធរ​។ ភាគច្រើន​នៃ​ម្រេច​កំពត គឺ​ត្រូវបាន​ក្រុមហ៊ុននាំចេញ​ធ្វើ​កិច្ចសន្យា​ទិញ​តាំងពី​មុនពេល​ប្រមូល​ផល​ជា​រៀងរាល់ឆ្នាំ​។​

​លោក ងួន ឡាយ បាន​ប្រាប់ថា​៖«​ដោយសារ​ជា​ម្រេច​កំពត​មានគុណ​ភាពល្អ និង​រសជាតិ​កម្រិតស្តង់ដា ដូច្នេះ​យើង​មិនមាន​បញ្ហា​នាំចេញ​ឡើយ​»​។​

​បើតាម​លោក ងួន ឡាយ តាំង​ពី​ឆ្នាំ​ ២០១៥ មក​តម្លៃ​ម្រេច​កំពត ​(GI)​មិ ន​ប្រែប្រួល​ឡើយ ដោយ​ម្រេចខ្មៅ មានតម្លៃ​មធ្យម ១៥​ ដុល្លារ​ក្នុង ១​ គីឡូក្រាម​, ម្រេច​ក្រហម ២៥​ ដុល្លារ និង​ម្រេចស ២៨​ ដុល្លារ​។ សព្វថ្ងៃ​ម្រេច​កំពត​ត្រូវបាន​នាំចេញ​ទៅកាន់​បណ្តា​ប្រទេស​ជាង​ ៥០ ភាគច្រើន​ស្ថិតនៅ​ទ្វីបអឺរ៉ុប​។​

​របាយការណ៍​ប្រចាំឆ្នាំ ​២០២៣ របស់​ក្រសួងកសិកម្ម រុក្ខា​ប្រ​មា​ញ់ និង​នេសាទ ឱ្យដឹងថា ចន្លោះ​ពី​ខែមករា ដល់​ខែធ្នូ ឆ្នាំ​ ២០២៣ កម្ពុជា​បាន​នាំចេញ​កសិផល ៨ ៤៤៩ ៤១៤,៣៦​ តោន ធ្លាក់ចុះ ១,៩​ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​២ ០២២ ក្នុងនោះ​ការនាំចេញ​ម្រេច​មាន​ចំនួន ៦ ១៥២,៨៣​ តោន ធ្លាក់ចុះ​ចំនួន​ ២៦,៧៦ ភាគរយ​។​

​អតីតរដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម លោក ប៉ាន សូរ​ស័ក្តិ ធ្លាប់បាន​និយាយថា អេ​មី​រ៉ា​ត​អារ៉ាប់​​រួម ​(​ប្រទេស​ក្នុង​តំបន់​អារ៉ាប់​) ជា​ប្រទេសមួយ​ដែល​សំខាន់​សម្រាប់​ការនាំចេញ​ផលិតផល​កសិកម្ម​ពី​កម្ពុជា ព្រោះ​ប្រទេស​នេះ​មាន​តម្រូវការ​ទៅលើ​សន្តិ​សុខ​ស្បៀង ។ នាពេលខាងមុខ​លោក​រំពឹងថា អេ​មី​រ៉ា​ត​អារ៉ាប់​រួម​នឹង​ក្លាយជា​ទីផ្សារ​ធំ​សម្រាប់​ការនាំចេញ​ផលិតផល​កសិកម្ម​ពី​កម្ពុជា​។ តាមរយៈ​ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ផលិតផល​​កម្ពុជា​ក៏​នឹង​អាច​ហូរ​បន្តទៅ​ប្រ​ទេស​នៅក្នុង​តំបន់​អារ៉ាប់​ជិត​ខាង​ផងដែរ​៕