ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានបម្រុងទុកថវិកាចំនួន ១០០ លានដុល្លារ ជាកម្មវិធីហិរញ្ញប្បទានពិសេសរបស់រដ្ឋាភិបាល ដើម្បីជួយរក្សាស្ថិរភាពតម្លៃទំនិញកសិកម្មនៅក្នុងរដូវប្រមូលផលសម្រាប់ឆ្នាំនេះ។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់ ARDB។
អគ្គនាយកនៃ ARDB លោក កៅ ថាច បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ៧ ខែកុម្ភៈថា លោកបានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងលើការរៀបចំគោលការណ៍ហិរញ្ញប្បទានពិសេសក្រោមកម្មវិធីហិរញ្ញប្បទាន ១០០ លានដុល្លារ ដើម្បីលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល កាលពីថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៤ នៅទីស្នាក់ការកណ្តាល ARDB។
លោកថ្លែងថា៖«កម្មវិធីហិរញ្ញប្បទាននេះ គឺជាវិធានការអន្តរាគមន៍ពិសេសរបស់រាជរដ្ឋាភិបាលក្នុងការផ្តល់ជាទុនបង្វិលដល់អតិថិជនគោលដៅ។ សម្រាប់វិស័យស្រូវអង្ករ ហិរញ្ញប្បទានពិសេសនេះមានគោលដៅផ្តល់ជូន រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករក្នុងការប្រមូលទិញស្រូវ ដើម្បីរក្សាលំនឹង និងសិ្ថរភាពថ្លៃសំដៅបង្កើនបរិមាណសន្និធិផ្គត់ផ្គង់ដល់ការកែច្នៃប្រើប្រាស់ក្នុងស្រុក សន្តិសុខស្បៀង និងការនាំចេញ»។
លោកលើកឡើងថា៖ «មូលនិធិនេះគឺបានត្រៀមទុកនៅឆ្នាំនេះក្នុងអាណត្តិទី៧ របស់រដ្ឋាភិបាល។ មូលនិធិនេះ ត្រូវបានបម្រុងទុកដើម្បីបញ្ចេញនៅពេលមានការប្រែប្រួលតម្លៃក្នុងរដូវប្រមូលផល។ រហូតមកដល់ពេលនេះ យើងមិនទាន់បញ្ចេញនៅឡើយទេ»។
លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុន Amru Rice (Cambodia) Co., Ltd មានទំនុកចិត្តថា ក្រុមហ៊ុននាំចេញជាច្រើនដែលតែងរាយការណ៍ពីការខ្វះខាតដើមទុនក្នុងរដូវប្រមូលផលស្រូវនឹងអាចបង្កើនការទិញស្រូវពីកសិករ ដើម្បីកិនស្រូវសម្រាប់នាំចេញក៏ដូចជាស្តុកទុក។
លោកបន្ថែមថា៖ «រដ្ឋាភិបាលយកចិត្តទុកដាក់ជានិច្ចក្នុងការលើកស្ទួយវិស័យស្រូវអង្ករ ដោយសារយើងធ្លាប់ជួបប្រទះនឹងការខ្វះខាតដើមទុនក្នុងការទិញស្រូវពីកសិករ ដែលនាំឱ្យមានឧបសគ្គ និងការធ្លាក់ចុះតម្លៃ»។
លោកបន្តថា៖ «វិស័យឯកជនបានសហការគ្នាជាមួយក្រសួងកសិកម្ម ម្តងហើយម្តងទៀត ដើម្បីជួយកសិករ ជាទុនដែលរាជរដ្ឋាភិបាលគ្រោងនឹងបញ្ចេញ នឹងជួយលើកកម្ពស់វិស័យនេះបន្ថែមទៀត ជាពិសេសជួយរក្សាស្ថិរភាពតម្លៃជូនប្រជាពលរដ្ឋ»។
លោក គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានបញ្ជាក់ថា កសិករដែលជាក្រុមងាយទទួលរងគ្រោះបំផុតដោយសារការប្រែប្រួលតម្លៃ ជាពិសេសក្នុងរដូវប្រមូលផលដោយពួកគាត់តែងជួបការលំបាក ដោយសារខ្វះលទ្ធភាពចូលទីផ្សារ ខណៈហិរញ្ញប្បទានក្នុងស្រុកដល់វិស័យនេះនៅមានកម្រិត។
លោកថ្លែងថា៖ «ដោយមានមូលនិធិពិសេសពីរាជរដ្ឋាភិបាលនឹងចូលរួមចំណែកក្នុងការរក្សាការប្រែប្រួលតម្លៃក្នុងរដូវប្រមូលផលដែលយើងតែងតែប្រឈមនឹងការធ្លាក់ថ្លៃ។ ខ្ញុំគិតថាមូលនិធិនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាពតម្លៃសម្រាប់កសិកររបស់យើង»។
ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី ២៥ ខែមករា បានបើកកិច្ចប្រជុំផ្ទៃក្នុងដោយគ្រោងបង្កើតទីផ្សារលក់ដុំនៅទូទាំងប្រទេសជាវិធានការមួយដែលធ្វើឱ្យតម្លៃមានស្ថិរភាព និងពង្រីកឱកាសទីផ្សារសម្រាប់កសិករ ដែលជាអ្នកងាយទទួលរងគ្រោះបំផុត ដោយសារការទម្លាក់តម្លៃដោយឈ្មួញកណ្តាល។
កាលពីឆ្នាំ ២០២៣ កម្ពុជាបាននាំចេញកសិផលជាង ៨,៤ លានតោន ធ្លាក់ចុះ ១,៩ ភាគរយបើធៀបនឹងឆ្នាំ ២០២២ និងមានទឹកប្រាក់នាំចេញជាង ៤,៣០៦ ពាន់លានដុល្លារ ក្នុងនោះការនាំចេញអង្ករមានតម្លៃជាង ៥៦៧ លានដុល្លារ ស្រូវ ៩៣៩ លានដុល្លារ និងផលិតផលកសិកម្មផ្សេងទៀត មានតម្លៃជិត ២,៨ ពាន់លានដុល្លារ។ នេះបើយោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
បើយោងតាមរបាយការណ៍ក្រសួងកសិកម្មដែលបញ្ជាក់អំពីផលិតផលកសិកម្មចម្រុះដែលរួមបញ្ចូលក្នុងប្រភេទផ្សេងទៀតរួមមាន ដំឡូងមីស្ងួតចំនួន ១,២ លានតោន ដំឡូងមីស្រស់ ១,៩ លាន ម្សៅដំឡូងមី ៣៦ ០០០ តោន កាកសំណល់ដំឡូងមី ៧៤ ០០០ តោន គ្រាប់ស្វាយចន្ទី ៤២០ ០០០ តោន ពោត ៧១ ០០០ តោន និងគ្រាប់សណ្ដែកសៀង ៥៤ ០០០ តោន។ ចំណែកការនាំចេញផ្លែឈើក្នុងនោះ ចេកស្រស់ ២៩០ ០០០ តោន ស្វាយស្រស់ ១៦០ ០០០ តោន តំណាប់ស្វាយ ២៧០ ០០០ តោន និងមៀនស្រស់ជាង ១៧០ ០០០ តោន។
ការនាំចេញកសិផលផ្សេងទៀតរួមមានប្រេងដូងជាង ៧៩ ០០០ តោន ម្រេច ៦ ០០០ តោន និងបន្លែចម្រុះជាង ២២០ តោនកើនជិត ៥៤០ ០០០ តោននៅក្នុងផលិតផលកសិកម្ម ១០០ មុខផ្សេងៗគ្នា។ក្រសួងបានលើកឡើងថា កាលពីឆ្នាំ ២០២៣ កសិករធ្វើស្រែប្រាំងបាន ៥៥៤ ២១០ ហិកតា ប្រមាណ ១១១,២៥ ភាគរយនៃផែនការកំណត់៕