ភ្នំពេញៈ ការងើបឡើងវិញជាបណ្តើរៗនៃកំណើនសេដ្ឋកិច្ចសកលបានជួយឱ្យទឹកប្រាក់នៃទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា រយៈពេល ២ ខែ ដើមឆ្នាំ ២០២៤ សម្រេចបានជាង ៨ ពាន់លានដុល្លារ កើនជិត ២០ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៣ ខណៈការនាំចេញរបស់កម្ពុជា បានកើនជិត ២៣ ភាគរយ។ នេះបើតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។
យោងតាមតារាងស្ថិតិពាណិជ្ជកម្មទំនិញ GDCE ដែលចេញផ្សាយកាលពីថ្ងៃទី ១១ ខែមីនា គឺចន្លោះពីខែមករា ដល់ខែកុម្ភៈ ឆ្នាំ ២០២៤ ការនាំចេញនាំចូលទំនិញរបស់កម្ពុជាជាមួយនឹងប្រទេសដៃគូអន្តរជាតិ មានទឹកប្រាក់សរុប ៨,១២ ពាន់លានដុល្លារ កើន ១៩,២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ដែលមាន ៦,៨១ ពាន់លានដុល្លារ ក្នុងនោះទំនិញកម្ពុជានាំចេញ ៣,៩៨ ពាន់លានដុល្លារ កើន ២២,៧ ភាគរយ ចំណែកទំនិញនាំចូលពីក្រៅប្រទេស ៤,១៣ ពាន់លានដុល្លារ កើន ១៦,១ ភាគរយ។
ផ្អែកតាមតួលេខខាងលើ គឺជញ្ជីងពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា ក្នុងរយៈពេល ២ ខែដើមឆ្នាំ ២០២៤ មានឱនភាព ១៤៩,៦៤ លានដុល្លារ ខណៈរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ មាន ៣១៣,៣៣ លានដុល្លារ។ ប្រទេសដែលជាដៃគូពាណិជ្ជកម្មសំខាន់របស់កម្ពុជា រួមមាន ចិន អាមេរិក វៀតណាម ថៃ និងជប៉ុនជាដើម។
សេដ្ឋវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា លោក គី សេរីវឌ្ឍន៍ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១១ ខែមីនាថា កំណើនទឹកប្រាក់នាំចេញ នាំចូលទំនិញទៅទីផ្សារអន្តរជាតិ គឺបញ្ជាក់ពីការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចសកលពីវិបត្តិនានា។ នៅពេលសេដ្ឋកិច្ចមានដំណើរការល្អ តម្រូវការទំនិញប្រើប្រាស់ និងចរន្តសាច់ប្រាក់ក៏មានចលនាល្អជាងមុនដែរ។
លោកបន្តថា ការកើនឡើងព្រមគ្នានៃចំនួនទឹកប្រាក់នាំចេញ នាំចូល គឺជារឿងល្អ ព្រោះវាបញ្ជាក់ថា ទាំងតម្រូវការទំនិញប្រើប្រាស់ក្នុងស្រុក និងនាំចេញកើនឡើង។
លោកបានបញ្ជាក់ថា៖ «ការកើនឡើងព្រមគ្នានៃចំនួនទឹកប្រាក់នាំចេញនាំចូលទំនិញជាមួយទីផ្សារអន្តរជាតិ គឺជារឿងល្អសម្រាប់សេដ្ឋកិច្ច ហើយតាមការរំពឹងទុកគឺវានឹងបន្តថែមទៀតនាពេលខាងមុខ»។
ទោះយ៉ាងណា លោកក៏បានជំរុញឱ្យម្ចាស់ផលិតកម្មនៅក្នុងស្រុកទាំងអស់ត្រូវខិតខំពង្រឹង និងពង្រីកការផលិតក្នុងស្រុកឱ្យកាន់តែច្រើនបន្ថែមទៀត ដើម្បីប្រមូលប្រាក់ពីទីផ្សារអន្តរជាតិឱ្យបានច្រើន ខណៈការចូលជាធរមានកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) កំពុងជួយឱ្យទីផ្សារនាំចេញកម្ពុជាមានកាន់តែធំ។
លោកបន្តថា៖ «កម្ពុជាមានឱកាសកាន់តែច្រើនក្នុងការជំរុញការនាំចេញរបស់ខ្លួន។ ក្រៅពីផលិតផលវាយនភណ្ឌ ផលិតផលគ្រឿងអេឡិចត្រូនិក និងគ្រឿងបង្គុំយានយន្ត គឺជាទំនិញដែលកម្ពុជាត្រូវខិតខំពង្រីកការនាំចេញឱ្យបានច្រើន»។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ថា ចំនួនទឹកប្រាក់នាំចេញទំនិញរបស់កម្ពុជាដែលកើនឡើងក្នុងរង្វង់ ២០ ភាគរយ នាពេល ២ ខែ ដើមឆ្នាំ ២០២៤ គឺដោយសារសមត្ថភាពផលិតកម្មកម្ពុជាកាន់តែខ្លាំង ហើយគុណភាពរបស់វាក៏មានកម្រិតស្តង់ដាផងដែរ។
លោកថ្លែងថា៖ «ខ្ញុំមានជំនឿថា ទឹកប្រាក់ការនាំចេញទំនិញកម្ពុជានឹងបន្តកើនថែមទៀតក្នុងឆ្នាំនេះ ព្រោះបច្ចុប្បន្នកម្ពុជាមានផលិតផលជាច្រើនសម្រាប់នាំចេញ ខណៈកេរ្តិ៍ឈ្មោះ គុណភាព និងតម្លៃទំនិញកម្ពុជាក៏មានលក្ខណៈប្រកួតប្រជែងខ្លាំងផងដែរ»។
ថ្លែងនៅក្នុងកិច្ចប្រជុំស្ដីពីការកសាងកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរយោបល់គ្នារវាងខេត្តសានតុង និងកម្ពុជា ក្នុងការអភិវឌ្ឍ «ច្រករបៀងឧស្សាហកម្ម» និង «ច្រករបៀងមច្ឆា និងអង្ករ» ដែលរៀបចំឡើងក្រោមកិច្ចសហការរវាង CDC ជាមួយនឹងការិយាល័យបរទេសនៃខេត្តសានតុង, សភាពាណិជ្ជកម្មកម្ពុជា និងសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ កាលពីថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២៤ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល ២ ខែ ដើមឆ្នាំ ២០២៤ នេះ លំហូរទុនវិនិយោគនៅកម្ពុជាមានទឹកប្រាក់សរុបជាង ១,៣ ពាន់លានដុល្លារ កើនជាង ៥០០ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣ ក្នុងនោះលំហូរវិនិយោគចិន មានប្រមាណ ៥៤៥ លានដុល្លារដែលស្មើ ៣៩ ភាគរយនៃចំនួនទុនវិនិយោគសរុប។
GDCE ឱ្យដឹងថា ពាណិជ្ជកម្មអន្តរជាតិកម្ពុជា ក្នុងឆ្នាំ ២០២៣ មានទឹកប្រាក់សរុប ៤៦,៨៣ ពាន់លានដុល្លារ ធ្លាក់ចុះ ១,៩ ភាគរយបើធៀបឆ្នាំ ២០២២។ ក្នុងនោះទំនិញកម្ពុជានាំចេញ ២២,៦៥ ពាន់លានដុល្លារ កើន ១,៨ ភាគរយ និងការនាំចូលមានចំនួន ២៤,១៨ ពាន់លានដុល្លារ ធ្លាក់ចុះ ៥ ភាគរយ៕