ភ្នំពេញៈ ម៉ាឡេស៊ី គឺជាដៃគូពាណិជ្ជកម្មធំទី១៥ របស់កម្ពុជា ដោយក្នុងខែដំបូង ឆ្នាំ ២០២៤ ការនាំចេញ-នាំចូលទំនិញរវាងភាគីទាំង ២ មានទឹកប្រាក់ជាង ៤៦ លានដុល្លារ កើនជាង ៣៥ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣ ក្នុងនោះការនាំចេញរបស់កម្ពុជាបានកើនឡើងជាង ៨៣ ភាគរយ។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។
ស្ថិតិជញ្ជីងពាណិជ្ជកម្មកត់ត្រាដោយ GDCE បង្ហាញថា ក្នុងខែមករា ឆ្នាំ ២០២៤ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា ម៉ាឡេស៊ី មានទឹកប្រាក់សរុប ៤៦,៤១ លានដុល្លារ កើន ៣៥,២ ភាគរយ ធៀបខែមករា ឆ្នាំ ២០២៣ ដែលមាន ៣៤,៣២ លានដុល្លារ។ នៅក្នុងចំនួននេះទំនិញម៉ាឡេស៊ី នាំមកកម្ពុជាមានទឹកប្រាក់ ៣៥,៣២ លានដុល្លារ កើន ២៥,៦ ភាគរយ និងទំនិញកម្ពុជានាំទៅម៉ាឡេស៊ី ១០,៤៩ លានដុល្លារ កើនឡើង ៨៣,១ ភាគរយ។
បើផ្អែកតាមស្ថិតិខាងលើ គឺជញ្ជីងពាណិជ្ជកម្មកម្ពុជាក្នុងខែមករា ឆ្នាំ ២០២៤ មានឱនភាព ២៥,៤៣ លានដុល្លារ កើនពីចំនួន ២២,៨៦ លានដុល្លារក្នុងខែមករា ឆ្នាំ ២០២៣។
សេដ្ឋវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១០ ខែមីនាថា ក្នុងនាមជាប្រទេសក្នុងតំបន់អាស៊ានតែ ១ ប្រទេសទាំង ២ តែងមានសកម្មភាពនាំចេញ-នាំចូលទំនិញជាមួយគ្នាជាប្រចាំដោយភាគច្រើនជាការនាំចូលរបស់ម៉ាឡេស៊ី។ មូលហេតុដែលម៉ាឡេស៊ីនាំចូលមកច្រើនលើសលប់ធៀបនឹងការនាំចេញរបស់កម្ពុជា គឺដោយសារម៉ាឡេស៊ីជាប្រទេសធំ មានប្រជាជនច្រើន និងកម្លាំងផលិតកម្មខ្លាំងតាំងពីយូរមកហើយ ដោយបច្ចុប្បន្នក្រៅពីផលិតកម្មកសិកម្ម ប្រទេសម៉ាឡេស៊ីក៏មានរោងចក្រផលិតគ្រឿងអេឡិចត្រូនិក គ្រឿងម៉ាស៊ីន គ្រឿងសំណង់ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃជាច្រើនទៀត។
លោកបន្តថា តាមរយៈកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា ហើយប្រទេសទាំង ២ ក៏ជាសមាជិកកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ទៀតនោះ គឺទំហំពាណិជ្ជកម្មទ្វេភាគីនឹងបន្តកើនឡើងកាន់តែច្រើននាពេលខាងមុខ។
លោកបញ្ជាក់ថា៖ «កំណើនទំហំពាណិជ្ជកម្ម គឺបញ្ជាក់ពីកំណើននៃតម្រូវការ និងសមត្ថភាពផលិតកម្មប្រទេសនីមួយៗដែលបំពេញឱ្យគ្នាទៅវិញទៅមក។ ទោះយ៉ាងណា បើពិនិត្យទៅលើតារាងតុល្យការគឺកម្ពុជានៅមានឱនភាពច្រើន ដែលទាមទារឱ្យខិតខំបន្ថែមទៀតក្នុងការផលិតទំនិញមានតម្រូវការខ្ពស់នៅម៉ាឡេស៊ី»។
ប្រធានក្រុមប្រឹក្សាក្រុមហ៊ុនលីលី ហ្វូតអ៊ីនដាសទ្រី ខូ អិលធីឌី លោកស្រី កែវ មុំ បានឱ្យដឹងថា ម៉ាឡេស៊ីជាទីផ្សារធំមួយក្នុងតំបន់ ដែលកម្ពុជាត្រូវខិតខំពង្រីកបន្ថែមទៀត ព្រោះកម្ពុជានៅមានផលិតផលសក្តានុពលជាច្រើនសម្រាប់នាំទៅទីនោះ ពិសេសផលិតផលកសិកម្ម។
លោកស្រីថ្លែងថា៖ «ខ្ញុំគិតថា ការដាក់ចេញនូវគោលនយោបាយជាបន្តបន្ទាប់របស់រដ្ឋាភិបាលក្នុងវិស័យកសិកម្ម និងភាពរីកចម្រើននៃវិស័យកសិកម្ម នឹងជួយឱ្យសម្ទុះនៃការនាំចេញផលិតផលកសិកម្មកម្ពុជាទៅប្រទេសម៉ាឡេស៊ីកើនឡើងខ្ពស់នៅពេលអនាគត»។
យោងតាមលោកស្រី កែវ មុំ សម្រាប់ផលិតផលនំស្រួយលីលី គឺត្រូវបាននាំយកទៅលក់នៅប្រទេសម៉ាឡេស៊ី ៤-៥ ឆ្នាំមកហើយ ប៉ុន្តែនៅមានបរិមាណតិចតួចនៅឡើយ។
ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំង ២ ឱ្យរឹតតែខ្លាំង កាលពីថ្ងៃទី ២៧ ខែកុម្ភៈកន្លងមក ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកស្រី ជា សិរី និង ទេសាភិបាលធនាគារកណ្ដាលម៉ាឡេស៊ី លោក Abdul RasheedGhaffour បានចុះអនុស្សរណៈការយល់យោគគ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ព្រមទាំងលើកកម្ពស់នវានុវត្តន៍ហិរញ្ញវត្ថុ និងការទូទាត់ឆ្លងដែន ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពថែមទៀត ព្រមទាំងផ្តល់ជាប្រយោជន៍ដល់ប្រជាជននិងធុរជននៃប្រទេសទាំងពីរ។ MoU នេះគឺជាការបើកផ្លូវឱ្យកម្ពុជា-ម៉ាឡេស៊ី ធ្វើការទូទាត់ប្រាក់តាមរយៈ QR Code។
ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា៖ «ការណ៍នេះនឹងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋម៉ាឡេស៊ី អាចធ្វើការទូទាត់ដោយស្កេន QR Code នៅប្រទេសកម្ពុជា ហើយប្រជាជនកម្ពុជាក៏អាចធ្វើការទូទាត់ដោយស្កេន QR Code នៅក្នុងប្រទេសម៉ាឡេស៊ីទៅវិញទៅមកផងដែរ ដោយប្រើប្រាស់រូបិយវត្ថុក្នុងស្រុកសម្រាប់ការទូទាត់ ព្រមទាំងបានជួយគាំទ្រដល់យន្តការកិច្ចសហការត្រួតពិនិត្យការទូទាត់ឆ្លងដែន ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាព។ MoU នេះនឹងជួយសម្រួលដល់សកម្មភាពពាណិជ្ជកម្ម និងវិស័យទេសចរណ៍នៃប្រទេសទាំង ២ ផងដែរ»។
ក្នុងឆ្នាំ ២០២៣ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ម៉ាឡេស៊ី មានទឹកប្រាក់សរុប ៦៣២,៤៤ លានដុល្លារ កើន ១,៩ ភាគរយធៀបឆ្នាំ ២០២២ ក្នុងនោះកម្ពុជានាំចេញ ១០៥,០៥ លានដុល្លារ ធ្លាក់ចុះ ៦,១ ភាគរយ និងម៉ាឡេស៊ីនាំចូល ៥២៧,៣៨ លានដុល្លារ កើន ៣,៧ ភាគរយ។ នេះបើតាម GDCE៕