ភ្នំពេញៈ វិស័យអចលនទ្រព្យ និងសំណង់ ត្រូវបានគេដឹងថាជាចន្ទល់ដ៏សំខាន់ក្នុងកំណើនសេដ្ឋកិច្ចកម្ពុជានារយៈពេលជិត ២ ទសវត្សរ៍ចុងក្រោយនេះ ដោយវិស័យនេះបានចាក់បញ្ចូលថវិការាប់រយពាន់លានដុល្លារក្នុង ១ ឆ្នាំៗទៅក្នុងចរន្តសេដ្ឋកិច្ចជាតិ មុនពេលត្រូវជាប់គាំង (៣-៤ ឆ្នាំចុងក្រោយ) ដោយសារវិបត្តិសេដ្ឋកិច្ចសកល ដែលបណ្តាលមកពីការរីករាលដាលជំងឺកូវីដ ១៩ និងជម្លោះភូមិសាស្ត្រនយោបាយ ព្រមទាំងសង្គ្រាមនៅប្រទេសមួយចំនួន។
ក្នុងនាមជាកាសែតបោះពុម្ពផ្សាយជាខេមរភាសា និងភាសាអង់គ្លេស ដែលមានអាយុកាលជាង ៣ ទសវត្សរ៍ ភ្នំពេញ ប៉ុស្តិ៍ ត្រូវបានមជ្ឈដ្ឋានទូទៅទទួលស្គាល់ជាសារព័ត៌មានឯករាជ្យ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈល្អបំផុតមួយនៅកម្ពុជា។ ចាប់តាំងពីដំណើរការបោះពុម្ពផ្សាយលើកដំបូងក្នុងឆ្នាំ ១៩៩២ និងការបោះពុម្ពផ្សាយប្រចាំថ្ងៃក្នុងឆ្នាំ ២០០៨ (ភាសាអង់គ្លេស) និងឆ្នាំ ២០០៩ (ភាសាខ្មែរ) ភ្នំពេញប៉ុស្តិ៍បានទទួលនូវការគាំទ្រ និងផ្តល់តម្លៃយ៉ាងខ្ពស់ពីសំណាក់អ្នកអាន និងសាធារណជនទូទៅពីគ្រប់និន្នាការនយោបាយទាំងក្នុងប្រទេស និងក្រៅប្រទេស។
ក្នុងនាមជាសារព័ត៌មានឈានមុខគេនៅកម្ពុជាដែលបានរួមចំណែកផ្សព្វផ្សាយ និងជំរុញទីផ្សារអចលនទ្រព្យនៅកម្ពុជាឱ្យកាន់តែរីកចម្រើន នៅឆ្នាំ ២០១១ ភ្នំពេញ ប៉ុស្តិ៍ បានបង្កើតឱ្យមានមាតិកាទាក់ទងវិស័យអចលនទ្រព្យ និងសំណង់។
តើភ្នំពេញប៉ុស្តិ៍បានចូលរួមចំណែកអ្វីខ្លះក្នុងការជួយលើកកម្ពស់កម្ពុជាវិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជានាពេលកន្លងមក?
ប្រធានសមាគមអចលនទ្រព្យសកល លោក សំ សុខនឿន បាននិយាយថា ភ្នំពេញប៉ុស្តិ៍តែងស្ថិតនៅក្នុងជម្រើសរបស់សាធារណជន ជាពិសេសអ្នកនយោបាយ អ្នកជំនួញ អ្នកសិក្សា និងអ្នកស្រាវជ្រាវ ព្រោះជាសារព័ត៌មានមានក្រមសីលធម៌វិជ្ជាជីវៈ ខ្លឹមសារល្អច្បាស់លាស់ តម្លាភាព និងគណនេយ្យភាពដែលអាចទទួលបានពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។ ភ្នំពេញ ប៉ុស្តិ៍ បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការនាំដំណឹងពិតនៅក្នុងប្រទេស និងក្រៅប្រទេសទៅដល់អ្នកអានគ្រប់ស្រទាប់វណ្ណៈ។
លោកបន្តថា នៅលើឆាកអន្តរជាតិ ភ្នំពេញប៉ុស្តិ៍គឺបានរួមចំណែកយ៉ាងច្រើនក្នុងការផ្សព្វផ្សាយ ផ្តល់ព័ត៌មាន និងទាក់ទាញចំណាប់អារម្មណ៍អ្នកវិនិយោគជាច្រើនឱ្យមកបណ្តាក់ទុន និងបញ្ជាទិញទំនិញពីកម្ពុជាបានយ៉ាងច្រើន។
លោកថ្លែងថា៖ «ភ្នំពេញ ប៉ុស្តិ៍ ជានិច្ចកាលតែងតែស្ថិតក្នុងជម្រើសរបស់អ្នកអានជាតិ និងអន្តរជាតិ ពិសេសអ្នកនយោបាយ និងជំនាញអន្តរជាតិធំៗចំពោះស្ថានភាពទូទៅ និងដំណើរការសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជារយៈពេលជាង ២ ទសវត្សរ៍កន្លងមក»។
ទាក់ទងនឹងវិស័យអចលនទ្រព្យ និងសំណង់ លោក សុខនឿន បានប្រាប់ថា សម្រាប់វិស័យអចលនទ្រព្យ និងសំណង់ លោកហ៊ានអះអាងថាភ្នំពេញប៉ុស្តិ៍បានចូលរួមចំណែកច្រើនជាងគេក្នុងការផ្សព្វផ្សាយអត្ថបទល្អៗ និងរាយការណ៍ពីព័ត៌មានពិត ដែលធ្វើឱ្យអ្នកអានជាតិ និងអន្តរជាតិផ្តល់តម្លៃយ៉ាងខ្លាំង។
លោកបញ្ជាក់ថា៖ «តាមរយៈព័ត៌មានរបស់ ភ្នំពេញ ប៉ុស្តិ៍ គឺកម្ពុជាទទួលបានការចូលមកបណ្តាក់ទុនយ៉ាងច្រើនក្នុងវិស័យអចលនទ្រព្យ និងសំណង់ពីសំណាក់វិនិយោគិនអន្តរជាតិធំៗ។ វិស័យនេះគឺជាចំណែកដ៏សំខាន់ដែលបានជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា»។
ខណៈទីផ្សារអចលនទ្រព្យ និងសំណង់នៅកម្ពុជារយៈពេលជាង ៣ ឆ្នាំចុងក្រោយនេះ បានជួបនឹងបញ្ហាជាបន្តបន្ទាប់នោះ លោក សុខនឿន បានអះអាងថា៖ «ខ្ញុំមានសុទិដ្ឋិនិយមថា វិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជានឹងបោះជំហានទៅមុខលឿនក្នុងរយៈពេល ៣-៥ ឆ្នាំខាងមុខ ខណៈថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នេះ កំពុងខិតខំយ៉ាងខ្លាំងក្នុងការផ្សព្វផ្សាយ និងរៀបចំគោលនយោបាយថ្មីៗដើម្បីទាក់ទាញអ្នកវិនិយោគឱ្យមកបណ្តាក់ទុនផ្ទាល់នៅកម្ពុជាកាន់តែច្រើនលើគ្រប់វិស័យ»។
ស្ថាបនិក និងជាម្ចាស់ក្រុមហ៊ុនអចលនទ្រព្យ Keller Williams Cambodia និងក្រុមហ៊ុន Khmer Real Estate Co., Ltd លោក គីម ហ៊ាង បាននិយាយថា ភ្នំពេញប៉ុស្តិ៍ គឺជាកាសែតដ៏ល្អ និងល្បីដែលទទួលបានការគាំទ្រយ៉ាងខ្លាំងក្នុងរយៈពេលជាង ១ ទសវត្សរ៍មកនេះ ខណៈអត្ថបទរបស់សារព័ត៌មានមួយនេះសុទ្ធតែជាអត្ថបទដែលមានទម្ងន់ និងភាពច្បាស់លាស់លើផ្នែកខ្លឹមសារទាំងភាសាខ្មែរ និងភាសាអង់គ្លេស។ ភ្នំពេញ ប៉ុស្តិ៍ បានចូលរួមចំណែកយ៉ាងច្រើនក្នុងការជំរុញទីផ្សារអចលនទ្រព្យ និងសំណង់នៅកម្ពុជាឱ្យមានសម្ទុះទៅមុខយ៉ាងលឿននៅមុនឆ្នាំ ២០២០។
លោកនិយាយថា៖ «ជាមួយនឹងបទពិសោធន៍ក្នុងវិស័យអចលនទ្រព្យតាំងពីឆ្នាំ ២០០១ ខ្ញុំមើលឃើញថា ភ្នំពេញ ប៉ុស្តិ៍ គឺជាចំណែកយ៉ាងសំខាន់ក្នុងការទាក់ទាញអ្នកវិនិយោគបរទេសធំៗ ឱ្យចូលមកវិនិយោគក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។ បើនិយាយពីស្ថានភាពទូទៅនៃទីផ្សារ និងតម្លៃអចលនទ្រព្យនៅកម្ពុជាក្នុងរយៈពេលប្រហែល ១ ទសវត្សរ៍ចុងក្រោយ គឺមានកំណើនជាងទ្វេដង»។
ទាក់ទងនឹងការបិទការបោះពុម្ពផ្សាយរបស់ ភ្នំពេញ ប៉ុស្តិ៍ អតិថិជនរូបនេះលើកឡើងថា៖ «នេះជាការបាត់បង់សារព័ត៌មានមួយដ៏ល្អ និងជាការសោកស្តាយបំផុតដែលកាសែតឯករាជ្យ និងមានព័ត៌មានល្អៗដែលសរសេរដោយអ្នកជំនាញត្រូវបញ្ចប់។ ទោះយ៉ាងណានេះគឺជាការវិវឌ្ឍនៃសម័យកាលដែលកំពុងងាកទៅរកប្រព័ន្ធឌីជីថល»។
បើតាមលោក គីម ហ៊ាង នៅក្នុងប្រតិបត្តិការអាជីវកម្មរបស់លោកជាង ២០ ឆ្នាំមកនេះ គឺលោកធ្លាប់បានធ្វើការផ្សព្វផ្សាយជាហូរហែនៅលើសារព័ត៌មានភ្នំពេញប៉ុស្តិ៍ ខណៈលោកក៏បានចាត់ទុកខ្លួនឯងជាអ្នកគាំទ្រដ៏សកម្មមួយរបស់ ភ្នំពេញ ប៉ុស្តិ៍ រហូតដល់ដំណាក់កាលចុងក្រោយ។
ឯកសារថវិកាសង្ខេប ឆ្នាំ ២០២៤ (Budget in Brief Fiscal year 2024) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យដឹងថា សេដ្ឋកិច្ចប្រទេសកម្ពុជាក្នុងឆ្នាំ ២០២៤ ត្រូវបានព្យាករនឹងងើបឡើងវិញហើយរំពឹងនឹងសម្រេចបានកំណើនក្នុងរង្វង់ ៦,៦ ភាគរយ ដែលនឹងធ្វើឱ្យផលិតផលក្នុងស្រុកសរុប (ផសស) ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ ១៤ ២៩៥៧ ប៊ីលានរៀល (សមមូលនឹងប្រមាណ ៣៥ ១៦៨ លានដុល្លារអាមេរិក)។ វិស័យសំណង់ និងអចលនទ្រព្យនៅក្នុងឆ្នាំ ២០២៤ នេះរំពឹងនឹងមានភាពល្អប្រសើរជាងឆ្នាំ ២០២៣ កន្លងមក៕