ភ្នំពេញៈ កម្ពុជា និងឥណ្ឌូនេស៊ី បានសន្យានឹងជំរុញការធ្វើពាណិជ្ជកម្ម និងវិនិយោគជាមួយគ្នាឱ្យកាន់តែសកម្មបន្ថែមទៀត ខណៈទឹកប្រាក់នៃការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំង ២ ក្នុងរយៈពេល ២ ខែ ដើមឆ្នាំ ២០២៤ មានចំនួនជាង ១៩០ លានដុល្លារ កើនឡើងតិចតួចធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។
ការសន្យានេះបានធ្វើឡើងក្នុងជំនួបពិភាក្សារវាងលោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ជាមួយនឹងលោក Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា នាថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៤ នាទីស្តីការ CDC។
ជាកិច្ចចាប់ផ្តើម លោក ស៊ុន ចាន់ថុល បានថ្លែងអំណរគុណដល់ស្ថានទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា ដែលបានជួយសម្របសម្រួលលើដំណើរទស្សនកិច្ចសិក្សាស្តីពីការអភិវឌ្ឍ និងការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាឌីជីថលដើម្បីជំរុញការវិនិយោគ របស់ប្រតិភូ CDC ទៅប្រទេសឥណ្ឌូនេស៊ី កាលពីពេលកន្លងមក។
ជាមួយគ្នានេះលោកក៏ប្រាប់គូសន្ទនាពីគម្រោងវិនិយោគធំៗដែលរដ្ឋាភិបាលកម្ពុជាកំពុងអនុវត្តដែលមានដូចជា ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវល្បឿនលឿន ផ្លូវដែក ផ្លូវទឹក គម្រោងព្រែកជីកហ្វូណនតេជោ កំពង់ផែ និងភ័ស្ដុភារកម្ម ជាដើម ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ការមកបណ្តាក់ទុនផ្ទាល់នៅកម្ពុជា។
លោកនិយាយថា៖ «គម្រោងទាំងអស់គឺវិនិយោគិនឥណ្ឌូនេស៊ី អាចពិនិត្យធ្វើការវិនិយោគបាន ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានត្រៀមខ្លួនជាស្រេចក្នុងការធ្វើកិច្ចសហ ប្រតិបត្តិការជំរុញវិនិយោគរវាងប្រទេសទាំង ២ ឱ្យបានកាន់តែប្រសើរមួយកម្រិតទៀត»។
លោក Santo Darmosumarto បានយល់ស្របចំពោះការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនៃភាគីទាំង ២ ក្នុងការជំរុញវិនិយោគរវាងប្រទេសទាំង ២ ដោយចាប់ផ្តើមពីការធ្វើអនុស្សរណៈនៃការយោគយល់ស្តីពីការជំរុញវិនិយោគរវាងប្រទេសទាំង ២។ លោកក៏បានស្នើក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឱ្យចូលរួមក្នុងពិព័រណ៍ផ្នែកសុខាភិបាលនៅក្រុងព្រះសីហនុ និងវេទិកាធុរកិច្ចនានា ដែលគ្រោងរៀបចំដោយស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជានាពេលខាងមុខ ដើម្បីបង្ហាញសក្ដានុពល ឱកាសវិនិយោគនៅកម្ពុជា និងឥណ្ឌូនេស៊ី។
លោកបញ្ជាក់ថា៖ «ឆ្លងតាមកិច្ចសហប្រតិបត្តិការល្អរវាងស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក ពិសេសលើវិស័យវិនិយោគនៃប្រទេសទាំង ២ នឹងកាន់តែត្រូវបានពង្រឹង និងពង្រីកបានរីកចម្រើនបន្ថែមទៀត»។
ទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ឱ្យដឹងថា នៅក្នុងរយៈពេល ២ ខែដើមឆ្នាំ ២០២៤ ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងឥណ្ឌូនេស៊ី សម្រេចបានក្នុងទឹកប្រាក់សរុប ១៩១,៧ លានដុល្លារ កើនឡើង ២,៣ ភាគរយបើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ក្នុងនោះទំនិញកម្ពុជានាំចេញមានទឹកប្រាក់ ១៧,៧ លានដុល្លារ កើនឡើង ១៣៩,៤ ភាគរយ ចំណែកឥណ្ឌូនេស៊ី នាំមកកម្ពុជា ចំនួន ១៧៤ លានដុល្លារថយចុះ ៣,៤ ភាគរយ។
យោងតាម GDCE ក្នុងរយៈពេល ២ ខែដើមឆ្នាំ ២០២៤ ជញ្ជីងពាណិជ្ជកម្មកម្ពុជា មានឱនភាព ១៥៦,៣១ លានដុល្លារ ខណៈរយៈពេលដូចគ្នាឆ្នាំ ២០២៣ មាន ១៧២,៦៦ លានដុល្លារ។ ឥណ្ឌូនេស៊ី គឺជាដៃគូពាណិជ្ជកម្មធំជាងគេទី៦ របស់កម្ពុជា។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានឱ្យ ភ្នំពេញ ប៉ុស្តិ៍ដឹងថា ក្នុងនាមជាប្រទេសសមាជិកអាស៊ានតែមួយ និងមានកិច្ចសហប្រតិបត្តិការល្អផ្នែកនយោបាយ និងសេដ្ឋកិច្ច ព្រមទាំងការចូលជាធរមានកិច្ចព្រមព្រៀងសេដ្ឋកិច្ចតំបន់ RCEP បានធ្វើឱ្យទំហំពាណិជ្ជកម្មនៃប្រទេសទាំង ២ កើនឡើងជាបន្តបន្ទាប់។ ទោះយ៉ាងណាបើគេពិនិត្យលើចំនួនទឹកប្រាក់ដែលឥណ្ឌូនេស៊ីនាំទំនិញមកកម្ពុជា គឺមានចំនួនលើសលប់ច្រើន ដោយបញ្ហានេះ គឺដោយសារឥណ្ឌូនេស៊ីជាប្រទេសធំ មានប្រជាជនច្រើន និងរោងចក្រ/សហគ្រាសច្រើន ដូច្នេះសមត្ថភាពផលិត និងនាំចេញរបស់គេក៏ខ្លាំងដែរ។
លោកបន្ថែមថា តាមរយៈការខិតខំរបស់រដ្ឋាភិបាល និងផ្នែកឯកជនកម្ពុជា លោករំពឹងថាទឹកប្រាក់នាំចេញរបស់កម្ពុជាទៅឥណ្ឌូនេស៊ី និងគោលដៅអន្តរជាតិផ្សេងៗទៀតប្រាកដជានឹងកើនឡើង។
លោកថ្លែងថា៖ «ភាពវិជ្ជមាននៃទំហំពាណិជ្ជកម្មទ្វេភាគីគឺជារឿងល្អហើយ ប៉ុន្តែអ្វីដែលកម្ពុជាត្រូវខិតខំថែមទៀតនោះ គឺការលើកកម្ពស់សមត្ថភាពនាំចេញរបស់ខ្លួនទៅគ្រប់គោលដៅឱ្យបានកាន់តែច្រើន។ កសិផល នឹងក្លាយជាផ្នែកសំខាន់ដែលកម្ពុជាអាចចាប់យកដើម្បីជំរុញការនាំចេញរបស់ខ្លួនទៅទីផ្សារអន្តរជាតិ»។
ប្រទេសឥណ្ឌូនេស៊ី កាលពីខែកញ្ញា ឆ្នាំ ២០២៣ បានប្រកាសទិញអង្ករពីកម្ពុជាចំនួន ២៥ ម៉ឺនតោន ក្នុង ១ ឆ្នាំពីកម្ពុជា ដែលជាវិធានការដើម្បីធានាសុវត្ថិភាពស្បៀងអាហារក្នុងប្រទេសរបស់ខ្លួន ខណៈឥណ្ឌូនេស៊ីក៏បានសន្យានឹងគាំទ្រហេដ្ឋារចនាសម្ព័ន្ធសន្តិសុខស្បៀងអាហារកម្ពុជា តាមរយៈការផ្គត់ផ្គង់ជី និងផ្តល់ការបណ្តុះបណ្តាលឱ្យដល់ប្រជាកសិករផងដែរ៕