ភ្នំពេញៈ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ JS Land Plc ដែលចុះបញ្ជីនៅលើទីផ្សារកំណើននៃក្រុមហ៊ុនទីផ្សារមូលបត្រកម្ពុជា (CSX) បានរាយការណ៍ពីកំណើនរឹងមាំនៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួនកាលពីឆ្នាំមុន ក្នុងពេលមានការធ្លាក់ចុះវិស័យអចលនទ្រព្យ និងសំណង់។
យោងតាមឯកសាររបស់ក្រុមហ៊ុនផ្ញើទៅ CSX កាលពីថ្ងៃទី ១៥ ខែមីនា គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣ ក្រុមហ៊ុន JS LAND PLC សម្រេចបានវឌ្ឍនភាពជារួមលើការបញ្ចប់ការសាងសង់រហូតដល់ ៩៨,៧៧ ភាគរយ និងលក់បាន ៨២,៦០ ភាគរយនៃយូនីតសរុបរបស់គម្រោង The Garden Residency 2 (TGR 2) ប្រកបដោយជោគជ័យ។ គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣ ក្រុមហ៊ុន JS LAND PLC បានរាយការណ៍ពីការលក់អចលនទ្រព្យចំនួន ៨ ៧២៧ ៩៤៣ ០០០ រៀល និងប្រាក់ចំណូលផ្សេងទៀតចំនួន ៦៤៩ ៦២៤ ០០០ រៀល កើនឡើង ៤៦៤ ៧១១ ០០០ រៀល ស្មើនឹង ២៥១,៣១ ភាគរយ ធៀបនឹងត្រីមាសទី៤ ឆ្នាំសារពើពន្ធ ២០២២។
គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣ ក្រុមហ៊ុន JS LAND PLC បានរាយការណ៍ពីការខាតបង់សរុបចំនួន ២ ៣២៩ ២៤៦ ០០០ រៀល ការបាត់បង់សរុបកើនឡើង ១ ៦១៣ ១៨៧ ០០០រៀល ស្មើ ២២៥,២៩ ភាគរយ ធៀបទៅនឹងត្រីមាសទី៤ ឆ្នាំសារពើពន្ធ ២០២២។ ការខាតបង់ទាំងនេះភាគច្រើនដោយសារតែការធ្លាក់ចុះនៃសន្និធិ (៦៤០ ៧៧០ ០០០ រៀល) និងអចលនទ្រព្យវិនិយោគ (៩៨៤ ៣០៣ ០០០ រៀល)។ នេះបើយោងតាមរបាយការណ៍។
ក្រុមហ៊ុនបានឱ្យដឹងថា៖ «ស្ថានភាពហិរញ្ញវត្ថុរបស់យើងនៅតែរឹងមាំគិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣ ដោយទ្រព្យសកម្មសរុបចំនួន ៩៣ ៣៨៨ ៧០៨ ០០០ រៀល ដែលរួមមានទ្រព្យសកម្មមិនមែនបច្ចុប្បន្នចំនួន ៥៦ ៦១៣ ៣៨១ ០០០រៀល និងទ្រព្យសកម្មបច្ចុប្បន្ន ៣៦ ៧៧៥ ៣២៧ ០០០រៀល។ មូលធនសរុបមាន ១៥ ២៤៣ ៤០១ ០០០ រៀល កាលពីត្រីមាសទី៤ ឆ្នាំ ២០២៣ កើនឡើង ៨៦,០៣ ភាគរយ ធៀបនឹង ៧ ០៥១ ៥០៨ ០០០ រៀល កាលពីឆ្នាំ ២០២២»។
លោក Koy Le San ប្រធានប្រតិបត្តិក្រុមហ៊ុនបានថ្លែងក្នុងរបាយការណ៍ថា ទីផ្សារខុនដូនៅកម្ពុជាបន្តប្រកួតប្រជែងកាលពីត្រីមាសទី៤ ឆ្នាំ ២០២៣ ដោយសារការផ្គត់ផ្គង់ខុនដូលើសតម្រូវការ។
លោកថ្លែងថា៖ «ប្រឈមមុខនឹងភាពលំបាកនេះ ខ្ញុំមានមោទនភាពក្នុងការប្រកាសថា ទោះបីជាមានបញ្ហាប្រឈមជាច្រើន ក៏ក្រុមហ៊ុន JS Land Plc តាមរយៈយុទ្ធសាស្ត្រទីផ្សារដែលបានគ្រោងទុកយ៉ាងយកចិត្តទុកដាក់ និងសមិទ្ធផលដ៏សំខាន់របស់យើងក្នុងការគ្រប់គ្រងគម្រោង The Garden Residency 2 មុនការគ្រោងទុក យើងបានជម្នះ និងយកឈ្នះ ដើម្បីសម្រេចបានគោលដៅគម្រោងដែលមានចំនួនលក់ត្រឹមត្រូវដល់ចំនួន ៨ ៧២៧ ៩៤៣ ០០០ រៀល និងប្រាក់ចំណូលផ្សេងទៀត ៦៤៩ ៦២៤ ០០០ រៀល កើន ៤៦៤ ៧១១ ០០០ រៀល ស្មើ ២៥១,៣១ ភាគរយបើធៀបនឹងត្រីមាសទី៤ ឆ្នាំ ២០២២។
លោក Le San បានលើកឡើងថា៖ «យើងប្តេជ្ញាចិត្តថា នឹងខិតខំប្រឹងប្រែងដើម្បីបង្កើនប្រាក់ចំណេញ ដោយផ្តល់លទ្ធផលកាន់តែប្រសើរឡើងនៅក្នុងត្រីមាសនីមួយៗកន្លងមក»។
ក្នុងកិច្ចពិភាក្សាតុមូលស្តីពី «ស្ថានភាពសេដ្ឋកិច្ច និងអចលនទ្រព្យឆ្នាំ ២០២៤» កាលពីថ្ងៃទី ១១ ខែមីនា លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បាននិយាយថា នៅដើមឆ្នាំ ២០២៤ នេះវិស័យអចលនទ្រព្យកម្ពុជាមិនទាន់មានអ្វីល្អលើសឆ្នាំ ២០២៣ ទេ ដោយផ្នែកខ្លះមានសញ្ញាវិជ្ជមានតិចតួចដូចជា ទីផ្សារខុនដូ និងជួលកន្លែងស្នាក់ (ក្នុងវិស័យទេសចរណ៍) ប៉ុន្តែសម្រាប់ទីផ្សារទិញ-លក់ដីធ្លី (ដីឡូ) និងកន្លែងជួលលក់រាយ គឺមិនទាន់ល្អឡើយ។
លោកបន្ថែមថា ដោយសារទីផ្សារអចលនទ្រព្យតែងអាស្រ័យលើកំណើនសេដ្ឋកិច្ចសកល និងតំបន់ ដូច្នេះក្នុងដំណាក់កាលនេះ គឺមិនទាន់អាចសម្ទុះឡើងវិញលឿនឡើយ។
លោកបានថ្លែងថា៖ «អ្វីៗតែងតែមានប្រវត្តិ និងដំណើររបស់វា។ សម្រាប់ទីផ្សារអចលនទ្រព្យកម្ពុជា ខ្ញុំមានជំនឿថាវានឹងអាចមានភាពល្អប្រសើរវិញនៅអំឡុងឆ្នាំ ២០២៦-២០២៧ ដោយនៅពេលនោះស្ថានភាពទីផ្សារអាចនឹងមានភាពប្រហាក់ប្រហែលនឹងឆ្នាំ ២០១៨-២០១៩ ដែលជាពេលទីផ្សារអចលនទ្រព្យកម្ពុជាឡើងដល់កំពូល»។
លោក សន សៀប បានអះអាងថា វិស័យអចលនទ្រព្យនៅខេត្តព្រះសីហនុ ដែលបច្ចុប្បន្នមានគម្រោងជាច្រើនត្រូវជាប់គាំង គឺនឹងអាចដោះស្រាយបាននៅពេលខាងមុខ។
លោកនិយាយថា៖ «វិស័យអចលនទ្រព្យ និងសំណង់នៅខេត្តព្រះសីហនុនឹងរីកចម្រើនលឿននាពេលអនាគត។ ខ្ញុំហ៊ានព្យាករបែបនេះ គឺឆ្លងតាមបទពិសោធន៍នៃទីផ្សារអចលនទ្រព្យប្រទេសចិន គឺការវិវឌ្ឍលឿន បានចាប់ផ្តើមចេញពីទីក្រុងនៅតាមតំបន់ជាប់មាត់សមុទ្រ»៕