ភ្នំពេញៈ លោក ស៊ូ សុជាតិ អគ្គនាយកនិយ័តករមូលបត្រកម្ពុជា (SERC) បានឱ្យដឹងថា វត្តមានរបស់ទីភ្នាក់ងារវាយតម្លៃលទ្ធភាពសងនៅក្នុងស្រុក គឺជាមាគ៌ាដ៏ត្រឹមត្រូវក្នុងការកសាងទំនុកចិត្តរបស់វិនិយោគិន និងបង្កើនភាពជឿជាក់របស់សាជីវកម្មនៅកម្ពុជា។ ភ្នាក់ងារនេះនឹងផ្តល់ការវាយតម្លៃប្រកបដោយតម្លាភាព និងឯករាជភាពពីភាគីពាក់ព័ន្ធ និងភ្នាក់ងារវាយតម្លៃលទ្ធភាពសងក្នុងស្រុក ចាំបាច់ត្រូវមានស្តង់ដាឧត្តមានុវត្តន៍នៃវិធីសាស្ត្រ និងដំណើរការនៃការវាយតម្លៃ ដែលអាចប្រៀបធៀបជាមួយដៃគូក្នុងតំបន់។
ថ្លែងក្នុងសិក្ខាសាលាជំនួយបច្ចេកទេសសម្រាប់ទីភ្នាក់ងារវាយតម្លៃកម្ពុជាស្តីពី «ការកសាងសមត្ថភាពសម្រាប់ភាគីពាក់ព័ន្ធ»កាលពីថ្ងៃទី ៧ ខែកុម្ភៈ លោក ស៊ូ សុជាតិ បានឱ្យដឹងថា នៅតាមបណ្ដាប្រទេសជាច្រើន គឺមានភ្នាក់ងារវាយតម្លៃក្នុងស្រុករបស់ពួកគេនៅក្នុងទីផ្សារមូលធនក្នុងការផ្តល់ចំណាត់ថ្នាក់វិជ្ជាជីវៈសម្រាប់ក្រុមហ៊ុនដែលបានចុះបញ្ជី ខណៈក្រុមហ៊ុនវាយតម្លៃក្នុងស្រុកក៏ដើរតួសំខាន់ក្នុងការបង្កើនទំនុកចិត្ត និងភាពជឿជាក់សម្រាប់ភាពជោគជ័យនៃទីផ្សារមូលធននេះផងដែរ។
លោកបានថ្លែងថា៖ «ការអន្តរាគមន៍ពីនិយ័តករ ជាមួយនឹងដៃគូអភិវឌ្ឍន៍ក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុក្នុងការវាយតម្លៃលទ្ធភាពសងនឹងកសាងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុដ៏រឹងមាំ និងប្រកបដោយនិរន្តរភាព។ នៅពេលក្រុមហ៊ុនបានរៀបចំ និងត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលបានការវាយតម្លៃលទ្ធភាពសងល្អបំផុត ការណ៍នេះនឹងនាំមកនូវកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពនៅកម្ពុជា»។
ប្រទេសកម្ពុជា បានចេញអាជ្ញាប័ណ្ណប្រតិបត្តិការដល់ក្រុមហ៊ុនវាយតម្លៃឥណទានដែលគ្រប់គ្រងដោយវិនិយោគិនក្នុងស្រុកដំបូងរបស់ខ្លួនគឺទីភ្នាក់ងារវាយតម្លៃកម្ពុជាភីអិលស៊ី (RAC) កាលពីឆ្នាំ ២០២២ ខណៈក្រុមហ៊ុននេះផ្តល់សេវាវាយតម្លៃឥណទានលើវិស័យមូលបត្រ និងគ្រឹះស្ថានហិរញ្ញវត្ថុ។
អាជ្ញាប័ណ្ណនេះត្រូវបានចេញដោយនិយ័តករមូលបត្រកម្ពុជា (SERC) កាលពីថ្ងៃទី ១២ ខែកក្កដា គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ការអភិវឌ្ឍទីផ្សារមូលធននៅក្នុងប្រទេស។
លោក ស៊ីសុវត្ថិ ចក្រការា អភិបាលប្រតិបត្តិនៃក្រុមហ៊ុន រេតធីង អេជេនស៊ី អហ្វ (ខេមបូឌា) ម.ក បានបញ្ជាក់ថា ការកសាងសមត្ថភាពនេះជាជំហានដ៏សំខាន់ក្នុងការកសាងប្រព័ន្ធទិន្នន័យ និងអ្នកជំនាញការសម្រាប់ការវាយតម្លៃហានិភ័យឥណទាននៅក្នុងទីផ្សារមូលធនកម្ពុជាប្រកបដោយប្រសិទ្ធភាព។ ទីផ្សារមូលធនដែលដំណើរការបានល្អ គឺជាក្បាលម៉ាស៊ីនដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច។
លោកបានប្រាប់ភ្នំ ពេញ ប៉ុស្តិ៍ កាលពីមុនថា វិនិយោគិននៅក្នុងទីផ្សារមូលធនមានគុណវិបត្តិចំពោះក្រុមហ៊ុនបោះផ្សាយដោយសារពួកគេមានព័ត៌មានតិចជាងអ្នកខាងក្នុងដែលគេមើលឃើញថា ជាបញ្ហា«ព័ត៌មានមិនត្រូវគ្នា»។
លោកឱ្យដឹងទៀតថា ទីភ្នាក់ងារវាយតម្លៃឥណទានដោះស្រាយបញ្ហាមួយចំនួននេះដោយផ្តល់លទ្ធភាពទទួលព័ត៌មានដែលបានធ្វើឱ្យប្រសើរឡើង។ ទីភ្នាក់ងារនេះ នឹងធ្វើឱ្យគុណភាព និងបរិមាណនៃព័ត៌មានល្អប្រសើរឡើងនៅក្នុងទីផ្សារមូលធនដើម្បីជាប្រយោជន៍ដល់វិនិយោគិន។
លោកថ្លែងថា៖ «គោលបំណងរបស់ RAC គឺដើម្បីនាំមកនូវផលប្រយោជន៍ដល់វិនិយោគិនក្នុងទីផ្សារមូលធន»។
លោក Vivek Rao អ្នកជំនាញវិស័យហិរញ្ញវត្ថុរបស់ ADB ដែលបានចូលរួមក្នុងសិក្ខាសាលានេះ បានលើកឡើងថា៖ «ការវាយតម្លៃលទ្ធភាពសង ដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រីកទីផ្សារមូលធន និងជាឧបករណ៍ក្នុងការលើកកម្ពស់សន្ទនីយភាពទីផ្សារ»៕