ភ្នំពេញៈ សេដ្ឋវិទូលើកឡើងថា កម្ពុជាត្រូវតែខិតខំអភិវឌ្ឍសមត្ថភាពជំនាញ និងត្រូវធ្វើពិពិធកម្មទំនិញនាំចេញរបស់ខ្លួន ដើម្បីទទួលបានតម្លៃបន្ថែមកាន់តែច្រើន ខណៈរដ្ឋាភិបាលកំពុងខិតខំយ៉ាងខ្លាំងក្នុងការបណ្តុះបណ្តាលធនធានមនុស្សដើម្បីចាប់យកកាលានុវត្តភាពថ្មីៗក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤។
ការលើកឡើងនេះធ្វើឡើងក្នុងឱកាសនៃកិច្ចពិភាក្សាតុមូលស្តីពី «ស្ថានភាពសេដ្ឋកិច្ច និងអចលនទ្រព្យឆ្នាំ ២០២៤» ដែលរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា កាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៤។
សេដ្ឋវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា លោក គី សេរីវឌ្ឍន៍ បាននិយាយថា នៅក្នុងអំឡុងពេលបដិវត្តឧស្សាហកម្មទី៤ នេះកម្ពុជាត្រូវតែខិតខំអភិវឌ្ឍន៍សមត្ថភាពកម្លាំងពលកម្មរបស់ខ្លួនឱ្យខ្លាំង ដើម្បីអាចទាក់ទាញ និងចាប់យកការមកដល់របស់រោងចក្រ/សហគ្រាសដែលប្រើបច្ចេកវិទ្យាទំនើបៗ។ ការធ្វើបែបនេះនឹងជួយឱ្យកម្ពុជាទទួលបានតម្លៃបន្ថែមកាន់តែខ្ពស់ ខណៈបរិបទនៃខឿនឧស្សាហកម្មកម្ពុជាក្នុងរយៈពេលជិត ៣០ ឆ្នាំមកនេះ (ចាប់តាំងពីឆ្នាំ ១៩៩៦) គឺពឹងផ្អែកភាគច្រើនលើការនាំចេញផលិតផលក្នុងវិស័យវាយនភណ្ឌ។
លោកបន្តថា ជាមួយនឹងការវិវឌ្ឍសង្គម-សេដ្ឋកិច្ច គឺកម្ពុជាដល់ពេលហើយក្នុងការធ្វើឱ្យខឿនឧស្សាហកម្មរបស់ខ្លួនកាន់តែទំនើប និងទទួលបានតម្លៃបន្ថែមច្រើនជាងមុន។ នេះជាដំណាក់កាលដែលកម្ពុជាគួរងាកពីវិស័យមួយចំនួនដែលផ្តល់តម្លៃបន្ថែមទាប ទៅរកឧស្សាហកម្មផ្តល់តម្លៃបន្ថែមខ្ពស់។
លោកលើកឧទាហរណ៍ថា បើកម្ពុជាទិញក្រណាត់ពីក្រៅប្រទេសមកចំណាយអស់ ៥ ពាន់លានដុល្លារ ហើយពេលកែច្នៃរួចអាចលក់ទៅវិញបានចន្លោះពី ១០-១២ ពាន់លានដុល្លារ ដូច្នេះតម្លៃបន្ថែមដែលកម្ពុជាបង្កើតបានគឺជាងទ្វេដង ប៉ុន្តែប្រសិនបើអាចចាប់យក ឬបង្កើតឧស្សាហកម្មថ្មីណាដែលផ្តល់តម្លៃបន្ថែមកាន់តែខ្ពស់ គឺត្រូវតែពិចារណា និងខិតខំចាប់យកឱ្យបាន។
លោកបន្ថែមថា ផលិតកម្មសំខាន់ៗទាំងនោះមានដូចជា ឧស្សាហកម្មផលិតគ្រឿងអេឡិចត្រូនិក និងគ្រឿងបង្គុំរថយន្ត ជាដើម។លោកថ្លែងថា៖«ការបណ្តុះបណ្តាលវិជ្ជាជីវៈ (ជំនាញអេឡិចត្រូនិក) គឺយើងអាចទិញឧបករណ៍/សម្ភារមកអស់ចំនួន ១០០ ដុល្លារ ប៉ុន្តែយើងលក់វិញបាន ៥០០ ដុល្លារ អ៊ីចឹងវាគុណនឹង ៥ ដង។ វិស័យកាត់ដេរអាចគុណនឹង ២ ប៉ុន្តែឧស្សាហកម្មអេឡិចត្រូនិក អាចគុណនឹង ៥ អ៊ីចឹងចំនួន ៤ ដែលលើស គឺបានមកអំពីចំណេះ និងជំនាញ»។ លោកបន្តថា៖«ចំណេះ ជំនាញ គឺបង្កើតតម្លៃបន្ថែមខ្ពស់»។
ទោះយ៉ាងណា លោកទទួលស្គាល់ថា កម្ពុជានៅប្រឈមនឹងកង្វះធនធានមនុស្សជាច្រើនដើម្បីអាចទាញយកវត្ថុធាតុដើមដែលមានក្នុងស្រុក មកកែច្នៃដើម្បីដាក់បញ្ចូលទៅក្នុងចង្វាក់ផលិតកម្មសម្រេច។បើតាមសេដ្ឋវិទូខាងលើ ការពង្រឹងសមត្ថភាពនេះគួរតែធ្វើចាប់ពីថ្នាក់ក្រោម (កម្រិតបឋមសិក្សា) រហូតដល់កម្រិតមហាវិទ្យាល័យ ឬជំនាញឯកទេសណាមួយ។
លោកបន្តថា នៅពេលកម្ពុជាមានធនធានមនុស្សដែលមានគុណភាពពិតប្រាកដកាន់តែច្រើនឱកាសក្នុងការទាក់ទាញរោងចក្រផលិតផលិតផលសម្រេចក៏បានកាន់តែច្រើនផងដែរ។
ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាលោក តែ តាំងប៉ បាននិយាយថា ចំណេះដឹង និងបច្ចេកទេសគឺពិតជាសំខាន់ណាស់ក្នុងការជំរុញ និងលើកកម្ពស់សមត្ថភាពផលិតកម្ម។ នៅពេលផលិតកម្មក្នុងស្រុកផលិតបានកាន់តែច្រើន និងមានគុណភាពកាន់តែល្អនោះ ទីផ្សាររបស់វាក៏មានទំហំកាន់តែធំដែរ។
លោកបន្តថា ទោះយ៉ាងណាអ្វីៗអាចដំណើរការទៅមុខបានលឿន គឺទាមទារឱ្យមានការចូលរួមគាំទ្រផលិតផលក្នុងស្រុក រួមគ្នាធ្វើទីផ្សារ និងផ្សព្វផ្សាយទៅក្រៅប្រទេស ដើម្បីជំរុញការនាំចេញ ឱ្យបានកាន់តែច្រើន។
រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីឆ្នាំ ២០២៣ បានដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេសប្រមាណ ១,៥ លាននាក់ ក្នុងន័យដើម្បីបង្កើនផលិតភាព ប្រសិទ្ធភាពការងារនៅកន្លែងការងារ ក៏ដូចជាត្រៀមចាប់យកឱកាសការងារថ្មីៗដែលនឹងមកដល់នាពេលខាងមុខ។ ការអភិវឌ្ឍធនធានមនុស្ស គឺជាអាទិភាពគន្លឹះទាំង ៥ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលរួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។
កម្មវិធីនេះ គឺចង់ប្រែក្លាយការប្រើកម្លាំងពលកម្មសុទ្ធសាធឱ្យទៅជាកម្មករមានជំនាញច្បាស់លាស់ ហើយកម្មករនិយោជិត ដែលទទួលការបណ្តុះបណ្តាលជំនាញច្បាស់លាស់ តាមរយៈការបណ្តុះបណ្តាលពិសេសនេះ ច្បាស់ណាស់ប្រាកដជានឹងទទួលបានការងារល្អជាងមុន និងទទួលប្រាក់ខែច្រើនជាងមុនដែរ៕