ភ្នំពេញៈ ផ្នែកឯកជនសាទរចំពោះផែនការនៃការបង្កើតតំបន់សេដ្ឋកិច្ចពិសេសបៃតង នៅខេត្តកោះកុង ព្រោះតំបន់នេះនឹងក្លាយទៅជាគំរូមួយសម្រាប់ក្រុមហ៊ុនផ្សេងទៀតអនុវត្តតាម ខណៈបច្ចុប្បន្នកម្ពុជាកំពុងប្រើប្រាស់ថាមពលស្អាតប្រមាណ ៧០ ភាគរយទូទាំងប្រទេស។ តំបន់សេដ្ឋកិច្ចពិសេសនេះនឹងបម្រើជាមជ្ឈមណ្ឌលដែលមិនប៉ះពាល់ដល់បរិស្ថានសម្រាប់ការនាំចេញ និងផលិតកម្មដែលត្រូវបានព្យាករថា នឹងទាក់ទាញវិនិយោគិនបរទេសបានច្រើន។
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី ៥ ខែមីនា បានជួបពិភាក្សាជាមួយលោកស្រី Rt Hon. Anne Marie Trevelyan រដ្ឋមន្ត្រីរបស់ចក្រភពអង់គ្លេសទទួលបន្ទុកនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែមីនា ដើម្បីពិភាក្សាពីការគាំទ្ររបស់ចក្រភពអង់គ្លេសលើការបង្កើតតំបន់សេដ្ឋកិច្ចពិសេសបៃតង (SEZ) នៅខេត្តកោះកុង។
ក្នុងឱកាសនោះ លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណចំពោះចក្រភពអង់គ្លេស ដែលតែងគាំទ្រលើផលិតផលកម្ពុជា និងគំនិតផ្តួចផ្តើមសម្រាប់ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសបៃតងនៅកម្ពុជា ព្រោះវានឹងរួមចំណែកដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។
លោកស្រី Anne-Marie Trevelyan បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនៃប្រទេសទាំង ២ ក៏ដូចជាគោលបំណងរបស់រដ្ឋាភិបាលចក្រភពអង់គ្លេសចំពោះការប្តេជ្ញាចិត្ត និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់។
លោកស្រីបន្តថា៖ «ចក្រភពអង់គ្លេសនឹងបន្តជំរុញការវិនិយោគនៅកម្ពុជា ពិសេសលើការរៀបចំសម្រាប់ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសបៃតង និងទាក់ទាញវិនិយោគិនថ្មីៗពីចក្រភពអង់គ្លេសមកកម្ពុជា»។
កាលពីចុងខែធ្នូ ឆ្នាំ ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមនឹងអាជ្ញាធរខេត្តកោះកុង និងឯកអគ្គរាជទូតចក្រភពអង់គ្លេសបានជួបពិភាក្សាអំពីគម្រោងនេះយ៉ាងយូរ។ តាមការប៉ាន់ប្រមាណគម្រោងនេះមានតម្លៃចន្លោះពី ៤០០-៨០០ លានដុល្លារ ហើយគម្រោងនេះនឹងចាប់ផ្តើមដំណើរការនៅចុងឆ្នាំ ២០២៤ នេះ។
គម្រោងនេះត្រូវបានគេរំពឹងថានឹងប្រែក្លាយខេត្តកោះកុង ឱ្យទៅជាមជ្ឈមណ្ឌលសម្រាប់ឧស្សាហកម្មបៃតងដោយផ្តោតលើថាមពលកកើតឡើងវិញ ការគ្រប់គ្រងសំណល់ដោយនិរន្តរភាព និងការអនុវត្តដោយមិនប៉ះពាល់ដល់បរិស្ថានក្នុងវិស័យសំខាន់ៗដូចជា ផលិតរថយន្ត អេឡិចត្រូនិក និងវាយនភណ្ឌ ជាដើម។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២០ ខែមីនាថា តំបន់សេដ្ឋកិច្ចនេះនឹងក្លាយជាចំណុចរបត់ថ្មីមួយសម្រាប់ប្រទេសកម្ពុជា ខណៈកម្ពុជាកំពុងប្រើប្រាស់ថាមពលស្អាតជាច្រើន។
លោកថ្លែងថា៖ «យើងពិតជាគាំទ្រការបង្កើតតំបន់សេដ្ឋកិច្ចពិសេសបៃតងនៅក្នុងប្រទេសរបស់យើង។ ប៉ុន្តែអ្វីដែលយើងចង់ឃើញគឺថា តើវាដំណើរការដោយរបៀបណា? តើវាខុសពីគម្រោងធម្មតាដូចម្ដេច?បើតាមខ្ញុំដឹងថា ទុនវិនិយោគគួរតែច្រើនជាងគម្រោងធម្មតា ប៉ុន្តែយើងស្វាគមន៍ចំពោះការវិនិយោគលើតំបន់សេដ្ឋកិច្ចពិសេសបៃតងមួយនេះ»។
លោកបន្ថែមថា៖ «បច្ចុប្បន្នប្រទេសយើងកំពុងប្រើប្រាស់ថាមពលស្អាតជាង ៦០ ភាគរយបានពីថាមពលសូឡា និងវារីអគ្គិសនី ហើយយើងនឹងមានថាមពលស្អាតបន្ថែមទៀត បានពីថាមពលខ្យល់នៅពេលអនាគតដ៏ខ្លីខាងមុខ។ ខ្ញុំជឿថា ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសបៃតងក្នុងប្រទេសរបស់យើង ជាគំរូមួយសម្រាប់តំបន់សេដ្ឋកិច្ចពិសេសផ្សេងទៀតដើម្បីអនុវត្តតាម»។
លោក សំ សុខនឿន អគ្គនាយកក្រុមហ៊ុន Sam SN Realty បានលើកឡើងថា តំបន់សេដ្ឋកិច្ចពិសេសកំពុងក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងការទាក់ទាញវិនិយោគិនឱ្យមកបណ្តាក់ទុននៅប្រទេសកម្ពុជាកាន់តែច្រើន ដោយសារការវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេស គឺមានភាពងាយស្រួល។
លោកបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសគឺមិនត្រឹមតែមានភាពងាយស្រួលសម្រាប់វិនិយោគិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកបង្កើតការងារ និងប្រាក់ចំណូលដល់គ្រួសារ និងប្រទេសផងដែរ។ លោកបន្តថា ខេត្តកោះកុងជាកន្លែងមានសក្ដានុពលសម្រាប់វិនិយោគលើតំបន់សេដ្ឋកិច្ចពិសេសព្រោះងាយស្រួលក្នុងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
លោកថ្លែងថា៖ «ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសជាយុទ្ធសាស្ត្រដ៏មានសក្តានុពលដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ»។
តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបពិភាក្សាការងារជាមួយអភិបាលខេត្តកោះកុង និងតំណាងស្ថានទូតអង់គ្លេសប្រចាំកម្ពុជា កាលពីថ្ងៃទី ១៩ ខែធ្នូ នៅខេត្តកោះកុង ដោយលើកឡើងថា គម្រោងនេះគឺជាការបង្កើតមជ្ឈមណ្ឌលផលិតកម្មបៃតង នាំចេញទៅកាន់ទីផ្សារអន្តរជាតិ៕