ភ្នំពេញៈ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) អះអាងថា ទោះបីពេលនេះកំណើនសេដ្ឋកិច្ចសកលចាប់ផ្តើមកម្រើកឡើងវិញជាបណ្តើរៗ ក៏វិស័យអចលនទ្រព្យកម្ពុជានៅតែត្រូវការពេលយ៉ាងតិច ២-៣ ឆ្នាំថែមទៀត ដើម្បីអាចមានភាពល្អប្រសើរប្រហាក់ប្រហែលនឹងឆ្នាំ ២០១៨-២០១៩ ខណៈគិតត្រឹមដើមឆ្នាំ ២០២៤ វិស័យនេះមានការវិវឌ្ឍតិចតួចបំផុតធៀបនឹងឆ្នាំ ២០២៣។
នៅក្នុងកិច្ចពិភាក្សាតុមូលស្តីពី «ស្ថានភាពសេដ្ឋកិច្ច និងអចលនទ្រព្យឆ្នាំ ២០២៤» ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា កាលពីថ្ងៃទី ១១ ខែមីនា លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានលើកឡើងថា ដើមឆ្នាំ ២០២៤ នេះវិស័យអចលនទ្រព្យកម្ពុជាមិនទាន់មានអ្វីល្អខ្លាំងលើសពីឆ្នាំ ២០២៣ ឡើយ ដោយផ្នែកខ្លះមានសញ្ញាវិជ្ជមានតិចតួចដូចជា ទីផ្សារខុនដូ និងកន្លែងជួលស្នាក់ (វិស័យទេសចរណ៍) ប៉ុន្តែសម្រាប់ទីផ្សារទិញ-លក់ដីធ្លី(ដីឡូត៍) និងកន្លែងជួលលក់រាយ គឺមិនល្អឡើយ។
លោកបន្តថា ដោយសារទីផ្សារអចលនទ្រព្យតែងអាស្រ័យលើកំណើនសេដ្ឋកិច្ចសកល និងក្នុងតំបន់ ដូច្នេះក្នុងដំណាក់កាលនេះ គឺមិនទាន់អាចមានសម្ទុះឡើងវិញលឿនឡើយ។
លោកបានពន្យល់ថា ជាបទពិសោធន៍របស់លោក គឺទីផ្សារអចលនទ្រព្យតែងមានដំណើរវិវឌ្ឍន៍ (ឡើង-ចុះ) តាមពេលកំណត់មួយជាក់លាក់។
លោកថ្លែងថា៖ «អ្វីៗតែងតែមានប្រវត្តិ និងដំណើររបស់វា។ សម្រាប់ទីផ្សារអចលនទ្រព្យនៅកម្ពុជាខ្ញុំមានជំនឿថា វានឹងអាចមានភាពល្អឡើងវិញនៅអំឡុងឆ្នាំ ២០២៦-២០២៧ ដោយនៅពេលនោះស្ថានភាពទីផ្សារនឹងអាចប្រហែលទៅឆ្នាំ ២០១៨-២០១៩ ជាពេលដែលទីផ្សារអចលនទ្រព្យកម្ពុជាឡើងដល់កំពូល»។
ក្នុងនាមជាអ្នកជំនាញក្នុងវិស័យអចលនទ្រព្យជិត ២ ទសវត្សរ៍ លោក សន សៀប អះអាងថា វិស័យអចលនទ្រព្យនៅខេត្តព្រះសីហនុ ដែលបច្ចុប្បន្នមានគម្រោងជាច្រើនត្រូវជាប់គាំង គឺនឹងអាចដោះស្រាយបាននៅពេលខាងមុខ។
លោកនិយាយថា៖ «វិស័យអចលនទ្រព្យ និងសំណង់នៅខេត្តព្រះសីហនុនឹងរីកចម្រើនលឿននាពេលអនាគត។ ខ្ញុំហ៊ានព្យាករគឺផ្អែកតាមបទពិសោធន៍នៃទីផ្សារអចលនទ្រព្យប្រទេសចិន គឺការវិវឌ្ឍលឿនបានចាប់ផ្តើមចេញពីទីក្រុងនៅតាមតំបន់ជាប់មាត់សមុទ្រ»។
បើតាមលោក សន សៀប ទីតាំងដែលវិស័យអចលនទ្រព្យមានទីផ្សារល្អជាងគេ គឺតំបន់ដែលមានហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន មានប្រភពថាមពលអគ្គិសនីទឹក សុវត្ថិភាព និងអាចជួយម្ចាស់ឱ្យរកចំណូលត្រឡប់មកវិញបានលឿន ឬមានផលចំណេញខ្ពស់។
ប្រធានសាខាក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តព្រះសីហនុ លោក អ៊ឹម សេងហួ បានឱ្យដឹងថា ការត្រឡប់មកវិញជាបណ្តើរៗរបស់វិនិយោគិនបរទេស ជាពិសេសជនជាតិឥណ្ឌូនេស៊ី និងចិនបានជំរុញឱ្យការដ្ឋានសំណង់មួយចំនួនដែលជាប់គាំងជាង ៣ ឆ្នាំកន្លងមកចាប់ផ្តើមដំណើរការសាងសង់ឡើងវិញ ដើម្បីឆ្លើយតបនឹងកំណើននៃតម្រូវការទីតាំងជួលបើកអាជីវកម្ម ប៉ុន្តែសម្រាប់ទីផ្សារទិញ-លក់ គឺនៅតែបន្តស្ងប់ស្ងាត់។
លោកអះអាងថា៖ «មួយរយៈចុងក្រោយនេះ ខ្ញុំសង្កេតឃើញអគារដែលគេទុកចោលរយៈពេល ២-៣ ឆ្នាំចុងក្រោយ បានចាប់ផ្តើមបន្តការសាងសង់ឡើងវិញ ព្រោះតែកំណើននៃតម្រូវការជួល ពីសំណាក់វិនិយោគិនឥណ្ឌូនេស៊ី និងចិន ទាំងកន្លែងស្នាក់នៅ និងបើកអាជីវកម្ម»។
ប្រធានសមាគមអចលនទ្រព្យសកល លោក សំ សុខនឿន បានប្រាប់ថា ឆ្នាំ ២០២៣ គឺជាអំឡុងពេលទីផ្សារអចលនទ្រព្យនៅកម្ពុជាមានភាពស្ងប់ស្ងាត់ខ្លាំង ប៉ុន្តែសម្រាប់ឆ្នាំ ២០២៤ នេះស្ថានភាពនៃវិស័យសំណង់ និងអចលនទ្រព្យនឹងល្អប្រសើរជាងមុនបន្តិច ខណៈរដ្ឋាភិបាល និងផ្នែកឯកជនកំពុងខិតខំផ្សព្វផ្សាយ និងធ្វើទីផ្សារយ៉ាងខ្លាំងដើម្បីទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិឱ្យបញ្ចេញទុនមកវិនិយោគនៅកម្ពុជាបានកាន់តែច្រើន។ នៅពេលមានការវិនិយោគ គឺគេប្រាកដជាត្រូវការទីតាំង និងសំណង់អគារផ្សេងៗ ដូច្នេះវានឹងជួយឱ្យទីផ្សារអចលនទ្រព្យ និងសំណង់ ដំណើរការឡើងវិញសន្សឹមៗ។
លោកអះអាងថា៖ «ទីផ្សារអចលនទ្រព្យក្នុងឆ្នាំ ២០២៤ នេះនឹងគ្រាន់បើជាងឆ្នាំ ២០២៣ បន្តិចតាមរយៈកំណើននៃការបណ្តាក់ទុនថ្មីៗ។ វិស័យអចលនទ្រព្យ និងសំណង់តែងតែត្រូវការពេលវេលាយូរសម្រាប់ការងើបឡើងវិញ»៕