​ភ្នំពេញៈ ក្រុមហ៊ុន Haoruidar (Cambodia) Co.,Ltd បាន​បោះទុន​វិនិយោគ​ជាង ១២ ​លាន​ដុល្លារ​វិនិយោគ​សាងសង់ រោងចក្រ​កែច្នៃ​ផ្លែឈើ ​ដើម្បី​នាំចេញ ជា​​ពិសេស​ក្រុមហ៊ុន​នឹងធ្វើ​ការប្រមូលទិញ​នូវ​ផ្លែឈើ​ពី​ប្រជាកសិករ​ដើម្បី​យកមក​កែច្នៃ​ផងដែរ​។ នេះ​បើ​យោងតាម​មន្ត្រីជាន់ខ្ពស់​ខេត្ត​ព្រះសីហនុ​។​

​លោក ឡុង ឌី​ម៉​ង់ អភិបាលរង​ខេត្ត​ព្រះសីហនុ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា នាពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​បានអនុម័ត​លើ​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន Haoruidar (Cambodia) ដែលមាន ទុនវិនិយោគ ១២ ៣៥០ ១៩០ ​ដុល្លារ លើ​រោងចក្រ​កែច្នៃ​ផ្លែឈើ (​ស្វាយ​, ម្នាស់​, ខ្នុរ​, ទុរេន​) នៅ​ឃុំ​កំពង់សីលា ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ​។​

​លោក​ប្រាប់ថា​៖ «​ការវិនិយោគ​របស់​ក្រុមហ៊ុន​នៅ​ខេត្ត​ព្រះសីហនុ គឺ​ពិត​ជាមាន​សារៈសំខាន់ ព្រោះ​វា​ជា​គម្រោង​វិ​និ​យោគ​ដែល​ប្រមូល​ទិញ​ផលិតផល​ក្នុងស្រុក​ទាំងអស់​។ ដូច្នេះ​ក្រុមហ៊ុន​នឹងធ្វើ​ការប្រមូលទិញ​ផ្លែ​ខ្នុរ ស្វាយ ម្នាស់ និង​ទុរេន​ពី​ក្នុងស្រុក​ទាំងអស់ គឺ​ពុំបាន​នាំ​ចូល​ដើម្បី​យកមក​កែច្នៃ​ឡើយ​»​។​

​លោក​បន្ថែមថា​៖​ «​គម្រោង​រោងចក្រ​កែច្នៃ​ផ្លែឈើ​នេះ គឺ​មិន​ត្រឹមតែ​ចូលរួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ខេត្ត​តាមរយៈ​ការបង្កើត​តម្លៃបន្ថែម ការ​​នាំចូល​នូវ​បច្ចេកវិទ្យា​ទំនើបៗ ការបង្កើត​ការងារ ជាពិសេស​បង្កើត​ទីផ្សារ​ដល់​ប្រជាកសិករ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏បាន​រួម​​ចំណែក​ក្នុង​ការជំរុញ​ផលិតកម្ម​ក្នុង​ស្រុកលើ​វិស័យ​កែច្នៃ​នេះ​ស្របតាម​ទិសដៅ​របស់​រាជរដ្ឋាភិបាល​ផងដែរ​»​។​

​លោក លឹម ហេង អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា បាន​និយាយថា ការ​វិនិយោគ​លើ​វិស័យ​កែច្នៃ​ចំណីអាហារ​នៅ​កម្ពុ​ជាមាន​វិសាលភាព​ធំ​ដែល​ផ្តល់ឱកាស​ដល់​វិស័យ​ឯកជន​ក្នុងការ​វិ​និ​យោគ​លើ​ការដំឡើង​រោងចក្រ​កែច្នៃ​ក្នុងការ​ផ្គត់ផ្គង់​ក្នុងស្រុក​ក៏ដូចជា​នាំចេញ​ទៅ​ទីផ្សារ​ក្នុង​តំបន់ និង​ពិភពលោក ស្រប​ពេលដែល​ប្រទេស​កម្ពុ​ជាមាន​អំណោយ​ផល​ខ្ពស់​លើ​វិស័យ​កសិកម្ម​។​

​លោក​បញ្ជាក់ថា​៖ «​យើង​ស្វាគមន៍​ការ​​វិនិយោគ​លើ​វិស័យ​កែច្នៃ​ចំណីអាហារ​ផ្លែឈើ ដោយសារតែ​ប្រទេស​យើង​ជា​ប្រទេស​កសិកម្ម ប៉ុន្តែ​សម្រាប់​លទ្ធភាព​កែច្នៃ គឺ​យើង​នៅមានកម្រិត​នៅឡើយ​។ ដូច្នេះ​ការវិនិយោគ​លើ​វិស័យ​កែច្នៃ​ចំណីអាហារ​នេះ គឺ​ពិត​ជាមាន​សារៈសំខាន់​ណាស់ដែ​លវា​បានផ្តល់​តម្លៃបន្ថែម​ក្នុងស្រុក រក្សា​លំនឹង​ទីផ្សារ​កសិផល ក៏​ដូច​ជា​បង្កើន​សមត្ថភាព​នៃ​វិស័យ​កែច្នៃ​ចំ​​ណី​អាហារ​នេះ​ផងដែរ​»​។​

​យោងតាម​របាយការណ៍​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្នុង​ឆ្នាំ​​ ២០២៣ កម្ពុជា​បាន​នាំចេញ​ផលិត​ផល​កសិកម្ម​ទៅ​ទីផ្សារ​អន្តរជាតិ​ចំនួន​ ៨ ៤៤៩ ៤១៤,៣៦​ តោន ថយចុះ​ ១,៩ ​ភាគរយ ​បើ​ធៀប​ឆ្នាំ​ ២០២២​។​

​របាយការណ៍​បានឱ្យដឹងថា នៅក្នុង​ឆ្នាំ​ ២០២៣ ការប៉ាន់ស្មាន​តម្លៃ​គិត​ជា​ទឹកប្រាក់ ដែល​ទទួលបាន​ពី​ការនាំចេញ​កសិផល ​(​ឯក​តា​តម្លៃ​ផ្អែក​តាម​វិក្កយបត្រ​របស់​អ្នក​នាំចេញ​)​ មាន​ជាង ៤ ៣០៦​ លាន​ដុល្លារ​ ក្នុងនោះ​រួមមាន​ការនាំចេញ​អង្ករ​មានតម្លៃ​សរុប​ជាង ៥៦៧​ លាន​ដុល្លារ​, ការនាំចេញ​ស្រូវ ៩៣៩ លាន​ដុល្លារ និង​ការនាំចេញ​កសិផល​ក្រៅពី​ស្រូវ​-​អង្ករ មាន​ចំនួន​ជាង ២ ៧៩៩ លាន​ដុល្លារ​អាមេរិក​។​

​របាយការណ៍​បញ្ជាក់ទៀតថា ការនាំ​ចេញ​កសិផល​ក្រៅពី​ស្រូវ​-​អង្ករ​រួមមាន​ចំណិត​ដំឡូង​មី​ក្រៀម ចំនួន ១,២​ លាន​តោន​, ដំឡូង​មី​ស្រស់ ១,៩​ លាន​តោន​,​ម្សៅដំឡូង​មី ៣៦​ ពាន​តោន​, កាក​សំ​ណ​ល់​ដំឡូង​មី ៧៤ ​ពាន់​តោន​, ស្វាយចន្ទី ៤២​ ម៉ឺន​តោន​, គ្រាប់ពោត ៧១​ ពាន់​តោន​, គ្រាប់​សណ្ដែកបាយ ២៨​ ពាន់​តោន​, គ្រាប់​សណ្ដែកសៀង ៥៤ ពាន់​តោន​, ចេក​ស្រស់ ២៩​ ម៉ឺន​តោន​, ស្វាយ​ស្រស់ ១៦​ ម៉ឺន​តោន​, តំណាប់​ស្វាយ ២៧ ​ពាន់​តោន​, ផ្លែ​មៀន​ស្រស់ ១៧ ពាន់​តោន​, ដូងប្រេង ៧៩ ​ពាន់​តោន​, ម្រេច ៦ ​ពាន់​តោន​, បន្លែ​ចម្រុះ ២២០ ​តោន និង​កសិផល​ចំនួន ១០០​ មុខ ផ្សេងទៀត ជិត​ ៥៤​ ម៉ឺន​តោន​។​

​ក្រសួងកសិកម្ម បាន​វាយតម្លៃ​ជារួម​ថា​៖ «​ក្នុង​ឆ្នាំ ​២០២៣ ការងារ​បង្កបង្កើន​ផល​ស្រូវ​រដូវប្រាំង​សម្រេចបាន ៥៥៤ ២១០ ​ហិកតា ស្មើ ១១១,២៥​ ភាគរយ​នៃ​ផែនការ​ចំនួន ៤៩៨ ១៧០​ ហិកតា​។ វិធានការ​ជួយសង្គ្រោះ​បន្ទាន់ និង​វិធាន​ការជំរុញ​ផលិតកម្ម ដំណាំ ការចិញ្ចឹម​សត្វ និង​វារីវប្បកម្ម​ត្រូវបាន​ដាក់ចេញ និង​អនុវត្ត​យ៉ាងសកម្ម​»៕