​ភ្នំពេញៈ ក្នុងន័យ​ដើម្បី​ពង្រឹង និង​ពង្រីក​វិសាលភាព​ការ​ផ្សព្វ​ផ្សាយ និង​ទាក់ទាញ​ទេសចរ​ជាតិ និង​អន្តរជាតិ​ឱ្យ​ដើរលេង​កម្សាន្ត​នៅ​កម្ពុជា​កាន់តែច្រើន រាជរដ្ឋាភិបាល​ក្នុង​សប្តាហ៍​នេះ​បានធ្វើការ​កែសម្រួល​អនុ​ក្រឹត្យ​មួយ​ស្តីពី​ការរៀបចំ និង​ការ​ប្រ​​ព្រឹ​ត្ត​ទៅ​របស់​ក្រុមប្រឹក្សាភិបាល​សិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា​។​

​យោងតាម​អនុក្រឹត្យ​ស្តីពី​ «​ការកែសម្រួល​អនុក្រឹត្យ​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​ក្រុមប្រឹក្សាភិបាល​សិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរ​ណ៍​កម្ពុជា​» ដែល​ចុះហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត កាលពី​ថ្ងៃទី​ ៦ ខែកុម្ភៈ គឺ​បានធ្វើ​ការកែសម្រួល​មាត្រា​មួយចំនួន​នៅក្នុង​អនុក្រឹត្យ​លេខ ៥៧ អនក្រ​.​បក​. ចុះ​ថ្ងៃទី​ ២ ខែឧសភា ឆ្នាំ​​ ២០១៨​។​

​អនុក្រឹត្យ​ថ្មី​សរសេរថា​៖ «​អនុ​ក្រឹត្យ​នេះ​កំណត់​អំពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​ក្រុម​ប្រឹក្សា​ភិ​បាល​សិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា ដែល​សរសេរ​ជា​អក្សរ​កាត់​ថា ក​.​ផ​.​ផ​.​ដើម្បី​ធ្វើការ​សិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពង្រឹង​និង​ពង្រីក​បទពិសោធន៍​ការ​អភិ​វ​ឌ្ឍ និង​ភាព​ទាក់ទាញ​ទេសចរ​តាមរយៈ​ការពង្រឹង និង​ពង្រីក​វិសាលភាព​នៃ​ការផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​កម្ពុជា ជំរុញ​កិច្ចសហការ​ភាពជា​ដៃគូ និង​ការចូលរួម​រវាង​ផ្នែក​សា​ធារ​ណៈ និង​ផ្នែក​ឯកជន​ក្នុងការ​ធា​នា​គុណភាព​សេវាកម្ម និង​ផលិត​ផល​ទេសចរណ៍​ក្នុងការ​ផ្សព្វ​ផ្សាយ​ទេសចរណ៍​កម្ពុជា​ទៅ​ទីផ្សារ​ទេសចរណ៍​អន្តរជាតិ​»​។​

​ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា លោក ធួន ស៊ីណាន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៨ ខែកុម្ភៈថា ការ​ធ្វើ​បច្ចុប្បន្នភាព​អនុក្រឹត្យ​នេះ គឺ​ក្នុង​គោលបំណង​ជួយ​ជំរុញ​ឱ្យ​វិស័យ​ទេសចរណ៍​កម្ពុ​ជាមាន​សម្ទុះ​ឡើងវិញ​បន្ទាប់ពី​ធ្លាក់ចុះ​យ៉ាងគំហុក​ចាប់តាំងពី​វត្តមាន​ជំងឺ​កូ​វីដ​ ១៩​។

លោក​បាន​បន្តថា ទោះ​ក្តីបារម្ភ​ពី​ជំងឺ​កូ​វីដ​ ១៩ បាន​បិទ​បញ្ចប់​ស្ទើរ​ទាំងស្រុង​ក៏ដោយ ក៏​វិបត្តិ​នយោបាយ និង​សេដ្ឋកិច្ច​សកល​ដែល​កើត​ឡើងជា​បន្តបន្ទាប់​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ គឺ​បន្ត​ដាក់​សម្ពាធ​លើ​វិស័យនេះ​ដដែល​។​

​លោក​បាន​ថ្លែងថា​៖ «​ការកែ​​សម្រួល​នេះ​គឺ​ដើម្បីឱ្យ​ស្របទៅនឹង​ការវិវឌ្ឍ​របស់​សង្គម ប៉ុន្តែ​សម្រាប់​ប្រសិទ្ធភាព​បែបណា​នោះ វា​ក៏ត្រូវ​អាស្រ័យទៅលើ​ភាព​ឯករាជ្យ សមត្ថភាព​របស់​ប្រតិបត្តិ​ករ និង​ធនធាន​សម្រាប់​ប្រើប្រាស់​ក្នុង​ការធ្វើសកម្មភាព​ផ្សព្វផ្សាយ​ផងដែរ​»​។​ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួងទេសចរណ៍​បានទេ​កាលពី​ម្សិលមិញ​៕