ភ្នំពេញៈ ការចាប់ផ្តើមងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចសកល បានធ្វើឱ្យតម្រូវការទំនិញប្រើប្រាស់កើនជាបន្តបន្ទាប់ ជាក់ស្តែងរយៈពេល ២ ខែដើមឆ្នាំ ២០២៤ ការនាំចេញនាំចូលទំនិញរវាងកម្ពុជា-ចិន មានទឹកប្រាក់ប្រមាណ ២,២ ពាន់លានដុល្លារ កើនឡើងជិត ៣០ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៣ ក្នុងនោះទឹកប្រាក់ដែលចិននាំមកកម្ពុជាបានគ្របដណ្តប់ជិត ៩០ ភាគរយនៃទឹកប្រាក់សរុប។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។
ទិន្នន័យកត់ត្រាដោយ GDCE ឱ្យដឹងថា ចិន គឺជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជា ដោយចន្លោះពីខែមករា-ខែកុម្ភៈ ឆ្នាំ ២០២៤ ការនាំចេញ នាំចូលទំនិញរវាងប្រទេសទាំង ២ មានទឹកប្រាក់សរុប ២,២ ពាន់លានដុល្លារ កើនឡើង ២៩ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣ ដែលមាន ១,៧ លានដុល្លារ។ ក្នុងចំនួននេះ គឺទំនិញកម្ពុជានាំទៅចិន ២២៧,៧៥ លានដុល្លារ កើន ១៥ ភាគរយ ខណៈទំនិញចិននាំមកកម្ពុជាមានប្រមាណ ១,៩៧ ពាន់លានដុល្លារ កើន ៣០,៨ ភាគរយ។
សម្រាប់តុល្យភាពជញ្ជីងពាណិជ្ជកម្ម រយៈពេល ២ ខែ ដើមឆ្នាំ ២០២៤ គឺកម្ពុជាមានឱនភាព ១,៧៤ ពាន់លានដុល្លារ ខណៈរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៣ មានចំនួន ១,៣១ ពាន់លានដុល្លារ។
សេដ្ឋវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២០ ខែមីនាថា ការកើនឡើងជាបន្តបន្ទាប់ទំហំពាណិជ្ជកម្មប្រទេសទាំង ២ គឺដោយសារតែភាពល្អប្រសើរនៃទំនាក់ទំនងការទូត ខណៈប្រទេសទាំង ២ ក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយគ្នា (CCFTA) ហើយក៏ជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ផងដែរ។
លោកបន្តថា ខណៈប្រទេសចិន ត្រូវបានគេទទួលស្គាល់ជាប្រភពផ្គត់ផ្គង់វត្ថុធាតុដើម និងទំនិញដ៏ធំលើពិភពលោកនោះ ដូច្នេះចិននឹងបន្តជាប្រភពផ្គត់ផ្គង់ទំនិញដ៏សំខាន់របស់កម្ពុជា ជាពិសេសវត្ថុធាតុដើមក្នុងផលិតកម្មវាយនភណ្ឌដើម្បីឱ្យកម្ពុជាយកទៅកែច្នៃជាផលិតផលសម្រេចសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ។
លោកបន្ថែមថា៖ «រយៈពេលជាយូរមកហើយដែលប្រទេសចិន គឺជាប្រភពសំខាន់នៃការផ្គត់ផ្គង់វត្ថុធាតុដើម ឬគ្រឿងផ្សំផ្សេងៗឱ្យរោងចក្រ/សហគ្រាសនៅកម្ពុជា។ ពាណិជ្ជកម្មប្រទេសទាំង ២ នឹងបន្តកើនឡើងថែមទៀតនាពេលខាងមុខ»។
លោកឱ្យដឹងទៀតថា បច្ចុប្បន្នក្រៅពីសកម្មភាពនាំចេញ-ចូលទំនិញ នៅក្នុងប្រទេសកម្ពុជា ក៏មានអ្នកវិនិយោគចិនជាច្រើនកំពុងបណ្តាក់ទុនផ្ទាល់ផងដែរ។
តាមធនាគារជាតិនៃកម្ពុជា (NBC) បានឱ្យដឹងថា គិតត្រឹមត្រីមាសទី១ ឆ្នាំ ២០២៣ ទុនវិនិយោគរបស់ជនជាតិចិនបាននាំមុខគេក្នុងការវិនិយោគផ្ទាល់នៅកម្ពុជា ដោយមាន ៤៥ ភាគរយនៃចំនួនសរុប ១៨៥,៧ ទ្រីលានរៀល តាមពីក្រោយដោយកូរ៉េខាងត្បូង, សិង្ហបុរី, ជប៉ុន វៀតណាម ម៉ាឡេស៊ី និងថៃ។
ទាក់ទងការនាំទំនិញពីកម្ពុជាទៅប្រទេសចិន អ្នកសេដ្ឋកិច្ចខាងលើអះអាងថា ដោយសារកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ ដូច្នេះទំនិញដែលកម្ពុជានាំទៅប្រទេសចិនភាគច្រើនជាកសិផល និងធនធានធម្មជាតិ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង ថ្មីៗនេះបានឱ្យដឹងថា ក្នុងនាមជាប្រទេសមានទំនាក់ទំនងការទូតល្អ (មិត្តដែកថែប) និងជាប្រភពផ្គត់ផ្គង់វត្ថុធាតុសំខាន់ឱ្យរោងចក្រនៅកម្ពុជា គឺចំនួនទឹកប្រាក់នាំចេញនាំចូលទំនិញប្រទេសទាំង ២ បានកើនជាលំដាប់ បើទោះបីក្នុងអំឡុងពេលសេដ្ឋកិច្ចសកលជួបវិបត្តិធ្ងន់ធ្ងរប៉ុន្មានឆ្នាំកន្លងមកក៏ដោយ។
លោកនិយាយថា៖ «និន្នាការនៃការផ្លាស់ប្តូរទំនិញប្រទេសទាំង ២ នឹងបន្តកើនថែមទៀតនាពេលខាងមុខ ពិសេសការនាំចេញផលិតផលវិស័យកសិកម្មរបស់កម្ពុជា»។
សម្រាប់ឱនភាពជញ្ជីងពាណិជ្ជកម្ម លោក លឹម ហេង បានប្រាប់ថា មិនបារម្ភឡើយ ព្រោះភាគច្រើននៃទំនិញចិននាំមកកម្ពុជា ជាវត្ថុធាតុដើម ឬផលិតផលពាក់កណ្តាលសម្រេចដែលគេយកកែច្នៃ ផ្គុំ ឬដំឡើងទៅជាផលិតផលសម្រេចសម្រាប់នាំចេញទៅលក់នៅទីផ្សារអន្តរជាតិ។ ជាក់ស្តែងនៅក្នុងវិស័យវាយនភណ្ឌ គឺកម្ពុជាបាននាំចូលវត្ថុធាតុដើមដូចជា ក្រណាត់ អំបោះ និងម្ជុល ជាច្រើនមកពីប្រទេសចិន។
ភាគច្រើននៃទំនិញកម្ពុជានាំទៅប្រទេសចិន គឺជាផលិតផលកសិកម្ម និងវាយនភណ្ឌ ចំណែកចិននាំចូលគឺមានផលិតផលចម្រុះជាច្រើនដូចជា វត្ថុធាតុដើមសម្រាប់វិស័យវាយនភណ្ឌ គ្រឿងសំណង់ រថយន្ត គ្រឿងម៉ាស៊ីន ឧបករណ៍អេឡិចត្រូនិក អាហារ ថ្នាំគីមីជាដើម។ នេះបើតាមលោក លឹម ហេង។
ក្នុងឆ្នាំ ២០២៣ ការផ្លាស់ប្តូរទំនិញរវាងកម្ពុជា-ចិន មានទឹកប្រាក់សរុប ១២,២៦ ពាន់លានដុល្លារ កើន ៥ ភាគរយបើធៀបឆ្នាំ ២០២២ ក្នុងនោះកម្ពុជានាំទំនិញទៅប្រទេសចិន ១,៤៨ ពាន់លានដុល្លារ កើន ១៩,២ ភាគរយ និងទំនិញចិននាំមកកម្ពុជា ១០,៧៩ ពាន់លានដុល្លារ កើន ៣,៣ ភាគរយ។ នេះបើយោងតាម GDCE៕