ភ្នំពេញៈ តម្លៃលក់រាយប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូតបានថ្លៃបន្តិចវិញ សម្រាប់រយៈពេល ១០ ថ្ងៃទៀត ស្របពេលដែលតម្លៃប្រេងឆៅនៅទីផ្សារអន្តរជាតិក៏មានការប្រែប្រួលបន្តិចផងដែរ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ១១ ខែមីនានេះ តម្លៃលក់រាយប្រេងសាំងធម្មតា មានតម្លៃ ៤ ២៥០ រៀល ក្នុង ១ លីត្រ ដោយធ្លាក់ចុះពី ៤ ៣០០ រៀល កាលពី ១០ ថ្ងៃមុន ខណៈដែរប្រេងម៉ាស៊ូតបានធ្លាក់មកត្រឹម ៤ ១៥០ រៀល ក្នុង ១ លីត្រ ចុះពី ៤ ២០០ រៀល។
ក្រសួងពាណិជ្ជកម្មបានលើកឡើងថា សម្រាប់អនុវត្តតាមគោលការណ៍ដែលបានដាក់ចុះដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានីតិកាលទី៦ នៃរដ្ឋសភា ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងដោយមានការចូលរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានអនុញ្ញាតឱ្យបន្តបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន ៦,៥ សេនដុល្លារ ក្នុង ១ លីត្រ។
ក្រសួងបានបញ្ជាក់ថា៖ «ដូច្នេះតម្លៃលក់រាយសម្រាប់អនុវត្តចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៤ នឹងចុះមក ៤ ២៥០ រៀល ក្នុង ១ លីត្រ សម្រាប់សាំងធម្មតា និង ៤ ១៥០ រៀល ក្នុង ១ លីត្រ សម្រាប់ប្រេងម៉ាស៊ូត»។
យោងតាម CNBC បានរាយការណ៍នៅថ្ងៃទី ៧ ខែមីនាថា តម្លៃប្រេងបានធ្លាក់ចុះបន្តិចកាលពីថ្ងៃទី ៦ បើធៀបនឹងការកើនឡើងកាលពីមួយរយៈពេលមុន។
តម្លៃប្រេងក្នុងកិច្ចសន្យាកម្រិតមធ្យមរបស់ West Texas សម្រាប់ខែមេសា បានធ្លាក់ចុះ ២០ សេន ឬ ០,២៥ ភាគរយ មកនៅតម្លៃ ៧៨,៩៣ ដុល្លារ ក្នុង ១ បារ៉ែល។ សម្រាប់តម្លៃអនាគតរបស់ Brent ក៏ព្យាករថានឹងធ្លាក់ចុះ ២១ សេន ឬ ០,២៥ ភាគរយ មកត្រឹម ៨២,៧៧ ដុល្លារ ក្នុង ១ បារ៉ែល។
ប្រេងឆៅរបស់សហរដ្ឋអាមេរិក និងតម្លៃគោលសកលបានកើនឡើងច្រើនជាង ១ ភាគរយ កាលពីថ្ងៃពុធ បន្ទាប់ពីប្រធានធនាគារកណ្តាលលោក Jerome Powell បានប្រាប់សភាថា អត្រាការប្រាក់ដែលធ្លាប់បានឡើងដល់កំពូល ហើយត្រូវបានគេរំពឹងថានឹងធ្លាក់ចុះនៅឆ្នាំនេះ
បើទោះបីជាធនាគារកណ្តាលកំពុងចាត់វិធានការដោយប្រុងប្រយ័ត្នមួយ ដោយសារទស្សនវិស័យសេដ្ឋកិច្ចមិនច្បាស់លាស់។
យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE) បានឱ្យដឹងថា ប្រទេសកម្ពុជាបានចំណាយប្រាក់ជាង ២,១៧ ពាន់លានដុល្លារ លើការនាំចូលប្រេងម៉ាស៊ូត និងប្រេងក្នុងឆ្នាំ ២០២៣ ពោលគឺធ្លាក់ចុះ ៧,៦ ភាគរយ ធៀបនឹងឆ្នាំមុន។
ក្នុងនោះ ការនាំចូលប្រេងម៉ាស៊ូតមានចំនួន ១,៣២ ពាន់លានដុល្លារ កើនឡើង ១២,២% ខណៈការនាំចូលប្រេងបានធ្លាក់ចុះបន្តិចបន្តួច ០,២៦% មកនៅត្រឹម ៨៥០ លានដុល្លារ។
ក្រសួងរ៉ែ និងថាមពល បានព្យាករថា តម្រូវការសម្រាប់ផលិតផលប្រេង និងឧស្ម័នរបស់កម្ពុជាត្រូវបានគេរំពឹង ថានឹងកើនឡើងដល់ ៤,៨ លានតោននៅឆ្នាំ ២០៣០ កើនឡើងពី ២,៨ លានតោន ក្នុងឆ្នាំ ២០២០៕