ភ្នំពេញៈ កម្ពុជាបានចំណាយប្រាក់ជាង ១ ពាន់លានដុល្លារ កាលពីឆ្នាំ២០២៣ លើការនាំចូល វត្ថុធាតុប្លាស្ទិក និងវត្ថុធ្វើពីប្លាស្ទិក កៅស៊ូ និងវត្ថុធ្វើពីកៅស៊ូ ថយចុះជាង ១១ ភាគរយធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ឆ្លុះបញ្ចាំងពីការខិតខំរបស់រដ្ឋាភិបាលក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។
តារាងស្ថិតិទំនិញពាណិជ្ជកម្មរបស់ GDCE ឱ្យដឹងថា ក្នុងឆ្នាំ២០២៣ ការនាំចេញទំនិញក្នុងជំពូក (HS ២ខ្ទង់) លេខកូដ ៣៩ ដែលរួមមាន វត្ថុធាតុប្លាស្ទិក និងវត្ថុធ្វើពីប្លាស្ទិក កៅស៊ូ និងវត្ថុធ្វើពីកៅស៊ូ (Plastics and articles thereof) មានទឹកប្រាក់សរុប ១,០៧ ពាន់លានដុល្លារ ធ្លាក់ចុះ ១១,៩ភាគរយបើធៀបនឹងឆ្នាំ២០២២ ដែលមានចំនួន ១,២២ ពាន់លានដុល្លារ។ ទឹកប្រាក់នាំចូលផលិតផលពីប្លាស្ទិក និងកៅស៊ូ ស្មើនឹង ៤,៤៣ ភាគរយនៃទឹកប្រាក់នាំចូលទំនិញសរុបក្នុងឆ្នាំ២០២៣ ដែលមានចំនួន ២៤,១៨ ពាន់លានដុល្លារ ខណៈកាលពីឆ្នាំ២០២២ មានចំនួន ៤,៨ ភាគរយនៃទឹកប្រាក់នាំចូលសរុប។
សម្រាប់ខែធ្នូ ឆ្នាំ២០២៣ ការនាំចូលផលិតផលពីប្លាស្ទិក និងកៅស៊ូ មានទឹកប្រាក់ ៩៦,១៤ លានដុល្លារ ថយចុះ ១០,៧ភាគរយពីចំនួន ១០៧,៦៧ លានដុល្លារ ធៀបខែធ្នូ ឆ្នាំ២០២២។ នេះបើយោងតាម GDCE។
អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី៨ ខែកុម្ភៈ ថា ការធ្លាក់ចុះទឹកប្រាក់នាំចូលផលិតផលពីប្លាស្ទិក និងកៅស៊ូ កាលពីឆ្នាំ២០២៣ អាចបណ្តាលមកពីកត្តាសំខាន់ៗមួយចំនួនដូចជា កំណើននៃការទាញយកធនធានក្នុងស្រុក(ជ័រកៅស៊ូ)មកប្រើប្រាស់ជំនួសឱ្យការនាំចូល, ឆន្ទៈរបស់រដ្ឋាភិបាល និងផ្នែកឯកជនក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកដើម្បីថែរក្សាបរិស្ថានភពផែនដី, ការកែច្នៃផលិតផលពីប្លាស្ទិកចាស់ៗឡើងវិញ និងការប្រើប្រាស់ផលិតផលជំនួសឱ្យប្លាស្ទិក ជាដើម។
លោកបន្តថា ជាការពិតសារធាតុប្លាស្ទិកវាមិនមានផលល្អសម្រាប់បរិស្ថានទេ ប៉ុន្តែការនាំចូលផលិតផលទាំងអស់នេះ គឺដើម្បីបំពេញឱ្យការកែច្នៃធ្វើជាផលិតផលប្រើប្រាស់ប្រចាំថ្ងៃ និងការវេចខ្ចប់ទំនិញទាំងទីផ្សារក្នុងស្រុក និងនាំចេញតែប៉ុណ្ណោះ។
លោកបានថ្លែងថា៖«មូលដ្ឋាននៃការទាញយកវត្ថុធាតុដើមក្នុងស្រុកមកប្រើប្រាស់ឱ្យអស់លទ្ធភាព គឺអាចជាហេតុផលចម្បងដែលធ្វើឱ្យចំនួនទឹកប្រាក់នាំចូលផលិតផលទាំងអស់នេះធ្លាក់ចុះ។ នៅពេលការចំណាយលើការនាំចូលផលិតផលពីបរទេសធ្លាក់ចុះ វានឹងជួយឱ្យសេដ្ឋកិច្ចជាតិកាន់តែរឹងមាំ តាមរយៈការរក្សាទុករូបិយវត្ថុអន្តរជាតិកាន់តែច្រើនសម្រាប់ប្រើប្រាស់ជាទុនបម្រុងអន្តរជាតិ»។
លោកប្រាប់ទៀតថា ការធ្លាក់ចុះទឹកប្រាក់នាំចូលផលិតផលប្លាស្ទិកនៅពេលនេះ ក៏ទាក់ទងនឹងចំណេះដឹងរបស់ប្រជាពលកម្ពុជាលើផលទាំងអស់នោះផងដែរ។
លោកអះអាងថា៖«ការនាំចូលផលិតផលប្លាស្ទិក គឺសម្រាប់តែការប្រើប្រាស់ចាំបាច់ប៉ុណ្ណោះ ខណៈរាជរដ្ឋភិបាលកម្ពុជាក៏បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ក្នុងន័យដើម្បីកាត់បន្ថយការប្រើប្រាស់សារធាតុប្លាស្ទិកឱ្យបានជាអតិបរមាផងដែរ»។
មន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ការនាំចូលថង់ប្លាស្ទិកមានការថយចុះប្រមាណ ៥០% កាលពីចុងឆ្នាំ២០២៣ ដែលនេះបង្ហាញឱ្យឃើញពីការយល់ដឹង និងការចូលរួមរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»។ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន ថ្លែងនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤។
លោកបានឱ្យដឹងថា ៖ «ការនាំចូលប្លាស្ទិក នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ មានការថយចុះចំនួន ៣២ ២២៨,៧៣ គីឡូក្រាម ដែលស្មើនឹងប្រមាណ ៥០% បើប្រៀបធៀបនឹងត្រីមាសទី៣ នៃឆ្នាំដដែល»។
លោកបានបន្តទៀតថា ការនាំចូលថង់ប្លាស្ទិកចំនួន ១២ ០៧៨,០៤ គីឡូក្រាម នៅក្នុងខែមករា ឆ្នាំ២០២៤ ថយចុះប្រមាណ ៨០% ក្នុងរយៈពេលដូចគ្នា នៅឆ្នាំ២០២៣ ដែលមានចំនួនសរុប ៦២ ២៨៤,០១ គីឡូក្រាម។
លោក ខ្វៃ អាទិត្យា បានបញ្ជាក់ថា ៖ «ទិន្នន័យ នៃការនាំចូលថង់ប្លាស្ទិកនេះ ត្រូវបានកត់ត្រា ក្នុងឆ្នាំ២០២៣ និងនៅដើមឆ្នាំ២០២៤ ដែលក្រុមហ៊ុនឯកជនបានស្នើសុំការអនុញ្ញាតនាំចូលថង់ប្លាស្ទិក សម្រាប់បម្រើសេវាវេចខ្ចប់ទំនិញក្នុងចង្វាក់ផលិតកម្មរបស់ខ្លួន សម្រាប់ច្រកសំរាម វេចខ្ចប់អាហារ និងប្លាស្ទិកដែលងាយពុកផុយក្នុងបរិស្ថាន (Biodegradable Plastic Bag)»។
ចំពោះថង់ប្លាស្ទិក ដែលក្រុមហ៊ុនសុំអនុញ្ញាតនាំចូលពីបណ្តាប្រទេសផ្សេងៗនេះ បានអនុលោមទៅតាមលក្ខខណ្ឌអនុញ្ញាតឱ្យនាំចូល ដែលមានចែងក្នុងអនុក្រឹត្យលេខ ១៦៨ អនក្រ.បក ស្តីពីការគ្រប់គ្រងថង់ប្លាស្ទិក (កម្រាស់ចាប់ពី ០,០៣ មិល្លីម៉ែត្រ ឡើងទៅ)។ នេះបើតាមការបន្ថែមពីលោក ខ្វៃ អាទិត្យា៕