​ភ្នំពេញៈ ខណៈ​សេដ្ឋកិច្ច​ពិ​ភព​លោក​កាន់តែ​ប្រសើរ ការ​នាំចេញ​ទំនិញ​របស់​កម្ពុជា​ទៅ​ចក្រភព​អង់គ្លេស ​(UK) រយៈ​ពេល ២​ ខែ​ដើមឆ្នាំ​ ២០២៤ នេះ មាន​កំណើន​ជាង ២៥ ភាគរយ ​ដោយមាន​ទឹកប្រាក់​ជិត ១៣៦​ លាន​ដុល្លារ​ ធៀប​នឹង​ជាង ៩៥ ​លាន​ដុល្លារ​ នា​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ នេះ​បើ​យោង​តាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE)​។​

​ចក្រភព​អង់គ្លេស​គឺជា​ដៃគូ​ពា​ណិ​ជ្ជ​កម្ម​សំខាន់​មួយ​របស់​កម្ពុជា ដោយ​ប្រទេស​នេះ​ជាប់​ចំណាត់ថ្នាក់​ជា​ដៃគូ​ពាណិជ្ជកម្ម​ឈានមុខ​គេ​ទី​ ៨ បន្ទាប់ពី​ប្រទេស​ចិន វៀតណាម អាមេរិក ថៃ ជប៉ុន ឥណ្ឌូនេស៊ី និង​កាណាដា​។​

​កម្ពុជា​ទទួលបាន​អត្ថប្រយោជន៍​ពី​គម្រោង​ពាណិជ្ជកម្ម​ប្រទេស​កំពុង​អភិ​​វឌ្ឍន៍ ​(DCTS)​ របស់​ចក្រភព​អង់គ្លេស ចាប់តាំងពី​ខែមេសា ឆ្នាំ​ ២០២៣​។ ស្ថិតក្រោម​ផែនការ​នេះ កម្ពុជា​ទទួល​បាន​អត្ថប្រយោជន៍​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​ (GSP) ​របស់​ចក្រភព​អង់គ្លេស ដែល​ផ្តល់​លទ្ធភាព​ចូល​ទីផ្សារ​ចក្រភព​អង់គ្លេស​ដោយ​ការនាំ​ចេញរួច​ពន្ធ និង​មិន​កំណត់​កូតា​។​

​យោងតាម​ទិន្នន័យ​ពី GDCE កម្ពុជា​បាន​នាំចេញ​ទំនិញ​តម្លៃ​ជិត ១៣៦ ​លាន​ដុល្លារ​ទៅ​ចក្រភព​អង់គ្លេស ក្នុង​ចន្លោះ​ពី​ខែមករា​-​ខែកុម្ភៈ ឆ្នាំ​ ២០២៤ កើនឡើង ២៥,១​ ភាគរយ​បើ​ធៀប​នឹង​ជាង ៩៥ ​លាន​ដុល្លារ ខណៈ​ការនាំ​​ចូល​សរុប​មាន​ចំនួន ៦,៨៥​ លាន​ដុ​ល្លារ​ធ្លាក់ចុះ ៤៧,៩​ ភាគរយ​ធៀប​នឹង ១៣,១៥​ លាន​ដុល្លារ​។​

​សម្រាប់​ពាណិជ្ជកម្ម​ទ្វេភាគី​សម្រេចបាន ១៤២,៦៧ ​លាន​ដុល្លារ​កើនឡើង ១៧,២​ ភាគរយ​ធៀប​នឹង ១២១,៦៩​ លាន​ដុល្លារ​ក្នុង​រយៈពេល​ដូចគ្នា​កាល​​ពី​ឆ្នាំមុន​។ ចំនួន​នេះ​ធ្វើឱ្យ​កម្ពុជា​ទទួល​បាន​អតិរេក​ពាណិជ្ជកម្ម​ជាមួយ​ចក្រ​​ភព​អង់គ្លេស ១២៨,៩៧ ​លាន​ដុល្លារ​។​

​លោក លី ឃុន​ថៃ ប្រធាន​សមាគម​ស្បែកជើង​កម្ពុជា បាន​ប្រាប់ថា កំណើន​ការនាំ​ចេញទៅ​ចក្រភព​អង់គ្លេស​កំ​ពុង​ឆ្លុះបញ្ចាំង​ពី​ភាពប្រសើរឡើង​នៃ​សេដ្ឋកិច្ចពិភពលោក ខណៈ​ការនាំ​​ចេញ​សម្លៀកបំពាក់ ស្បែកជើង និង​កាបូប​ធ្វើដំណើរ​ទៅ​ចក្រភព​អង់គ្លេស​បាន​ធ្លាក់ចុះ​កាលពី​ឆ្នាំមុន​។​

​លោក​ថ្លែងថា​៖«​នៅ​ឆ្នាំ​ ២០២៤ ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា ការនាំចេញ​របស់​កម្ពុ​ជា​ទៅ​ទីផ្សារ​អន្តរជាតិ រួមទាំង​ចក្រ​ភព​អង់គ្លេស​នឹងមាន​ភាព​វិជ្ជមាន ព្រោះ​យើង​អាច​មើលឃើញ​ពី​ភាពប្រសើរឡើង​មួយចំនួន​នៃ​ការនាំចេញ​របស់​យើង​ទៅកាន់​ទីផ្សារ​សំខាន់ៗ​ជាច្រើន​ដូចជា ចក្រភព​អង់គ្លេស អាមេរិក និង​ទីផ្សារ​ជាច្រើន​ផ្សេងទៀត​»​។​

​លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា ដោយសារ​ចក្រភព​អង់គ្លេ​ស​ជា​ផ្នែក​មួយ​នៃ​អឺរ៉ុប ដូច្នេះ​ទំនិញ​មួយចំនួន​ដែល​កម្ពុជា​នាំ​ចេញទៅ​ចក្រភព​អង់គ្លេស​ក៏​អាច​ចូលទៅក្នុង​ទីផ្សារ​អឺរ៉ុប​ផងដែរ​។​

​លោក​ថ្លែងថា​៖«​ចក្រភព​អង់គ្លេស​គឺជា​ប្រទេស​អភិវឌ្ឍន៍ និង​មាន​វិស័យ​ឧស្សាហកម្ម​រីកចម្រើន ដូច្នេះ​ទំនិញ​ភាគច្រើន​ដែល​កម្ពុជា​នាំ​ចេញទៅ​ចក្រភព​អង់គ្លេស​គឺជា​ផលិតផល​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ និង​កសិកម្ម​»​។​

​លោក​បញ្ជាក់ថា​៖«​កាលពី​ឆ្នាំមុន យើង​ទទួលបាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដែល​ផ្តល់​ដោយ​ចក្រភព​អង់គ្លេស​មក​កម្ពុជា​សម្រាប់​ផលិតផល​មួយចំនួន ដូច្នេះ​ការណ៍​នេះ​ជួយ​បង្កើន​ការនាំ​ចេញពី​កម្ពុជា​ទៅ​ចក្រភព​អង់គ្លេស​ឱ្យ​កាន់តែ​ខ្ពស់​សម្រាប់​ឆ្នាំនេះ​»​។​

​លោកស្រី Rt Hon. Anne Marie Trevelyan រដ្ឋមន្ត្រី​អង់គ្លេស​ទទួលបន្ទុក​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក បានមក​បំ​ពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​កាលពី​ថ្ងៃទី ​២ ដល់​ថ្ងៃទី​ ៤ ខែមីនា ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​មួយចំនួន​ដូចជា ពាណិជ្ជកម្ម ការអភិវឌ្ឍ សេដ្ឋកិច្ច និង​ការអប់រំ​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោកស្រី Trevelyan បាន​ជួប​ជាមួយ​លោក អូន ព័ន្ធមុនីរ័ត្ន មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា ដោយ​ពិភាក្សា​ពី​របៀប​ដែល​ចក្រភព​អង់គ្លេស​កំពុង​គាំទ្រ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា រួមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​បៃតង​ផងដែរ​។​

​លោកស្រី​បាន​និយាយថា​៖«​ខ្ញុំ​មាន​សេចក្តីសោមនស្ស​រីករាយ​ដែល​បានមក​បំពេញ​ទស្សនកិច្ច​ជា​លើកដំបូង​នៅ​កម្ពុជា ដែលជា​ប្រទេសមួយ​មាន​ប្រវត្តិសាស្ត្រ​បុរាណ​មិនគួរ​ឱ្យ​ជឿ ហើយ​បាន​ជម្នះ​ការលំបាក​ថ្មីៗ​បន្ថែមទៀត ដើម្បី​ក្លាយជា​ប្រទេស​មាន​សេដ្ឋកិច្ច​លូតលាស់​រហ័ស​នៅ​តំបន់​។ ទំនាក់​​ទំនង​ទ្វេភាគី​រវាង​ចក្រភព​អង់គ្លេស និង​កម្ពុជា​កំពុង​រីកចម្រើន​លើ​វិស័យ​ជាច្រើន ហើយ​យើង​ប្តេជ្ញា​គាំទ្រ​កម្ពុជា​នៅ​ដំណាក់កាល​បន្ទាប់​នៃ​ដំណើរការ​អភិវឌ្ឍន៍​។ ខ្ញុំ​រង់ចាំ​ស្តាប់​បន្ថែមទៀត​អំពី​របៀប​ដែល​ភាពជា​ដៃគូ​វិនិយោគ​របស់​ចក្រភព​អង់គ្លេស​កំពុង​ដំណើរ​ការ​សម្រាប់​ប្រទេស​កម្ពុជា និង​តួនាទី​ការអប់រំ​របស់​ចក្រភព​អង់គ្លេស​ក្នុងការ​អភិវឌ្ឍ​ទេពកោសល្យ​នៅទីនេះ​»​។​

​បច្ចុប្បន្ន​ការនាំចេញ​ភាគច្រើន​របស់​កម្ពុជា​ទៅ​ចក្រភព​អង់គ្លេស​រួមមាន សម្លៀកបំពាក់ ស្បែកជើង កាបូប កង់ ផលិតផល​កសិកម្ម ខណៈ​ចក្រភព​អង់គ្លេស​នាំ​ចូលមក​កម្ពុជា​វិញ មានដូចជា​រថយន្ត គ្រឿងយន្ត ឧបករណ៍​អគ្គិសនី និង​គ្រឿង​បង្គុំ​អេឡិចត្រូនិក​។ នេះ​បើ​យោងតាម GDCE៕