​ភ្នំពេញៈ អ្នកជំនួញ និង​អ្នកសេដ្ឋកិច្ច​មាន​សុទិដ្ឋិនិយម​ថា ដំណើរ​ទស្សនកិច្ច​រប​ស់​នាយករដ្ឋមន្ត្រី​កម្ពុជា​ទៅ​ប្រទេស​ថៃ​នឹង​ជួយ​ធ្វើឱ្យ​ចរាចរណ៍​ទំនិញ កា​រវិ​និ​យោគ និង​វិស័យ​ទេសចរណ៍​នៃ​ប្រទេស​ទាំង ២​ កាន់​តែមាន​សញ្ញា​វិជ្ជមាន ខណៈ​ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំង​ ២ ​កាលពី​ឆ្នាំ​ ២០២៣ ធ្លាក់ចុះ​ជិត ២០ ​ភាគរយ​។​

​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា លោក ហ៊ុន​ ម៉ា​ណែ​ត កាលពី​ព្រឹក​ថ្ងៃទី​​ ៧ ខែកុម្ភៈ ឆ្នាំ ​២០២៤ បាន​ដឹកនាំ​គណៈប្រតិភូ​នៃរាជរដ្ឋាភិបាល និង​ផ្នែក​ឯកជន​កម្ពុជា ទៅធ្វើ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ថៃ​តាម​ការអញ្ជើញ​របស់​នា​យក​រដ្ឋមន្ត្រី​ថៃ លោក សេដ្ឋា ថា​វី​ស៊ីន​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហ​ប្រតិ​ប​ត្តិ​ការ​អន្តរជាតិ កាលពី​ថ្ងៃទី​ ៥ ខែកុម្ភៈ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក ហ៊ុន​ ម៉ា​ណែ​ត នឹង​ចូល​ក្រាបបង្គំ​គាល់​ព្រះ​មហាក្សត្រ​ថៃ ឥស្សរជន​ថៃ និង​មានការ​ចុះហត្ថលេខា​លើ​ឯកសារ​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ​ទ្វេភាគី​មួយចំនួន​។ ជាមួយគ្នានេះ​លោក​ក៏​ចូលរួម​ថ្លែង​សុន្ទរកថា នៅក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា​-​ថៃ ផងដែរ​។​

​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឆ្នាំ​ ២០២៣ ធ្លាក់​ជិត ១/៥​ដ ង​ធៀប​ឆ្នាំ​ ២០២២ ​ទិន្នន័យ​កត់ត្រា​ដោយ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE) ឱ្យដឹងថា ក្នុង​ឆ្នាំ​ ២០២៣ ការនាំចេញ​នាំចូល​ទំនិញ​រវាង​កម្ពុជា និង​ថៃ មានទឹក​ប្រាក់​សរុប ៣,៧១​ ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ១៧ ​ភាគរយ​បើ​ធៀប​នឹង​រយៈ​​ពេល​ដូចគ្នា​ឆ្នាំ ​២០២២ ដែលមាន​ចំនួន ៤,៤៧​ ពាន់​លាន​ដុល្លារ​។ ទំហំ​ពា​ណិ​ជ្ជ​កម្ម​រវាង​កម្ពុជា​-​ថៃ គឺ​ស្មើនឹង ៧,៩៣ ​ភាគរយ​នៃ​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា​ឆ្នាំ​ ២០២៣ ដែលមាន​ប្រ​មាណ ៤៦,៨៣​ ពាន់​លាន​ដុល្លារ​។​

​សម្រាប់​ទឹកប្រាក់​សរុប​ខាងលើ គឺ​ទំនិញ​កម្ពុជា​នាំទៅ​ប្រទេស​ថៃ​ចំនួន ៨១៧,៥៧​ លាន​ដុល្លារ​ធ្លាក់ចុះ ១,៧​ ភាគរយ និង​ទំនិញ​ថៃ​នាំចូល​កម្ពុជា​ចំនួន ២,៨៩​ ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ២០,៥​ ភាគរយ​។​​យោងតាម​ទិន្នន័យ គឺ​ជញ្ជីង​ពា​ណិ​​ជ្ជ​កម្ម​កម្ពុជា មាន​ឱនភាព ២,០៨​ ពាន់​លាន​ដុល្លារ ខណៈ​ឆ្នាំ ​២០២២ ជញ្ជីងពាណិជ្ជកម្ម​កម្ពុ​ជាមាន​ឱនភាព ២,៨១​ ពាន់​លាន​ដុល្លារ​។ ប្រទេស​ថៃ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី​ ៤ របស់​កម្ពុជា បន្ទាប់ពី​ប្រទេស​ចិន អាមេរិក និង​វៀតណាម​។​

​អនុស្សរណៈ​ចំនួន ​២ ​នឹងត្រូវ​ចុះ​ហត្ថលេខា​ដើម្បី​ជំរុញ​ពាណិជ្ជកម្ម និង​ការវិនិយោគ​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៧ ខែកុម្ភៈ ថា ជំនួប​រវាង​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល និង​ផ្នែក​ឯកជន​នៃ​ប្រទេស​ទាំង​ ២ នា​ថ្ងៃទី ​៧ ខែកុម្ភៈ គឺ​នឹង​ជួយ​ជំរុញ​ឱ្យ​ចរន្ត​នៃ​ការនាំចេញ នាំចូល​ទំនិញ និង​ការបណ្តាក់ទុន​នៃ​អ្នកវិនិយោគ​ប្រទេស​ទាំង​ ២ កាន់តែ​ប្រសើរ​ជាង​មុន​។

លោក​បន្តថា ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​នេះ​លោក​នា​យក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ក៏​នឹង​ចូល​រួម​ក្នុង​វេទិកា​សេដ្ឋកិច្ចកម្ពុជា​-​ថៃ ដែល​រៀបចំ​ដោយ​សភាពាណិជ្ជកម្ម​កម្ពុ​ជា ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ផ្នែក​ឯកជន​នៃ​ប្រទេស​ទាំង​ ២ ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត​។​

​លោក​បាន​ថ្លែងថា​៖ «​ក្នុង​ដំណើរ​អម​សម្តេចនាយក​រដ្ឋមន្ត្រី​ទៅ​ប្រទេស​ថៃ សភាពាណិជ្ជកម្ម​កម្ពុជា​នឹងមាន​ចុះ​អនុ​ស្សរណៈ​នៃ​ការយោគយល់​ចំនួន​ ២ ជាមួយ​ភាគី​ថៃ គឺ​ទី​ ១ ជាមួយ​ធនាគារ​អាហរ័ណ​នីហរ័ណ​ថៃ និង​ទី ២ ជាមួយ​គណៈកម្មការ​ពា​ណិ​ជ្ជ​កម្ម​ថៃ​»​។​

​លោក​ឱ្យដឹងទៀតថា អ្វីដែល​ផ្នែក​ឯកជន​ប្រទេស​ទាំង ២ ចង់បាន​បន្ថែម​នាពេល​នេះ គឺ​កិច្ចព្រមព្រៀង​ពាណិជ្ជ​​កម្ម​ឆ្លងដែន​កម្ពុជា​-​ថៃ ខណៈ​បច្ចុប្បន្ន​កម្ពុជា​-​វៀតណាម មាន​កិច្ចព្រមព្រៀង​នេះ​រួចហើយ​។ កិច្ចព្រមព្រៀង​នេះ​នឹង​ក្លាយជា​ចំណែក​សំខាន់​ក្នុងការ​ជំរុញ​ការផ្លាស់ប្តូរ​ទំនិញ​រវាង​ប្រទេស​ទាំង ​២ ឱ្យមាន​សម្ទុះ​ទៅមុខ​កាន់តែ​លឿន​។​

​លោក​បញ្ជាក់ថា​៖«​ខ្ញុំ​មានជំនឿថា បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​នេះ កំណើន​នៃ​ការវិនិយោគ និង​ការនាំចេញ​-​នាំ​​ចូល​ទំនិញ​ប្រទេស​ទាំង​ ២ កើនឡើង​មួយកម្រិត​ទៀត​»​។​

​កម្ពុជា​ត្រូវតែ​ព​ង្រឹ​ក​ផលិតកម្ម​របស់ខ្លួន​ឱ្យ​ខ្លាំង​បន្ថែមទៀត​

​សេដ្ឋវិទូ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បាន​និយាយថា  ​ដំណើរ​ទស្សនកិច្ច​រប​ស់លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ទៅ​ប្រទេស​ថៃ គឺជា​ផ្នែក​មួយ​នៃ​ការជំរុញ និង​លើក​កម្ពស់​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ឱ្យ​កាន់តែ​ប្រសើរ​បន្ថែមទៀត​។ សម្រាប់​អតុល្យភាព​នៃ​ជញ្ជីង​ពាណិជ្ជ​​កម្ម​រវាង​ប្រទេស​ទាំង​ ២ គឺ​កើតឡើង​ច្រើន​ទសវត្សរ៍​មកហើយ ដោយសារតែ​ថៃ​មាន​ប្រជាជន​ច្រើន មាន​រោង​ចក្រ​/​ឧស្សាហកម្ម​ច្រើន និង​មាន​សេដ្ឋកិច្ច​ធំ​ជាង​កម្ពុជា​។ ម្យ៉ាងទៀត​ប្រជាជន​ខ្មែរ​ក៏​ឱ្យ​តម្លៃ​លើ​គុណភាព​ផលិតផល​របស់​ថៃ​ផងដែរ​។ លោក​បន្តថា ដោយសារ​ប្រទេស​ទាំង ​២ មាន​ព្រំដែន​គោក និង​ទឹក​ជាប់​គ្នា ដូច្នេះ​ទឹកប្រាក់​នៃ​ការផ្លាស់ប្តូរ​ទំនិញ​រវាង​ប្រទេស​ទាំង ​២ គឺ​ប្រាកដ​ជាមាន​ចំនួន​លើសពី​អ្វីដែល​បាន​កត់ត្រា​។​

​លោក​អះអាងថា​៖ «​កម្ពុជា​ចាំបាច់​ត្រូវតែ​ខិតខំ​ព​ង្រឹ​ក​ខ្លួនឯង​ឱ្យ​កាន់តែខ្លាំង​បន្ថែមទៀត ដើម្បី​អាច​ទទួលបាន​ចំណែក​ទីផ្សារ​នាំ​ចេញទៅ​ប្រទេស​ថៃ​កាន់តែច្រើន​»​។​

​លោក​បន្ថែមថា ផលិតផល​កសិកម្ម គឺជា​មុខព្រួញ​សំខាន់​ដែល​កម្ពុជា​អាចមាន​លទ្ធភាព​ច្រើន​ក្នុងការ​លើកកម្ពស់​ការ​នាំ​ចេញទៅ​ទីផ្សារ​ប្រទេស​ថៃ​។​

​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​បាត់​ដំ​បង លោក គីម ហួត ថ្មីៗ​នេះ​បាន​ប្រាប់ថា សកម្មភាព​នាំ​ទំនិញ​ចេញ នាំចូល​កម្ពុជា​-​ថៃ គឺមាន​ដំណើរ​ការល្អ ដោយ​ការនាំចេញ​របស់​កម្ពុជា ​(​ព្រំដែន​ខេត្ត​បាត់ដំបង និង​ប្រទេស​ថៃ​) ភាគច្រើន​ជា​កសិផល​ដូចជា ដំឡូង​មី ពោត និង​សណ្តែក ជាដើម​។ ប្រទេស​ថៃ គឺជា​ទីផ្សារ​នាំចេញ​កសិផល​ចម្បង​របស់​ប្រជាជន​នៅតាម​ព្រំដែន ដោយសារ​តែ​នៅ​កម្ពុជា​មិនទាន់មាន​ឃ្លាំង​ស្តុក និង​ឡស​ម្ងួ​ត​គ្រប់គ្រាន់​។​

​លោក​និយាយថា​៖ «​នៅ​រដូវ​ប្រមូល​ផល​ម្តងៗ គឺមាន​ឈ្មួញ​ក្នុងស្រុក និង​មកពី​ថៃ​ជាច្រើន​បានមក​ប្រមូល​ទិញ​កសិផល​ពី​កម្ពុជា​យកទៅ​កែច្នៃ​បន្ត​នៅ​ប្រទេស​ថៃ​»​។​

​កំណើន​នៃ​វិស័យ​ទេសចរណ៍​

​លោក សរ សារិន អនុប្រធាន​ក្រុម​ប្រឹក្សា​ធុរកិច្ច​កម្ពុជា ​(CBC)​ ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​បាងកក ធ្លាប់បាន​និយាយថា ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ​រវាង​ប្រទេស​ទាំង​ ២ កំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ជំរុញ​ការផ្លាស់ប្តូរ​ទំនិញ និង​វិស័យ​ទេសចរណ៍​។​

​លោក​លើកឡើងថា​៖ «​ប្រទេស​យើង​ទាំង ​២​ មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ទាក់​ទង​នឹង​សេដ្ឋកិច្ច និង​ការទូត ដែលជា​កត្តា​សំខាន់​ក្នុងការ​ជំរុញ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​។ ដូច​យើង​ឃើញ​ហើយ​ថា បន្ទាប់ពី​កូ​វីដ​ ១៩ ធូរស្រាល លំហូរ​ទេសចរ​បរទេស​កំពុង​ត្រឡប់មក​ប្រ​ទេស​ទាំង​ ២ ​វិញ ដូច្នេះ​មាន​កំណើន​តម្រូវការ ហើយ​សកម្មភាព​អាជីវកម្ម​ក៏​ស្ទុះ​ងើបឡើង​វិញ​ផងដែរ​»​។​

​ទិន្នន័យ​ក្រសួងទេសចរណ៍ បង្ហាញថា ចន្លោះ​ពី​ខែមករា ដល់​ខែវិច្ឆិកា ឆ្នាំ​ ២០២៣ កម្ពុជា​ទទួលបាន​ភ្ញៀវ​បរទេស​សរុប​ជិត ៤,៩២ ​លាន​នាក់ កើនឡើង ១៥៦,៩​ ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២ ដែលមាន ១,៩១ ​លាន​នាក់​។ ក្នុងចំណោម​ភ្ញៀវ​បរទេស​ទាំងអស់ គឺ​ភ្ញៀវ​ជនជាតិ​ថៃ មាន​ចំនួន​ច្រើនជាងគេ គឺ ១,៦៦​ លាន​នាក់ ស្មើ​ ៣៣,៧​ ភាគរយ​នៃ​ភ្ញៀវ​បរទេស​សរុប​, វៀតណាម ៩២០ ០៩៣​ នាក់​, ចិន ៤៩៨ ២៥០ ​នាក់ ឡាវ ៣៣០ ៧២៤ ​នាក់ និង​ប្រទេស​មួយចំនួនទៀត​ដូចជា អាមេរិក​, កូរ៉េខាងត្បូង​, ឥណ្ឌូ​នេ​​ស៊ី​, បារាំង​, ចក្រភព​អង់គ្លេស និង​ជន​​ជាតិ​រុស្ស៊ី ជាដើម​៕