ភ្នំពេញៈ លំហូរទុនវិនិយោគនៅកម្ពុជាក្នុងរយៈពេល ២ ខែដើមឆ្នាំ ២០២៤ មានប្រមាណជាង ១,៣ ពាន់លានដុល្លារ កើនជាង ៥ ដង ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣ ខណៈក្នុងចំនួននេះមានជិត ៤០ ភាគរយបានមកពីវិនិយោគិនចិន។ នេះបើតាមថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។
ថ្លែងនៅក្នុងកិច្ចប្រជុំស្ដីពីការកសាងកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរយោបល់គ្នារវាងខេត្តសានតុង និងកម្ពុជា នៅក្នុងការអភិវឌ្ឍ «ច្រករបៀងឧស្សាហកម្ម» និង «ច្រករបៀងមច្ឆា និងអង្ករ» ដែលរៀបចំនៅក្រោមកិច្ចសហការរវាង CDC ជាមួយការិយាល័យបរទេសនៃខេត្តសានតុង, សភាពាណិជ្ជកម្មកម្ពុជា, និងសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ កាលពីថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២៤ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជាបានឱ្យដឹងថា ក្នុងរយៈពេល ២ ខែ ដើមឆ្នាំ ២០២៤ នេះលំហូរទុនវិនិយោគនៅកម្ពុជាមានទឹកប្រាក់សរុបជាង ១,៣ ពាន់លានដុល្លារ កើនឡើងជាង ៥០០ ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៣ ក្នុងនោះលំហូរវិនិយោគចិន មាន ៥៤៥ លានដុល្លារ ដែលស្មើប្រហែល ៣៩ ភាគរយនៃចំនួនទុនវិនិយោគសរុប។
លោកអះអាងថា៖ «រយៈពេល ២ ខែដើមឆ្នាំ ២០២៤ រំហូរទុនវិនិយោគមានការកើនឡើងច្រើនគឺប្រមាណជាង ១,៣ ប៊ី (ពាន់) លានដុល្លារ កើនជាង ៥០០ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣»។
លោកឱ្យដឹងទៀតថា ក្នុងរយៈពេល ២ ខែដើមឆ្នាំ ២០២៤ រំហូរវិនិយោគចិនមានប្រមាណ ៥៤៥ លានដុល្លារ ដែលស្មើប្រមាណ ៣៩ ភាគរយនៃទុនវិនិយោគសរុប។
លោកបន្ថែមថា រំហូរទុនវិនិយោគរបស់ចិនតែងនៅលេខរៀងទី ១, ២ ឬលេខ ៣ រៀងរាល់ឆ្នាំ ដែលភាគច្រើនប្រមូលផ្តុំក្នុងវិស័យឧស្សាហកម្ម, ហេដ្ឋារចនាសម្ព័ន្ធ, និងកសិ-ឧស្សាហកម្ម។
ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា គិតត្រឹមត្រីមាសទី១ ឆ្នាំ ២០២៣ ទុនវិនិយោគរបស់ជនជាតិចិន បាននាំមុខគេក្នុងការវិនិយោគផ្ទាល់នៅកម្ពុជា ដោយមានចំណែកប្រមាណ ៤៥ ភាគរយនៃចំនួនសរុប ១៨៥,៧ ទ្រីលានរៀល តាមពីក្រោយដោយវិនិយោគិនកូរ៉េខាងត្បូង, សិង្ហបុរី, ជប៉ុន វៀតណាម ម៉ាឡេស៊ី និងថៃ ជាដើម។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១០ ខែមីនាថា ភាពល្អប្រសើរនៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងចិន ព្រមទាំងគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ទាំងអាណត្តិចាស់និងថ្មី គឺផ្តល់នូវការលើកទឹកចិត្តយ៉ាងច្រើនដល់វិនិយោគិន ខណៈរដ្ឋាភិបាលកម្ពុជាក៏តែងរៀបចំវេទិការាជដ្ឋាភិបាលផ្នែកឯកជន ដើម្បីជួយដោះស្រាយការលំបាក និងបញ្ហាប្រឈមនានារបស់ផ្នែកឯកជនទាំងក្នុងស្រុក និងបរទេសដែលមកវិនិយោគនៅកម្ពុជាជារៀងរាល់ឆ្នាំផងដែរ។
លោកបន្តថា វិនិយោគិនចិនកំពុងចូលរួមចំណែកយ៉ាងច្រើនក្នុងចរន្តសេដ្ឋកិច្ចកម្ពុជាតាមរយៈការបណ្តាក់ទុនលើគម្រោងវិនិយោគជាច្រើនដូចជា រោងចក្រ/សហគ្រាសក្នុងវិស័យវាយនភណ្ឌ, កសិកម្ម, គ្រឿងបង្គុំអេឡិចត្រូនិក, អគ្គិសនី, គ្រឿងម៉ាស៊ីន, ធនធានរ៉ែ ថាមពល...និងហេដ្ឋារចនាសម្ព័ន្ធ។ បន្ថែមលើនេះ ប្រទេសចិន និងកម្ពុជាក៏បង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាមួយគ្នា ដើម្បីពង្រីកទីផ្សារផងដែរ។
លោកថ្លែងថា៖ «ខ្ញុំសូមចូលរួមលើកទឹកចិត្តវិនិយោគិនចិនឱ្យបន្ត និងពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា ពីព្រោះកម្ពុជា គឺជាគោលដៅដ៏ប្រសើរសម្រាប់វិនិយោគិនបរទេស ដែលមានបំណងស្វែងរកទីផ្សារទូលំទូលាយ គោលនយោបាយអំណោយផល និងកំណើនសក្តានុពល»។
លោកបន្ថែមថា៖ «វិនិយោគិនចិន អាចបង្កើតរោងចក្រនៅកម្ពុជា និងនាំចេញផលិតផលដោយទទួលបាននូវការអនុគ្រោះពន្ធគយទៅកាន់ប្រទេសជាច្រើនក្រោមក្របខ័ណ្ឌពាណិជ្ជកម្មសេរីកម្រិតតំបន់ ពហុភាគី និងទ្វេភាគី»។
ទិន្នន័យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបង្ហាញថា ក្នុងឆ្នាំ ២០២៣ ការធ្វើពាណិជ្ជកម្មកម្ពុជា-ចិន មានទឹកប្រាក់សរុប ១២,២៦ ពាន់លានដុល្លារ កើន៥ភាគរយបើធៀបឆ្នាំ ២០២២ ក្នុងនោះកម្ពុជានាំទំនិញទៅចិន ១,៤៨ ពាន់លានដុល្លារ កើន ១៩,២ ភាគរយ និងទំនិញចិននាំចូល ១០,៧៩ ពាន់លានដុល្លារ កើន ៣,៣ ភាគរយ៕